អន្តរជាតិ
អង់គ្លេស បញ្ចេញ​សំណើ Brexit ថ្មី ខណៈ​កាលបរិច្ឆេទ​ចាក​ចេញពី​អឺរ៉ុប​ខិត​កាន់តែ​កៀក​
03, Oct 2019 , 2:43 pm        
រូបភាព
​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី បូរី​ស ច​ន​សុន នៅ​ថ្ងៃទី​២ ខែតុលា បាន​បញ្ចេញ​សំណើ​ថ្មី​មួយ​ដើម្បី​យកទៅ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប សំដៅ​បង្កើត​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ការបញ្ចប់​សមាជិកភាព​របស់ខ្លួន​។ ខណៈ​កាលបរិច្ឆេទ​ចាកចេញ​នៅ​ថ្ងៃទី​៣១ ខែតុលា នៅសល់​មិនយូរ​ទៀត លោក ច​ន​សុន អះអាងថា សំណើ​ថ្មី​នេះ ជា​សំណើ​ចុងក្រោយ​ហើយ បើ​មេដឹកនាំ​អឺរ៉ុប មិន​ព្រម​ទទួលយក​ទេនោះ អង់គ្លេស​នឹង​ដើរ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​តែម្ដង​។​



​នាយករដ្ឋមន្ត្រី បូរី​ស ច​ន​សុន ដែល​ប្រឈមមុខ​ស​ម្ពា​ឌ​ខ្លាំង​ពី​ស្ថានភាព​នយោបាយ​ក្នុងស្រុក បានបង្ហាញ​សំណើ Brexit ថ្មី​មួយ ទុក​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​។ ទាំង​អង់គ្លេស ទាំង​អឺរ៉ុប នៅសល់​ពេល​មិន​ច្រើន​ឡើយ​សម្រាប់​ការចរចា​ឲ្យ​បាន​កិច្ចព្រមព្រៀង​ដើម្បី​បញ្ចៀស​មហន្តរាយ​សេដ្ឋកិច្ច ក្នុងករណី​ចក្រភព​អង់គ្លេស​ចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​នៅ​ថ្ងៃទី​៣១ ខែតុលា​តាម​ការចង់បាន​របស់​លោក ច​ន​សុន នោះ​។ 

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​សំណើ​ថ្មី គឺ​ការកំណត់​ព្រំដែន​ជាមួយ​អៀរ​ឡង់ និង​ពន្ធគយ​លើ​លំហូរ​ទំនិញ​ចេញចូល​។ បញ្ហា​នេះ ជា​រឿង​រសើប និង​ចម្រូងចម្រាស​បំផុត​ក្នុង​ការចរចា​រវាងរ​ដ្ឋា​ភិ​បាល​ក្រុង​ឡុង​ដ៍ និង​រដ្ឋសភា​។ លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ សុខចិត្ត​លាលែង​ពី​តំណែង​ដោយ​តែ​រឿងនេះ បន្ទាប់ពី​ត្រូវបាន​សភា​បដិសេធ​សំណើ​របស់​រដ្ឋាភិបាល​លោកស្រី​ដល់​ទៅ​បី​លើក​។​

​ក្នុង​កិច្ចព្រមព្រៀង​ចាស់ ព្រំដែន​រវាង​អៀរ​ឡង់​ខាងជើង ដែលជា​អាណាខេត្ត​របស់​ចក្រភព​អង់គ្លេស និង​អៀរ​ឡង់​ដែលជា​សមាជិក​អឺរ៉ុប នឹង​នៅតែ​ចំហ​ដដែល​ក្រោយ​អង់គ្លេស​ចេញពី​អឺរ៉ុប​។ ការណ៍​នេះ ធ្វើ​ឲ្យ​ក្រុម​ដែល​គាំទ្រ​ការចាកចេញ​បារម្ភ​ថា អង់គ្លេស​នឹង​បន្ត​ជំពាក់​វា​ក់វិន​ជាមួយ​អឺរ៉ុប​រឿង​ពន្ធគយ​មិន​ខាន​។ ប៉ុន្តែ​ក្នុង​សំណើ​របស់លោក ច​ន​សុន អៀរ​ឡង់​ខាងជើង អាច​បន្ត​អនុវត្តតាម​បញ្ញត្តិ​ពន្ធគយ​របស់​អឺរ៉ុប​បួន​ឆ្នាំ​ទៀត មុននឹង​មានការ​សម្រេច​ចិត្ត​ជាថ្មី​។​

​ក្នុង​សន្និបាត​បក្ស​អភិរក្ស​នៅ​ថ្ងៃទី​២ ខែតុលា លោក ច​ន​សុន និយាយថា អង់គ្លេស និង​អឺរ៉ុប​មាន​ពេល​ដល់​ថ្ងៃទី​១១ ខែតុលា​ដើម្បី​ចរចា មុន​ដាក់​កិច្ចព្រមព្រៀង​ឆ្លង​កិច្ចប្រជុំ​កំពូល​អឺរ៉ុប​នៅ​ថ្ងៃទី​១៧-១៨ ខែតុលា​។ ឆ្លង​អឺរ៉ុប​រួចរាល់ រដ្ឋាភិបាល​អង់គ្លេស នឹង​យក​កិច្ចព្រមព្រៀង​ថ្មី​ទៅ​ឲ្យ​រដ្ឋសភា​អនុម័ត​ម្ដងទៀត​។ នាយករដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ ព្រមាន​ទុក​មុន​ថា សំណើ​ថ្មី​របស់លោក ជា​ករណី​ចុងក្រោយ ហើយ​បើ​អឺរ៉ុប​មិន​ព្រម​តាម​ទេ គឺ​ចប់​ហើយ​។​

​យ៉ាងណាមិញ គ្រាន់តែ​ឃើញ​សំណើ​អង់គ្លេស​ភា្ល​ម អឺរ៉ុប​ឯណោះ​ហាក់​មិន​ពេញចិត្ត​ទៅហើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធាន​គណៈកម្មការ​អឺរ៉ុប ហ្ស​ង់​-​ក្លូដ ចាំង​គើ បាន​ប្រា​ប់លោក ច​ន​សុន តាម​ទូរ​សព្ទ​ថា មាន​បញ្ហាសំខាន់ៗ​ច្រើន​ទៀត​ដែល​ត្រូវ​ជជែក​គ្នា​។ ចំណែក​ប្រធាន​ក្រុម Brexit សភា​អឺរ៉ុប លោក Guy Verhofstadt ជឿថា សំណើ​នេះ មិនបាន​បង្ហាញ​ពី​ការចង់បាន​របស់​អង់គ្លេស​ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង តែ​ជាការ​ប៉ុនប៉ង​ទម្លាក់​ការទទួលខុសត្រូវ​លើ​អឺរ៉ុប បើ​ការចរចា​បរាជ័យ​។​

​ជាមួយនឹង​ការដាក់សំណើ​ទៅកាន់​អឺរ៉ុប រដ្ឋាភិបាល​លោក ច​ន​សុន ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​ទៀត គឺ​រដ្ឋសភា​។ រដ្ឋសភា​អង់គ្លេស ទើប​អនុម័ត​ច្បាប់​ដែល​បង្ខំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី សុំ​ពន្យារពេល​ចាកចេញ បើ​មិន​អាចមាន​កិច្ចព្រមព្រៀង​ណាមួយ​ទាន់​ពេលនោះ​។ លោក ច​ន​សុន ដែល​ជំទាស់​ច្បាប់​នេះ​ដាច់​ណាត់ បន្ត​ប្រកាន់​ជំហរ​ចាកចេញ​នៅ​ថ្ងៃទី​៣១ ខែតុលា​ដដែល​។ រដ្ឋមន្ត្រីការបរទេស Dominic Raab ប្រាប់​សភា​ថា រដ្ឋាភិបាល​គោរព​ច្បាប់ តែ​ក៏​មិន​បន្ត​អូសបន្លាយ​ទៀត​ដែរ​៕

Tag:
 អង់គ្លេស​
  Brexit
  អឺរ៉ុប​
  បូរី​ស ច​ន​សុន
© រក្សាសិទ្ធិដោយ thmeythmey.com