នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ទៅ​ចិន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី មុន​លោក ស៊ី ទៅ​ឥណ្ឌា​
អន្តរជាតិ
នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ទៅ​ចិន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី មុន​លោក ស៊ី ទៅ​ឥណ្ឌា​
04, Oct 2019 , 9:57 am        
រូបភាព
នាយករដ្ឋមន្រ្តី អ៊ីមរ៉ាន ខាន់ និងប្រធានាធិបតីស៊ី ជិនភីង, រូបភាព (AFP)
នាយករដ្ឋមន្រ្តី អ៊ីមរ៉ាន ខាន់ និងប្រធានាធិបតីស៊ី ជិនភីង, រូបភាព (AFP)
​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន អ៊ី​ម​រ៉ា​ន ខាន់ (Imran Khan) នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​រវាង​ដៃគូ​យុទ្ធសាស្ត្រ​ទាំងពីរ​។ ដំណើរ​ទៅ​ប្រទេស​ចិន​របស់​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លើក​នេះ គឺធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន លោក​ស៊ី ជិន​ភីង ទៅ​ឥណ្ឌា និង​នេ​ប៉ាល់​។​



​ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ដើម្បី​ទៅ​ចូលរួម​វេទិកា​ជំនួញ​រវាង​ប្រទេស​ចិន និង​ប៉ា​គី​ស្ថាន​។ នៅ​ថ្ងៃទី​៨ ខែតុលា លោក អ៊ី​ម​រ៉ា​ន ខាន់ នឹង​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​គោលបំណង​លើកស្ទួយ «​ការផ្លាស់ប្តូរ និង​សហប្រតិបត្តិការ លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​»​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​ជាតិចិន​សម្រាប់​ការលើកស្ទួយ​ពាណិជ្ជកម្ម​អន្តរជាតិ​។

​មិន​ត្រឹមតែ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ខាងលើ​ទេ តែ​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​រូបនេះ ទំនងជា​ឆ្លៀត​ទៅ​ជួប​ជាមួយ​ប្រធានាធិបតី ស៊ី ជិន​ភីង​ផងដែរ​។ ប្រសិនបើ​មាន​ជំនួប​មែន មេដឹកនាំ​ទាំងពីរ​នឹង​ជជែក​ពី​បញ្ហា​ជម្លោះ​ដែនដី​កា​ស្មៀ​រ រឿង​សេដ្ឋកិច្ច គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ពន្ធ រួមបញ្ចូល​ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

​បើតាម​កាសែត​ហុងកុង South China Morning Post អ្នកវិភាគ​យោធា និង​នយោបាយ​នៅ​សកល​វិទ្យាល័យ Iqra ប៉ា​គី​ស្ថាន​លោក Ejaz Hussain បាន​លើកឡើងថា លោក ខាន់ ព្យាយាម​បង្កើន​ការទូត​អន្តរជាតិ ដើម្បី​ជួយ​គាំទ្រ​លើ​បញ្ហា​ជម្លោះ​កា​ស្មៀ​រ​។ ជាក់ស្តែង ប៉ុន្មាន​ខែ​កន្លងមកនេះ ចិន បានដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ឥណ្ឌា ឲ្យ​បន្ថយ​ភាព​តានតឹង​លើ​តំបន់​កា​ស្មៀ​រ​។ អ្នកជំនាញ​រូប​បន្ថែមទៀតថា ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​លើក​នេះ គឺ​ធ្វើយ៉ាងណា​ឲ្យ​បញ្ហា​តំបន់​កា​ស្មៀ​រ​ក្លាយជា​បញ្ហា​អន្តរជាតិ​។

​បន្ទាប់ពី​ការបញ្ចប់​របស់​នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន វា​ដល់ពេល​ប្រ​ធានា​ធីប​តី​ចិន ស៊ី ជិន​ភីង វិញ​ម្តង ដែល​ត្រូវធ្វើ​ទស្សនកិច្ច​ទៅ​ឥណ្ឌា ក្នុង​គោលបំណង​ស្តារ​ទំ​ទាក់​ទំនង​រវាង​ប្រទេស​ពីរ​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌា លោក ស៊ី នឹង​ទៅ​ប្រទេស​ឥណ្ឌា​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែតុលា ខាងមុខនេះ ដើម្បី​រឹតចំណង​មិត្តភាព បន្ទាប់ពី​មានការ​ប្រឈមមុខ​ដាក់​គ្នា​នៅ​តំបន់​ព្រំដែន Doklam ក្នុង​ឆ្នាំ ២០១៧ និង​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ក៏​ដូច​ជាំ​ការកាត់បន្ថយ​ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​នៅក្នុង​តំបន់​។

​ចេញពី​ឥណ្ឌា ប្រធានាធិបតី​ចិន​វ័យ​៦៦​ឆ្នាំ នឹង​បន្តទៅ​ប្រទេស​នេ​ប៉ាល់​ទៀត​។
​សូមបញ្ជាក់ថា នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ លោកនាយក​រដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន ខាន់ បាន​និយាយ​រិះគន់​ខ្លាំងៗ​ទៅលើ​រដ្ឋាភិបាល​ឥណ្ឌា បន្ទាប់ពី​ទីក្រុង​ញូវដែលី បានដាក់​បម្រាម​គោចរ​លើ​តំបន់​កា​ស្មៀ​រ​អស់​រយៈពេល​ជាង​ពីរ​ខែ​កន្លងមកនេះ​៕

Tag:
 ប៉ា​គី​ស្ថាន​
  ចិន​
  ស៊ី ជិន​ភីង​
  អ៊ី​ម​រ៉ា​ន ខាន់​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com