អន្តរជាតិ
WTO បើកផ្លូវ​ឲ្យ​អាមេរិក​ដំឡើង​ពន្ធ​លើ EU ចំនួន​៧,៥​ពាន់​លាន​ដុល្លារ​
03, Oct 2019 , 9:59 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ដោយ:
​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បានផ្តល់​ភ្លើង​បៃតង​ដល់​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ដំឡើង​ពន្ធ​ប្រចាំឆ្នាំ​លើ​ទំនិញ​របស់​សហភាព​អឺរ៉ុប​ក្នុង​ទំហំ​ទឹកប្រាក់ ៧,៥​ពាន់​លាន​ដុល្លារ​។ ទង្វើ​នេះ គឺជា​ការ​វាយបក​លើ​ប្លុក​សេដ្ឋកិច្ច​នេះ ដែល​ហ៊ាន​គាំទ្រ​ដោយ​ខុសច្បាប់​លើ​ក្រុមហ៊ុន Airbus ។



​សេចក្តីសម្រេច​នេះ គឺជា​ជោគជ័យ​ដ៏​ធំ​ក្នុង​ប្រវត្តិសាស្ត្រ WTO និង​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​សមរភូមិ​រវាង​ក្រុមហ៊ុន​ផលិត​យន្តហោះ​យក្ស Airbus របស់​សហភាព​អឺរ៉ុប (EU) និង Boeing របស់​អាមេរិក​។ សំណុំរឿង​នេះហើយ គំរាមកំហែង​ដល់​ទំនាក់ទំនង​ដែល​កំពុង​តានតឹង​ស្រាប់​រវាង​សហរដ្ឋអាមេរិក និង​ប្លុក EU ។​

​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សាទរ​ចំពោះ​សេចក្តីសម្រេច​នេះ ដោយ​ចាត់ទុកជា «​ជោគជ័យ​ដ៏​ធំធេង​» សម្រាប់​សហរដ្ឋអាមេរិក ហើយ​ថែមទាំង​ទារ​យកគុណ​សម្បត្តិ​សម្រាប់​លទ្ធផល​នៃ​រឿងក្តី​អាយុកាល ១៥​ឆ្នាំនេះ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មេដឹកនាំ​វ័យ​៧៣​ឆ្នាំ​រូបនេះ បញ្ជាក់​បែបនេះ​៖«​យើង​មានជ័យ​ជម្នះ​ច្រើន​នៅ​អង្គការ WTO​។ បណ្តា​ប្រទេស​ទាំងអស់នោះ [EU] ឆបោក​សហរដ្ឋអាមេរិក​រាប់​ឆ្នាំ​»​។

​ភ្លាមៗ សហភាព​អឺរ៉ុប តាមរយៈ​សេចក្តីថ្លែងការណ៍ បាន​គំរាម​ឆ្លើយតប​នឹង​ចំណាត់ការ​របស់​ក្រុង​វ៉ាស៊ីនតោន​។ ក្រុង​ព្រុ​ច​សែ​ល បញ្ជាក់​ឲ្យ​ដឹង​បែបនេះ​ថា ប្រសិនបើ​សហរដ្ឋអាមេរិក សម្រេចចិត្ត​ដាក់ចេញ​ចំណាត់ការ​វាយបក​ដែល​អនុញ្ញាត​ដោយ​អង្គការ WTO នោះ សហភាព​អឺរ៉ុប​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​បង្ខំចិត្ត​ធ្វើ​ដូចគ្នា​ទេ​។

​រឿងក្តី​នេះ បានចាប់ផ្តើម​ក្នុង​ឆ្នាំ​២០០៤​។ ពេលនោះ ក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់​ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ ថា​បាន​ផ្តល់ជំនួយ​ខុស​គោលការណ៍​ពាណិជ្ជកម្ម​សេរី និង​ផ្តល់​ការគាំទ្រ​លើ​ផលិតកម្ម​របស់​ក្រុមហ៊ុន Airbus ។

​យ៉ាងណាមិញ ក្រុង​ព្រុ​ច​សែ​ល ឆាប់ៗ​ខាងមុខ ក៏​នឹង​បានទទួល​ឱកាស​ដំឡើង​ពន្ធ​ដែល​អនុញ្ញាត​ដោយ​អង្គការ WTO ដូចគ្នា​ទៅលើ​សហរដ្ឋអាមេរិក​។ ក្នុង​រឿងក្តី​ដាច់ដោយឡែក​មួយ​ដែល​ផ្តើម​ក្នុង​ឆ្នាំ​២០០៥ ប្លុក EU បាន​ចោទ​ក្រុមហ៊ុន​អាមេរិក Boeing ថា​បានទទួល​ជំនួយ​ដែល​ហាមឃាត់ ក្នុង​ទំហំ​ទឹកប្រាក់ ១៩,១​ពាន់​លាន​ដុល្លារ ចន្លោះ​ឆ្នាំ ១៩៨៩-២០០៦ ពី​ស្ថាប័ន​ជាច្រើន​របស់​រដ្ឋាភិបាល​អាមេរិក​។

​ក្រោយពី​ឆ្លងកាត់​ការជំនុំជម្រះ​ជាច្រើនលើក និង​ទទួលបាន​ជោគជ័យ​មិនតិច​ផង​នោះ អឺរ៉ុប បានស្នើ​ឲ្យ​អាជ្ញាកណ្តាល WTO បើកផ្លូវ​ឲ្យ​ខ្លួន​ដំឡើង​ពន្ធ​វាយបក​លើ​ទំនិញ​អាមេរិក តម្លៃ ១២​ពាន់​លាន​ដុល្លារ​។ ទោះជា​បែបនេះ​ក្តី អ្នកជំនាញ​យល់ឃើញថា អង្គការ WTO ទំនងជា​សម្រេច​បន្ទាប​តួលេខ​នេះ ខណៈ​ការសម្រេច​ចុងក្រោយ​រំពឹង​ធ្វើឡើង​ក្នុងពេល​៦​ខែ​៕

Tag:
 WTP
  សហរដ្ឋអាមេរិក​
  សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com