ប្រធាន គ​.​ជ​.​ប ប្រាប់​ប្រតិភូ​អាមេរិក​ថា​៖ «​បើ​ខ្ញុំ​អនុវត្តតាម​ស្ដង់ដារ​មិនបាន ខ្ញុំ​សុខចិត្ត​ដើរចេញ​»
ជាតិ
ប្រធាន គ​.​ជ​.​ប ប្រាប់​ប្រតិភូ​អាមេរិក​ថា​៖ «​បើ​ខ្ញុំ​អនុវត្តតាម​ស្ដង់ដារ​មិនបាន ខ្ញុំ​សុខចិត្ត​ដើរចេញ​»
03, Oct 2019 , 11:59 am        
រូបភាព
រូបពីហ្វេសប៊ុកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
រូបពីហ្វេសប៊ុកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
​ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្ដេជ្ញា​អនុវត្ត​ការងារ​តាមបែប​វិជ្ជាជីវៈ ឱ្យស្រប​តាម​ស្ដង់ដារ​សាកល ដើម្បី​ធានា​ភាព​អ​ព្យា​ក្រឹត្យ និង​ឯករាជ្យ ក្នុង​ដំណើរការ​បោះឆ្នោត ។ ហើយ​បើ​ស្ថាប័ន​បោះឆ្នោត​មួយ​នេះ ដើរ​ខុស​គោលការណ៍​ដែល​ខ្លួន​បានកំណត់​នោះ ប្រធាន​គ​.​ជ​.​ប​រូបនេះ នឹង​ចុះ​ចេញពី​តួនាទី​។



«​ក្នុងការ​ដឹកនាំ​របស់​ខ្ញុំ ខ្ញុំ​ត្រូវអនុវត្ត​ឱ្យខាងតែបាន​ការគោរព​ច្បាប់ រដ្ឋធម្មនុញ្ញ គោលការណ៍​ដែល​ខ្ញុំ​បាន​ជម្រាបជូន​ខាងលើ ក្នុងនោះ​មាន​ឯករាជ្យ និង​តម្លាភាព​»​។ នេះ​ជាការ​អះអាង​របស់លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប នៅ​ចំពោះមុខ​លោក ប៊ិន ស្ត្រា​មែន តំណាង​ប្រតិភូ​ក្រុមប្រឹក្សា​អ្នកដឹកនាំ​វ័យក្មេង​មកពី​សហរដ្ឋអាមេរិក (ACYPL) កាលពី​ថ្ងៃទី​១ តុលា​។​

​លោក ស៊ិ​ក ប៊ុន​ហុក រៀបរាប់​ប្រាប់​ប្រតិភូ​អាមេរិក​ទៀតថា ចាប់តាំងពី​លោក ទទួលបាន​តួនាទី​ជា​ប្រធាន​គ​.​ជ​.​ប តាមរយៈ​ការផ្ដល់​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា កាលពី​ឆ្នាំ​២០១៥​មក លោក​បាន​ស្រាវជ្រាវ​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ក្នុង​ពិភពលោក មុន​ឈានដល់​ការដាក់ចេញ​គោលការណ៍​៧ ចំណុច ដោយ​ក្នុងនោះ​រួមមាន​៖ ឯករាជ្យភាព​,  អ​ព្យា​ក្រឹត្យ​ភាព​, សុចរិត​ភាព ,​តម្លាភាព ,​ប្រសិទ្ធភាព ,​វិជ្ជាជីវៈ និង​ភាពជា​អ្នកបម្រើ​សេវា​។ ប៉ុន្តែ​បើសិនជា​ការអនុវត្ត មិន​ស្របតាម​គោលការណ៍​កំណត់​របស់​ខ្លួន​ទេនោះ ប្រធាន​គ​.​ជ​.​ប​រូបនេះ អះអាងថា លោក​នឹង​ចុះ​ចេញពី​តួនាទី ។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប ដែល​បាន​ស្រង់​សម្តី​លោក ស៊ិ​ក ប៊ុន​ហុក ក្នុងជំនួប​ជាមួយ​ប្រតិភូ​អាមេរិក មក​សរសេរ​ដូច្នេះ​ថា​៖«​ស្ដង់ដារ​៣​សំខាន់ ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត ដែល​ទាំងអស់គ្នា​អាច​ទទួលយកបាន គឺ​ត្រូវអនុវត្ត​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ការបំពេញភារកិច្ច​ប្រកបដោយ​វិជ្ជាជីវៈ និង​តម្លាភាព​ការងារ​។ ចំណុច​ទាំង​៣​នេះ ជា​ស្ដង់ដារ​សាកល ដែល​គ្មាន​នរណាម្នាក់​បដិសេធ​ទេ ហើយ​បើ​ខ្ញុំ​អនុវត្ត​មិនបាន ខ្ញុំ​សុខចិត្ត​ដើរ​ចេញពី​កន្លែង​នេះ​»​។​

​អះអាង​ជំហរ​ខ្លួន​បែបនេះហើយ លោក ស៊ិ​ក ប៊ុន​ហុក ក៏​ឆ្លៀត​ប្រាប់​ទៅ​លោក ប៊ិន ស្ត្រា​មែន តំណាង​ប្រតិភូ​ក្រុមប្រឹក្សា​អ្នកដឹកនាំ​វ័យក្មេង​អាមេរិក ក្នុងន័យ​ថា កម្ពុជា​ចង់​រស់នៅក្នុង​សុខសន្តិភាព​។ «​ទុកឱ្យ​យើងខ្ញុំ​រស់នៅក្នុង​សុខសន្តិភាព​ដោយ​ឈរលើ​គោលការណ៍​នីតិរដ្ឋ ហើយ​បើ​អនុវត្ត​យ៉ាង​ដូច្នេះ​បាន សន្តិភាព​នឹង​កើតមាន​ពាសពេញ​ពិភពលោក​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន គ​.​ជ​.​ប​។​

​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ឆ្នាំ​២០១៨ កន្លងមក មាន​ប្រជាពលរដ្ឋ​ជាង ៨,៣ លាន​នាក់ ជាង៨៣ ភាគរយ ក្នុងចំណោម​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ជិត​១០​លាន​នាក់ ដែល​បាន​ចេញទៅ​បោះឆ្នោត ។ តួលេខ​អ្នក​ចេញទៅ​បោះឆ្នោត​នេះ មានការ​កើនឡើង​បើ​ធៀប ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ ដែលមាន​អ្នក​ទៅ​បោះ​ចំនួន ៦, ៧៣៥ ,២៤៤​នាក់ ស្មើនឹង​៦៩,៧១​ភាគរយ ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី ៩ ,៨៧៥ ,៤៥៣​នាក់​។​

​ក្នុង​ដំណើរការ​បោះឆ្នោត ក៏មាន​បណ្ដឹងតវ៉ា​ខ្លះ​ពី​គណបក្ស​ដែល​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ដែរ ប៉ុន្តែ​បណ្ដឹង​ទាំងនោះ បាន​ដោះស្រាយ​ទៅវិញ មុននឹង​លទ្ធផល​ជា​ផ្លូវការ ប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ទាំង​១២៥ នៅក្នុង​រដ្ឋសភា​។​

​អន្តរជាតិ ហាក់​មិន​ពេញចិត្ត​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា ក្នុង​អាណត្តិ​ទី​៦ កាលពី​ឆ្នាំ​២០១៨​ឡើយ​។ មិន​ពេញចិត្ត ក៏​ព្រោះតែ​ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៦ គ្មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រជែង ដោយសារតែ​ត្រូវបាន​តុលាការ​រំលាយ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧ មុន​ការបោះឆ្នោត​មកដល់​។ អន្តរជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់​នៅ​គ្រានោះ ដោយ​ចាត់ទុក​ការបោះឆ្នោត​នេះ មិនបាន​ឆ្លុះបញ្ចាំង និង​បង្ហាញ​ពី​ឆន្ទៈ​ពលរដ្ឋ ដែល​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។​

​ផ្ទុយ​ពី​ការគិត​របស់​អន្តរជាតិ​នេះ ប្រធាន និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចេញ​បកស្រាយ​ជា​បន្តបន្ទាប់​វិញ​ថា ការរំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដែល​មិនអាច​យក​បញ្ហា​នេះ មក​ផ្សាភ្ជាប់​ជាមួយ​គ​.​ជ​.​ប ដែលជា​ស្ថាប័ន​រៀបចំ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​បានទេ​។ សម្រាប់​គ​.​ជ​.​ប តួលេខ​៨៦, ២៨ ភាគរយ នៃ​ចំនួន​អ្នកបោះឆ្នោត​នេះ គឺ​បង្ហាញ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ហើយ​៕


Tag:
 ស៊ិ​ក ប៊ុន​ហុក​
  គ​.​ជ​.​ប​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com