ជាតិ
កម្ពុជានាំចេញកសិផលជាង៣លានតោន ខណៈអង្ករនាំចេញក្រៅផ្លូវការជាង១,៦លានតោន
× ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញកសិផលជាង៣លានតោន រួមទាំងអង្ករនាំចេញក្រៅផ្លូវការជាង១,៦លានតោន។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រដ្ឋមន្រី្តក្រសួងកសិកម្មលោក វេង សាខុន បានចេញផ្សាយរបាយការណ៍នៅហ្វេសប៊ុកខ្លួនថា ក្នុងចំណោមកសិផលជាង៣លានតោន គឺមានអង្ករនាំចេញជាផ្លូវការ ជាង៤សែនតោន។ អង្ករទាំងនេះ បាននាំចេញទៅប្រទេសចិន ជិត១៦ម៉ឺនតោន, អឺរ៉ុបជាង១៣ម៉ឺនតោន, អាស៊ានជាង៥ម៉ឺនតោន និងនាំចេញទៅទិសដៅផ្សេងទៀតជាង៥ម៉ឺនតោន។
ក្រៅពីអង្ករនាំចេញផ្លូវការនេះ ក៏មានអង្ករនាំចេញក្រៅច្រកចេញចូលតែមួយមានជាង១,៦លានតោនដែរ។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម កសិផលនាំចេញផ្លូវការរួមមាន ដំឡូងមី ស្រស់ ក្រៀម និងម្សៅជាង២លានតោន គ្រាប់ស្វាយចន្ទីជាង១៦ម៉ឺនតោន គ្រាប់ពោតជាង១១ម៉ឺនតោន ចេកជាង១០ម៉ឺនតោន និងផ្លែស្វាយជិត៤ម៉ឺនតោន។ ក្រៅពីនេះ កម្ពុជាបាននាំចេញដំណាំផ្សេងៗទៀតជាង២សែនតោន។
កសិផលរបស់កម្ពុជាបាននាំចេញទៅកាន់ ចិន សហគមន៍អឺរ៉ុប វៀតណាម ថៃ កូរ៉េ ឥណ្ឌា អូស្ត្រាលី អារ៉ាប៊ីសាអូឌីត ឆេក រុស្ស៊ី និងប្រទេសមួយចំនួនទៀត។ នេះជាការបញ្ជាក់របស់ក្រសួងកសិកម្ម៕
Tag:
កសិកម្ម
កសិផល
ការនាំចេញ
© រក្សាសិទ្ធិដោយ thmeythmey.com