អន្តរជាតិ
បាតុករ​ហុងកុង​ដែល​ប៉ូលិស​បាញ់​ចំ​ដើមទ្រូង ត្រូវ​ចោទ​ពីបទ​ធ្វើ​កុបកម្ម​
03, Oct 2019 , 10:39 pm        
រូបភាព
យុវជនហុងកុងមានវ័យ១៨ឆ្នាំឈ្មះថា Tsnag Chi-kin
យុវជនហុងកុងមានវ័យ១៨ឆ្នាំឈ្មះថា Tsnag Chi-kin
ដោយ:
​បាតុករ​ហុងកុង​ទីមួយ​ដែល​ត្រូវ​គ្រាប់​ចំ​ដើមទ្រូង អំឡុង​ការប៉ះទង្គិច​ហិង្សា​ជាមួយ​ប៉ូលិស​កាលពី​យប់​ថ្ងៃទី​១ ខែតុលា  ត្រូវបាន​ប៉ូលិស​សម្រេច​ចោទប្រកាន់​ពីបទ​ធ្វើ​កុបកម្ម និង​វាយដំ​លើ​មន្ត្រីប៉ូលិស​។ ក្រៅពី​រូបគេ បាតុករ​៦​នាក់់​ផ្សេងទៀត ក៏​រង​បទ​ចោទ​ដូចគ្នានេះ​ផងដែរ​។



​អាជ្ញាធរ​ហុងកុង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែតុលា បានសម្រេច​ចោទប្រកាន់​យុវជន​វ័យ​១៨​ឆ្នាំ​ម្នាក់​ឈ្មះ​ថា Tsang Chi-kin ជាមួយ​បទល្មើស​កុបកម្ម​និង​ការប្រើ​អំពើហិង្សា​លើ​មន្ត្រីប៉ូលិស​ក្នុង​សង្កាត់ Tsuen Wan ។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ហុងកុង RTHK សិស្ស​ថ្នាក់​វិទ្យាល័យ​រូបនេះ ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នក​តវ៉ា​៧​នាក់​ផ្សេងទៀត អាយុ​ចន្លោះ​ពី ១៨ ដល់ ៣៩​ឆ្នាំ ដែល​ត្រូវ​ចោទប្រកាន់​ពីបទ​ល្មើស​ដូចគ្នានេះ ។

​ប៉ូលិស​ហុងកុង អះអាងថា សិស្ស​ហុងកុង​ជា​បាតុករ ត្រូវបាន​បាញ់​ចំ​ស្មា​ខាងឆ្វេង ក៏ប៉ុន្តែ​សារព័ត៌មាន​ហុងកុង​ជាច្រើន ចុះផ្សាយ​ថា យុវជន Tsang ត្រូវ​គ្រាប់​ចំ​ដើមទ្រូង​។ ប​ច្ច​ប្បន្ន សិស្ស​រូបនេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Queen Elizabeth ក្នុង​ទីក្រុង​ហុងកុង ហើយ​រំពឹងថា នៅមាន​ជីវិត​។ សម្រាប់​ច្បាប់​ហុងកុង បទ​ចោទ​នៃ​ការធ្វើ​កុបកម្ម អាច​ជាប់ពន្ធនាគា​រដ​ល់​ទៅ ១០​ឆ្នាំ​។

អត្ថបទទាក់ទង

​វីដេអូ​នៃ​ឧបទ្ទវ​ហេតុនេះ បង្ហាញថា បាតុករ​មួយក្រុម​ដែល​ប្រដាប់​ដោយ​ដំបង​ដែក និង​ឆត្រ​ក្នុង​ដៃ ដេញ​វាយ​ប៉ូលិស​ហុងកុង មុន​ពេលដែល​មន្ត្រីប៉ូលិស​ម្នាក់​បានសម្រេច​ចិត្ត​បាញ់កាំភ្លើង​របស់ខ្លួន​។​បាតុករ​ហុងកុង​ដែល​ត្រូវ​បាញ់​នោះ ត្រូវបាន​មើលឃើញថា យក​ដំបង​ដែក​វាយ​លើ​សមត្ថកិច្ច​ប៉ូលិស​នោះ មុននឹង​កាំភ្លើង​ត្រូវបាន​កេះកៃ​។​

​សូម​បញ្ជាក់ដែរថា ក្រោយ​កើតហេតុ មេ​ប៉ូលិស​ហុងកុង​បានចេញ​មុខការ​ពារ​ម​ន្ត្រី​ប៉ូលិស​ដែល​បាញ់​បាតុករ​នោះ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ស្នងការ​ប៉ូលិស​ហុងកុង លោក Stephen Lo បញ្ជាក់ថា មន្ត្រីប៉ូលិស​រូបនោះ​សម្រេចចិត្ត​បាញ់កាំភ្លើង​ក្នុង​គោលដៅ​ការពារ​ខ្លួនឯង​ប៉ុណ្ណោះ ក្រោយពី​មើលឃើញថា ជីវិត​លោក​និង​មិត្ត​រួមការ​ងារ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​៕


Tag:
 ហុងកុង​
  ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com