ONE Championship
កីឡាជាតិ
ជាតិ
ខូវ វិ​វ​ឌ្ឍ​នា​៖ «H/Art Jiu Jitsu ជា​ក្លិប​បំផុស​ចលនា​កីឡា​ជី​ជិត​ស៊ូ​នាំមុខគេ​នៅ​កម្ពុជា​»
03, Oct 2019 , 10:19 pm        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​ក្លិប H/Art Jiu Jitsu ត្រូវបាន​បង្កើតឡើង​នៅ​ខែ កក្កដា ឆ្នាំ ២០១៦ ដែល​អាច​និយាយបានថា​ជា​ក្លិប​កីឡា​ជី​ជិត​ស៊ូ​ល្អ​បំផុត​មួយ​នៅ​ប្រទេស​កម្ពុជា​ត្រឹម​រយៈពេល​ដ៏​ខ្លី​។ ក្លិប​នេះ​មាន​កីឡាករ​អាជីព​ដែល​ត្រូវបាន​គេ​ចាត់ថ្នាក់​ល្អៗ​លំដាប់​តំបន់​អាស៊ីអាគ្នេយ៍ និង រួមចំណែក​បណ្ដុះបណ្ដាល​កីឡាករ​គុន​ចម្រុះ​បាន​យ៉ាង​ល្អ​។ នេះ​ជាការ​លើកឡើង​របស់ លោក ខូវ វិ​វ​ឌ្ឍ​នា គ្រូបង្វឹក​ប្រចាំ​ក្លិប H/Art Jiu Jitsu និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ជី​ជិត​ស៊ូ​កម្ពុជា​។


 
​គ្រូបង្វឹក​រៀបរាប់ថា ជី​ជិត​ស៊ូ កំពុង​ពេញនិយម​សម្រាប់​ជនបរទេស​ដែល​ពួកគេ​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​ការហ្វឹកហាត់​ក្បាច់គុន​មួយ​នេះ​។ ក្នុង​ឆ្នាំ ២០១៩ សាលា​ចំនួន​ពីរបាន​បង្កើត​ឲ្យ​មានការ​ហ្វឹកហាត់​ក្បាច់គុន​ជី​ជិត​ស៊ូ​នៅ​ភ្នំពេញ ដែល​នេះ​ជា​សញ្ញាណ​មួយ​នៃ​ភាព​រីកចម្រើន​បន្តបន្ទាប់​ក្រោយពី​ក្លិប​H/Art Jiu Jitsu​។ យ៉ាងណាក្ដី​លោក​អង្កេត​ឃើញថា យុវជន​កម្ពុជា​មិនទាន់​ផុសផុល​ក្នុង​ការហាត់​ក្បាច់គុន​មួយ​នេះ​ទេ​។



​ប៉ុន្តែ​អ្វីដែល​មានការ​ចាប់អារម្មណ៍​ក្រៅពី H/Art Jiu Jitsu  សហព័ន្ធ​ទទួលស្គាល់ថា​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​កុមារៗ​ក្នុង​រយៈពេល ១ ឆ្នាំកន្លះ​មកនេះ​។ គ្រូបង្វឹក​ដដែល​គូសបញ្ជាក់ថា​៖«​ថ្មីៗ​នេះ​យើង​បានរៀបចំ​ការប្រកួត​សម្រាប់​ក្មេងៗ​នៅ​ក្រុងភ្នំពេញ​។ ការប្រកួត​នោះ​មាន​ឈ្មោះថា AOKAS CUP 2019 ដែលមាន​ការចូលរួម​ពី​កុមារា និង កុមារី​រហូតដល់ ៧០ នាក់​។ នេះ​ជាការ​ប្រកួត​មិន​ធ្លាប់មាន​ពីមុនមក​។ ពូកគេ​ទាំងអស់​សុទ្ធតែ ទទួលបាន​ការហ្វឹកហាត់​ពី​ក្លិប H/Art Jiu Jitsu ក្រោម​ការផ្ដួចផ្ដើម​ពី​គម្រោង AOKAS​។ លទ្ធផល​គឺ​ពិតជា​អស្ចារ្យ​ណាស់  និង មាន​ភាព​វិជ្ជមាន​ដើម្បី​ឈានទៅ​អភិវឌ្ឍ​កីឡា​ជី​ជិត​ស៊ូ​។ មួយទៀត វា​ទិសដៅ​ដើម្បី​រៀបចំ​ស៊ី​ហ្គេម ២០២៣ ដែល​នឹង​ផ្ដល់​ឲ្យ​កម្ពុ​ជាមាន​មោទនភាព​ពេលធ្វើ​ជា​ម្ចាស់ផ្ទះ​»​។

​ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​កីឡា​ជី​ជិត​ស៊ូ​កម្ពុជា លោក​ជឿជាក់ថា​ការបណ្ដុះបណ្ដាល​កុមារៗ​គឺជា​គោលដៅ​ត្រឹមត្រូវ​ដើម្បី​បង្កើតបាន​យុវជន​ជំនាន់​ថ្មី​នៃ​កីឡា​ជី​ជិត​ស៊ូ ទៅ​ថ្ងៃ​អនាគត​។ ប្រធាន​សហព័ន្ធ​សង្កត់ធ្ងន់ថា​៖«H/Art Jiu Jitsu ជឿជាក់ថា ការហ្វឹកហាត់​ជី​ជិត​ស៊ូ មិន​ត្រឹមតែ​ជា​កីឡា​ទេ ប៉ុន្តែ​ថែមទាំង​ជះឥទ្ធិពល​ល្អ​ដល់​សហគមន៍​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង រួមគ្នា​ការពារ​សហគមន៍​ទៀតផង​។ ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយនេះ H/Art Jiu Jitsu បានធ្វើការ​ខ្លាំងក្លា​មិន​ខ្លាច​នឿយហត់​ដោយ​ផ្ដល់​សេវាកម្ម​ជូន​ក្រុមហ៊ុន​សន្តិសុខ និង អ្នកពាក់ព័ន្ធ​ដែល​បម្រើ​ប្រជាពលរដ្ឋ​។ នេះ​ជា​ផលចំណេញ​ដែល​យើង​បានធ្វើ​សម្រាប់​ប្រទេស​របស់​យើង​»​។



​គួរ​ដឹង​ដែរ​ថា លោក ខូវ វិ​វ​ឌ្ឍ​នា ប្រធាន​សហព័ន្ធ​ជី​ជិត​ស៊ូ​កម្ពុជា ជា​អ្នក​នៅ​ពីក្រោយ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់ ចាន់ រតនា លើស​ង្វៀន  ONE Championship ដែល​ឈ្នះ ៣​លើក​ជាប់​គ្នា​។ រតនា ឈ្នះ Abrou Fernandes , Rudy Agustian និង Gustavo Balart​។  លោក​ក៏​ជា​គ្រូបង្វឹក​ជី​ជិត​ស៊ូ​របស់ Emmanuel Onyedikachi និង ជា​គ្រូបង្វឹក​ដឹកនាំ ខាន់ ចេ​សា ទៅ​ប្រកួត​នៅ​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​កាល​ឆ្នាំ ២០១៨ នៅ​ឥណ្ឌូណេស៊ី និង ឈ្នះ​មេដាយមាស​ជូន​ជាតិ​មាតុភូមិ​។

ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។​

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​

© រក្សាសិទ្ធិដោយ thmeythmey.com