កម្ពុជា ប្រាប់​ថៃ​ថា «​លោក សម រង្ស៊ី ឆ្លង​ផុត​បន្ទាត់​ក្រហម មិនអាច​លើកលែង​ឡើយ​»
ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ប្រាប់​ថៃ​ថា «​លោក សម រង្ស៊ី ឆ្លង​ផុត​បន្ទាត់​ក្រហម មិនអាច​លើកលែង​ឡើយ​»
03, Oct 2019 , 7:39 pm        
រូបភាព
ជំនួបរវាងលោក វង្ស ពិសេន និង មន្រ្តីការទូតយោធាថៃ (រូបពីក្រសួងការពារជាតិ)
ជំនួបរវាងលោក វង្ស ពិសេន និង មន្រ្តីការទូតយោធាថៃ (រូបពីក្រសួងការពារជាតិ)
ដោយ: ថ្មីៗ
​អំពើ​របស់លោក សម រង្ស៊ី ដែល​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា គឺ​មិនអាច​លើកលែង​ឲ្យ​បានឡើយ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា លើកឡើង​ដូច្នេះ ក្នុងជំនួប​ជាមួយ​វរសេនីយ៍ឯក Sarayuth Bunchheur អនុព័ន្ធយោធា​កងទ័ព​ជើងគោក​នៃ​កងទ័ព​ភូមិន្ទ​ថៃ និង វរ​នា​វី​ឯក Chaktourong Diphingtun អនុព័ន្ធយោធា​កងទ័ព​ជើង​ទឹក នៃ​កងទ័ព​ភូមិន្ទ​ថៃ​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩​។​



​គេហទំព័រ​ក្រសួងការពារជាតិ បាន​ស្រង់​សម្តី​របស់លោក វង្ស ពិ​សេន ទៅ​ចុះផ្សាយ​ថា​៖«​ទណ្ឌិត សម រង្ស៊ី បាន​ដើរ​ឆ្លង​ផុត​បន្ទាត់​ក្រហម​នៃ​លទ្ធិប្រជាធិបតេយ្យ​ហើយ ហើយ​មួយទៀត​លើ​ផ្នែក​នយោបាយ ទណ្ឌិត សម រង្ស៊ី កំពុង​បង្ហាញ​ធាតុពិត ក្នុងការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដើម្បី​ផ្ដួលរំលំ​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ ដែលជា​អ្នកទោស​ក្បត់ជាតិ មិនអាច​លើកលែង​បានឡើយ​។ អ្នកពាក់ព័ន្ធ ក៍​ត្រូវ​មានទោស​ទៅតាម​ច្បាប់​របស់​កម្ពុជា​ដូចគ្នា​»​។

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​កន្លងមក​ថា រដ្ឋាភិបាល​ឡាវ និង រដ្ឋាភិបាល​ថៃ បានទទួល​រួចហើយ​នូវ​ដីកា​ចាប់​លោក សម រង្ស៊ី​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា អះអាងថា កម្ពុជា នឹង​បញ្ជូន​ដីកា​នេះ ទៅកាន់​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេងទៀត ក្នុង​តំបន់​អាស៊ាន​។​

​ក្រៅពី​រដ្ឋាភិបាល​ឡាវ និង រដ្ឋាភិបាល​ថៃ គេ មិនទាន់​ដឹង​នោះទេ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ណាខ្លះ​ទៀត ដែល​ទទួលបាន​ដីកា​ពី​រដ្ឋាភិបាល​កម្ពុជា​។ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩​ថា លោក ក៏​មិនទាន់​ទទួលបាន​ព័ត៌មាន​ដែរ ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ដីកា​នេះ ដោយ​លោក រុញ​ឲ្យ​ទៅ​សួរ​ក្រសួងការបរទេស​។ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​ពី​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ឡើយ ដោយ​ហៅ​ទូរស័ព្ទ​មិន​ចូល​។

​ក្នុង​សន្និសីទកាសែត នៅឯ​អង្គការសហប្រជាជាតិ​នាពេល​ថ្មីៗ​នេះ លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ឆ្លើយ​ទៅ VOA ថា រដ្ឋាភិបាល​របស់លោក មិនទាន់​ទទួលបាន​ដីកា​ចាប់​លោក សម រង្ស៊ី ពី​រដ្ឋាភិបាល​កម្ពុជា​នោះទេ​។ លោក ប្រាប់ទៀតថា រដ្ឋាភិបាល​របស់លោក នឹងមិន​ជ្រែ​ត​ជ្រៀត​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​។ 

​ក្រៅពី​រឿង​លោក សម រង្ស៊ី លោក វង្ស ពិ​សេន ក៏បាន​និយាយ​អំពី​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ថៃ​ផងដែរ​។ លើសពីនេះ លោក បាន​អរគុណ​ភាគី​ថៃ តាមរយៈ​លោក​អនុព័ន្ធយោធា​កងទ័ព​ទាំងពីរ ដែល​កន្លងមក បាន​ទទួលយក​សិក្ខាកាម​កម្ពុជា ទៅ​បណ្ដុះបណ្ដាល​លើ​ជំនាញ​ប្រឆាំង​ភេរវកម្ម​។

​ក្រសួងការពារជាតិ​ក​ម្ពុ​ជា ពុំបាន​សរសេរ​ពី​ការឆ្លើយតប​របស់លោក​អនុព័ន្ធយោធា​កងទ័ព​ថៃ​ទាំងពីរ​នាក់​នោះទេ ចំពោះ​បញ្ហា​របស់លោក សម រង្ស៊ី​។ បើតាម​ក្រសួងការពារជាតិ​កម្ពុជា លោក Sarayuth Bunchheur អំណរគុណ​ភាគី​កម្ពុជា​វិញ ដែល​កម្ពុជា បានផ្ដល់​គ្រប់​លទ្ធភាព ដល់​លោក​ទាំងពីរ ក្នុងការ​បំពេញការងា​រ​ការទូត សម្រាប់​អាណត្តិ​ការទូត​យោធា​របស់​ពួកលោក​ប្រចាំ​កម្ពុជា​។ លោក​ទាំងពីរ ចូលជួប​អគ្គមេបញ្ជាការ​កម្ពុជា ដើម្បី​ជម្រាបលា បន្ទាប់ពី​លោក​ទាំងពីរ ត្រូវ​ចប់​អាណត្តិ​ការទូត​យោធា​នៅ​កម្ពុជា​៕

Tag:
 សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com