ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សំរាមបំផ្លាញសម្រស់ស្ទឹងសៀមរាបមួយផ្នែកធំ!
03, Oct 2019 ,
5:59 pm
រូបភាព
×
ដោយ:
រំដួល ចិត្រា (Romdoul Chetra)
សៀមរាប៖ស្ទឹងសៀមរាប ត្រូវបានចាត់ទុកថា ជាស្ទឹងប្រវត្តិសាស្ត្រមួយដ៏សំខាន់សម្រាប់ខេត្តសៀមរាប។ ស្ទឹងសៀមរាប គឺជាស្ទឹងសិប្បនិមិត្ត ដែលកកើតឡើងដោយស្នាដៃរបស់មនុស្ស។ គ្មានឯកសារបញ្ជាក់ពីឆ្នាំនៃការបង្កើតស្ទឹងសៀមរាបឲ្យជាក់លាក់នោះទេ ប៉ុន្តែអ្នកស្រាវជ្រាវបានបញ្ជាក់ថា វាត្រូវគេបង្កើត និងកែច្នៃជាច្រើនសារ តម្រូវតាមការរៀបចំដែនដីនៅសម័យអង្គរ។ តែយ៉ាងណាស្ទឹងនេះ កំពុងប្រឈមមុខនឹងការបាត់បង់សម្រស់ ដោយសារបញ្ហាសំរាម និងបរិស្ថាននៅជុំវិញ។
ស្ទឹងសៀមរាប បានកកើតឡើងដោយសារការប្រសព្វគ្នារវាងអូរធំៗចំនួន២ គឺអូរធំ និងអូរក្បាលស្ពាន។ ស្ទឹងសៀមរាប ស្ថិតក្នុងចំណោមស្ទឹងសំខាន់ទាំងបី ដែលហូរកាត់តំបន់អង្គរ ដោយធ្វើដំណើរពីជើងទៅត្បូង។ ស្ទឹងនេះ ស្ថិតនៅខាងកើតស្ទឹងពួក និងខាងលិចស្ទឹងរលួស។ ទឹកដែលហូរពី«អូរធំ» ធ្លាក់ចូលស្ទឹងសៀមរាប មានប្រភពពីភ្នំគូលេន ដែលមានចំងាយប្រមាណ ៤០គីឡូម៉ែត្រពីទិសឦសាននៃរមណីយដ្ឋានអង្គរ។ ចំណែក«អូរក្បាលស្ពាន» វិញ មានប្រភពពីភ្នំក្បាលស្ពាន និងភ្នំក្រោល។
ទឹកដែលហូរតាមអូរធំ និងអូរក្បាលស្ពាន ទទួលមន្តពីចម្លាក់ជាច្រើន មានដូចជា សហស្រលិង្គ ឫហៅថាលិង្គមួយពាន់ ដែលត្រូវបានឆ្លាក់នៅឆ្នាំ ១០៥៤នៃគ.ស ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១។ ទឹកនះហូរធ្លាក់ចូលទៅស្ទឹងសៀមរាប បន្តកាត់តាមអង្គរ និងធ្លាក់ចូលបឹងទន្លេសាប។ តាមអ្នកមានជំនឿ ទឹកនេះជាប្រភពនៃសេចក្តីចម្រុងចម្រើន និងត្រជាក់ត្រជុំ។
ដោយសារតែភាពអស្ចារ្យនៃស្ទឹងសៀមរាបនេះ ទើបអ្នកស្រាវជ្រាវខ្លះ បានប្រៀបស្ទឹងសៀមរាប ដូចទៅនឹងទន្លេគង្គានៅប្រទេសឥណ្ឌា។ ទន្លេគង្គាមានប្រភពពីភ្នំហិមពាន្ត។ តាមសាសនាព្រាហ្មណ៍ ទន្លេនេះមានកំណើតនៅឋានសួគ៌។
តែយ៉ាងណាស្ទឹងសៀមរាបនេះ កំពុងប្រឈមមុខនឹងការបាត់បង់សម្រស់បន្តិចម្ដងៗ ដោយសារតែបញ្ហាសំរាម និងបរិស្ថាននៅជុំវិញនោះ។ តាមពិតទៅទីតាំងទឹកស្ទឹងសៀមរាបនេះ មានផ្នែកខ្លះនៅរក្សាសោភណ្ឌភាពស្អាតដដែល ដោយមានការយកចិត្តទុកដាក់ថែរក្សា និងការចូលរួមពីសំណាក់ពលរដ្ឋ។ ប៉ុន្តែផ្នែកខ្លះទៀតនៃស្ទឹងសៀមរាប បានបាត់បង់សោភណ្ឌភាពជាបណ្ដើរហើយ ដោយសារតែខ្វះការចូលរួមថែរក្សា។ ដោយធ្វើដំណើរតាមមាត់ស្ទឹងសៀមរាប ចាប់ពីចំណុចភូមិស្ពានជ្រាវ ភូមិពោធិ៍បន្ទាយជ័យ និងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប រហូតភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ខេត្តសៀមរាប គេសង្កេតឃើញសំរាមអណ្ដែតនៅលើទឹក និងការទុកដាក់សំរាមគ្មានសណ្ដាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់សោភ័ណ្ឌភាពទឹកស្ទឹងសៀមរាប។
ជាពលរដ្ឋរស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប លោកស្រី សឹង រៀម មើលឃើញថា បញ្ហាសំរាមដែលកំពុងបំផ្លាញសម្រស់ស្ទឹងសៀមរាបនេះ វាបណ្ដាលមកពីការយល់ដឹងរបស់ពលរដ្ឋផង និងការខ្វះចិត្តទុកដាក់សម្អាតបរិស្ថានពីសំណាក់អាជ្ញាធរផង។ មានសម្បុរស្រអែម កំពុងអង្គុយលក់ដូរចាប់ហួយនៅក្នុងផ្ទះ ស្ត្រីចំណាស់រូបនេះ បាននិយាយថា ពលរដ្ឋនៅក្នុងភូមិលោកស្រីខ្លះ មិនទាន់ចូលរួមថែរក្សាបរិស្ថានបានល្អនៅឡើយទេ ដោយអ្នកខ្លះសំរាមទៅបោះចោលចូលក្នុងទឹកស្ទឹងសៀមរាប ហើយអ្នកខ្លះទៀតវេចខ្ចប់ទុកដាក់មិនបានល្អ ដោយធ្វើឱ្យសំរាមទាំងនោះរសាត់តាមភ្លៀង និងខ្យល់ធ្លាក់ចូលទៅក្នុងទឹកទៀតផង។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗលោកស្រី សឹង រៀម ដែលអះអាងថា គ្រួសារខ្លួន បានរៀបចំទុកសំរាមបានត្រឹមត្រូវនោះ បាននិយាយដូច្នេះ៖«សំរាមដែលហូរមកនៅក្នុងស្ទឹងនេះ គឺវាហូរមកពីតំបន់ទឹកខាងលើ(មកដល់ចំណុចភូមិអារញ្ញ) ហើយពលរដ្ឋខ្លួនខ្លះទៀត គាត់យកសំរាមមកបោះចោលក្នុងទឹកតែម្ដង…។ ខ្ញុំកំពុងព្រួយពីបញ្ហាសំរាមដែលមានជាតិគីមីចេញពីប្លាស្ទិកនេះ ធ្វើឱ្យប៉ះពាល់ដល់សុខភាពក្មេង និងចៅៗរបស់ខ្ញុំ»។
ក្រៅពីបញ្ហាសំរាមបំផ្លាញសម្រស់ស្ទឹងសៀមរាបហើយ វាក៏ធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរផងដែរ។ នេះជាការលើកឡើងរបស់យុវជន ដានីម ដែលស្នើឱ្យអាជ្ញាធរ និងពលរដ្ឋចូលរួមថែរក្សាបរិស្ថាន។
មានបទពិសោធន៍៣ឆ្នាំ លើការងារបរិស្ថាននេះ លោក ស៊ា សុផល បាននិយាយថា ពលរដ្ឋភាគច្រើនគាត់មិនសូវដឹងថា បញ្ហាសំរាម ជាពិសេសកាកសំណល់ប្លាស្ទីកនេះ វាធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សកម្រិតណានៅឡើយនោះទេ ដូច្នេះហើយទើបពួកគេខ្វះការប្រុងប្រយ័ត្នលើការសម្អាត និងរៀបចំទុកដាក់សំរាមនេះ។ សកម្មជនបរិស្ថានប្រចាំខេត្តសៀមរាបរូបនេះ បានបញ្ជាក់ថា ទីតាំងទឹកស្ទឹង បឹង អូរ គឺជាទីកន្លែងដ៏ពេញនិយមរបស់ពលរដ្ឋ ដែលបោះសំរាមចោលឱ្យផុតពីភ្នែក។
«តាមពិតស្ទឹងគឺជាកន្លែងមួយខុសច្បាប់ ដែលយើងសំរាមទៅដាក់ និងបោះចោល។ ហើយកន្លែង(ស្ទឹងសៀមរាប) ហ្នឹង ខ្ញុំបានមើលដែរ ចាប់ពីតំបន់ក្រវ៉ាត់ក្រុងសៀមរាបហ្នឹង ឃើញថាប្រជាជនយើង គាត់មិនព្រមយកសំរាមដាក់នៅមុខផ្ទះគាត់ទេ គាត់បែរជាយកសំរាមហ្នឹងទៅដាក់នៅមាត់ស្ទឹងវិញ ដែលធ្វើឱ្យសំរាមងាយធ្លាក់ចូលទឹក តាមមេឃភ្លៀង ឬតាមសត្វដែរ។ ចំណែកអ្នកប្រមូលសំរាម ក៏គាត់ពិបាកចុះប្រមូលសំរាមតាមទឹកដែរ»។ នេះជាការលើកឡើងលោក ស៊ា សុផល ដែលបានបន្ថែមថា លោកនឹងសហការជាមួយអាជ្ញាធរខេត្ត ចុះពង្រឹងការអប់រំពលរដ្ឋបន្ថែមទៀតលើបញ្ហាសំរាមនេះ។
បញ្ហាសំរាមមិនមកពីកំហុសរបស់អាជ្ញាធរទាំងស្រុងនោះទេ ប៉ុន្តែវាក៏ត្រូវការចូលពីពលរដ្ឋផងដែរ។ លោក ស៊ុន គង់ ប្រធានមន្ទីបរិស្ថានខេត្តសៀមរាប បាននិយាយថា មន្ត្រីជំនាញបរិស្ថាននិងអាជ្ញាធរ បានចុះអប់រំពលរដ្ឋកន្លងមកដែរ ប៉ុន្តែពលរដ្ឋនៅតែមិនទាន់អនុវត្តតាមវិធានការក្រសួងនៅឡើយ។ ដោយសារតែមើលឃើញពីបញ្ហានេះ ទើបមន្ទីរបរិស្ថានខេត្ត ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមដាក់ចេញវិធានការផាកពិន័យលើអ្នកដែលបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់នេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបរូបនេះ បាននិយាយថា៖«ជាទូទៅគេមានគោលការណ៍ច្បាស់ហើយរវាងស្ថាប័នពាក់ព័ន្ធ ក្នុងការផាកពិន័យលើអ្នកបោះ និងគ្មានការទុកដាក់សំរាមត្រឹមត្រូវ។ ប៉ុន្តែក្នុងការអនុវត្តផាកពិន័យនេះ យើងមិនទាន់អនុវត្តទេ ដោយត្រូវការពេលវេលាក្នុងការរៀបចំចាត់ចែងជាមួយអាជ្ញាធរក្រុង សង្កាត់ ស្រុកបន្តទៀត»។
ក្នុងមួយថ្ងៃ ខេត្តសៀមរាប មានសំរាមប្រមាណពី២៩០ ទៅ៣០០តោន។ ក្នុងនោះមានសំរាមសំណល់រឹងប្រមាណជា៩តោន។ នេះបើតាមកញ្ញា រ៉ន សារួម ប្រធានគ្រប់គ្រងក្រុមហ៊ុន ហ្កា អ៊ី យ៉ា ភីអិលស៊ី ដែលជាក្រុមហ៊ុនប្រមូលសំរាមផ្ដាច់មុខនៅខេត្តសៀមរាប បានបន្ថែមថា សំរាមដែលក្រុមហ៊ុនប្រមូលបាន ត្រូវយកទៅបែងចែកជាពីរផ្នែក ទៅតាមប្រភេទសំណល់រឹង និងសំណល់រាវ (ប្លាស្ទីក សំណល់ផ្ទះបាយ និងសំណល់ពេទ្យជាដើម) មុននឹងយកទៅទម្លាក់ចោលនៅទីលានចាក់សំរាម។ បើតាមកញ្ញា សារួម ក្រុមហ៊ុនកញ្ញា ក៏កំពុងមានគម្រោងកែច្នៃសំបកដប ទៅប្រយោជន៍ប្រើប្រាស់ ខណៈសំណល់ប្លាស្ទិកកំពុងស្ថិតនៅក្នុងគម្រោងសិក្សាកែច្នៃរបស់ក្រុមហ៊ុន។
មិនមែនតែស្ទឹងសៀមរាប ដែលជាស្ទឹងប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ខេត្តសៀមរាបមួយទេ ដែលត្រូវដោះស្រាយ ពោលគឺទីតាំងក្នុងខេត្តសៀមរាបទាំងមូល ក៏ត្រូវរៀបចំទុកដាក់សំរាមឱ្យបានល្អដែរ។ ត្រង់ចំណុចនេះលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានសង្កត់ធ្ងន់ថា អាជ្ញាធរនឹងចុះទៅរៀបចំសំអាតបរិស្ថាន ជាពិសេសអប់រំពីបញ្ហាកាកសំណល់ប្លាស្ទិក នៅក្នុងសាលាសង្កាត់កំរើក ដើម្បីធ្វើជាសារមួយដាស់តឿនស្មារតីពលរដ្ឋ ឱ្យយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន និងសំរាមនេះ៕
អត្ថបទទាក់ទង
ស្ទឹងសៀមរាបប្រដូចទៅនឹងទន្លេគង្គារបស់ឥណ្ឌា
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សំរាម
ស្ទឹងសៀមរាប
ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
9 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម