ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រ​ពេញទី​រ៉ូ​អុីត​ឆាប់​មាន​បញ្ហា​មិន​ខាន បើ​នៅតែ​ធ្វើបែបនេះ​
04, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្វីត្បិតតែ​ក្រពេញ​ទី​រ៉ូ​អ៊ី​ត គឺ​តូច​ក៏ពិតមែន ប៉ុន្តែ​វា​គ្រប់គ្រង​ត្រួតពិនិត្យ​លើ​ដំណើរការ​ជាច្រើន​ក្នុង​រាងកាយ រួមទាំង​ការរំលាយ​អាហារ​ផងដែរ​។ នៅពេល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដំណើរការ​មុខងារ​មិន​ប្រក្រតី វា​អាច​បណ្ដាល​ឲ្យ​មាន​ការផលិត​អ័រម៉ូន​លើស​កម្រិត ឬ​តិចជាង​តម្រូវការ​រាងកាយ​។ ហើយ​អតុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​អាច​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​សុខភាព​ផ្សេងៗ​គួរ​ឲ្យ​ព្រួយបារម្ភ​ដូចជា ការប្រែប្រួល​ភ្លាមៗ​នៃ​ទម្ងន់ អារម្មណ៍​ប្រែប្រួល បញ្ហា​ស្បែក និង​សូម្បីតែ​ជំងឺមហារីក​សុដន់​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​អោយដឹងពី​ទម្លាប់​មួយចំនួន​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ៖

១. ស្ត្រេ​ស​រ៉ាំរ៉ៃ​

​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ជះ​ផលប៉ះពាល់​អវិជ្ជមាន​ច្រើនណាស់​លើ​រាល់​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាងកាយ រួមបញ្ចូល​ទាំង​ប្រព័ន្ធ​អង់​ដូ​គ្រី​ន​។ ប្រសិនបើ​អ្នក​តានតឹង​សឹង​គ្រប់ពេល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ឈប់​ដំណើរការ​មុខងារ​ដូច​ប្រក្រតី ហើយ​វា​នឹង​ផលិត​នូវ​អ័រម៉ូន​ច្រើន ឬ​តិចពេក​ជាមិនខាន​។ ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ទាក់ទង​ជាមួយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ស្រាប់​ហើយ​នោះ ភាព​តានតឹង​ក្នុង​អារម្មណ៍​នឹង​បណ្ដាល​ឲ្យ​កើតមាន​ភាព​ស្លន់ស្លោ ឬ​អសមត្ថភាព​ចំពោះ​ការចងចាំ​រយៈពេល​យូរ​ថែមទៀត​មិន​ខាន​។ កង្វះ​នៃ​ការ​គេង និង​ការងារ​ដែល​ពោរពេញ​ដោយ​ភាព​តានតឹង ក៏​ជា​កត្តា​បង្ក​ហានិភ័យ​ខ្ពស់​ផងដែរ​។ ដូច្នេះ​ចូរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ធ្វើ​លំ​ហាត់ប្រាណ ឬ​ទៅ​ជួប​ជាមួយ​ពេទ្យ​ចិត្តសាស្ត្រ ដើម្បី​ដោះស្រាយ​បញ្ហា​ស្ត្រេ​ស​។

២. ទទួលទាន​ផ្សំ​ឡើង​ពី​សណ្ដែកសៀង​ច្រើនពេក​

​បើទោះជា​ស​ណ្ដែ​ង​សៀង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន និង​សារធាតុចិញ្ចឹម​ល្អៗ​សម្រាប់​រាងកាយ​ក៏ពិតមែន ប៉ុន្តែ​ការទទួល​ទាន​ផលិតផល​ផ្សំ​ឡើង​ពី​សណ្ដែកសៀង​ច្រើនពេក គឺ​មិន​ផ្ដល់​ផល​ល្អ​សោះឡើយ​ចំពោះ​សុខភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។ សណ្ដែកសៀង​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដំណើរការ​យឺត​ខុសពី​ធម្មតា​។ នៅពេល​អ្នក​ទទួលទាន​ផលិតផល​ផ្សំ​ពី​សណ្ដែកសៀង​ច្រើនពេក ក្រ​ពេញទី​រ៉ូ​អ៊ី​ត​មិនអាច​ស្រូបយក​អ៊ីយ៉ូត​បាន​គ្រប់គ្រាន់​ឡើយ ជាហេតុ​បណ្ដាល​ឲ្យ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដំណើរការ​មុខងារ​ខុស​ប្រក្រតី​។​

៣. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​

​នោះ​ក៏​ព្រោះតែ​គ្រឿង​ស្រវឹង​អាច​ជះឥទ្ធិពល​ដល់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ក្នុងការ​ប្រើប្រាស់​និង​ស្រូបយក​អ៊ីយ៉ូដ​ពី​ក្នុង​អាហារ​។​

៤. ជក់បារី​

​ការជក់បារី គឺ​មិន​ត្រឹមតែ​ផ្ដល់​ផលប៉ះពាល់​ដល់​សួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បង្ក​បញ្ហា​ចំពោះ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ផងដែរ​។ សារធាតុ Tobacco ដែលមាន​ក្នុង​បារី​ធ្វើ​ឲ្យ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ផលិត​អ័រម៉ូន​កាន់តែ​ច្រើនឡើងៗ ជាហេតុ​នាំ​ឲ្យ​កើតមាន​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។​

៥. ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​

​កាហ្វេ​និង​តែមាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​បង្កើន​បរិមាណ​អ័រម៉ូន​ស្ត្រេ​ស cortisol ក្នុង​រាងកាយ​នៅពេល​ទទួល​ច្រើន​លើស​កម្រិត​។ ហើយ​អ័រម៉ូន​ស្ត្រេ​ស​នេះ​បង្ក​ផលប៉ះពាល់​លើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង​ការរំលាយ​អាហារ​។ ដូច្នេះ​អ្នក​មិនគួរ​ទទួលទាន​ភេសជ្ជៈ ឬ​អាហារ​ដែលមាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com