អន្តរជាតិ
អតីត​បេសកជន​សហរដ្ឋអាមេរិក​ប្រចាំ​អ៊ុយ​ក្រែ​ន​គ្រោង​ផ្ដល់​សក្ខីកម្ម​ក្នុង​រឿង​ស៊ើបអង្កេត​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​
04, Oct 2019 , 1:39 pm        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
ដោយ: VOA
​បុគ្គលិក​នៃ​គណៈកម្មាធិការ​រដ្ឋសភា​សហរដ្ឋអាមេរិក​ចំនួន ៣ ដែល​កំពុង​ផ្ដោតលើ​ការស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង គ្រោង​នឹង​រៀបចំ​សវនាការ​បិទទ្វារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​សម្រាប់​ការផ្ដល់​សក្ខីកម្ម​របស់​លោក Kurt Volker អតីត​បេសកជន​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​ទើប​លាលែង​ពី​តំណែង​កាលពីពេល​ថ្មីៗ​នេះ​។​

 
​សំណួរ​ដែល​នឹង​ចោទសួរ​លោក Volker ទំនងជា​ផ្ដោតលើ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​កាលពី​ខែកក្កដា​រវាង​លោក Trump និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky សកម្មភាព​របស់លោក Volker បន្ទាប់ពី​ការសន្ទនា​តាម​ទូរស័ព្ទ​នេះ និង​សកម្មភាព​របស់លោក Rudy Giuliani ដែលជា​មេធាវី​ផ្ទាល់ខ្លួន​របស់លោក Trump ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ដែលថា​លោក Trump បានដាក់​សម្ពាធ​លើ​លោក Zelensky ឲ្យ​ស៊ើបអង្កេត​លើ​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden​។​
 
​ការចោទប្រកាន់​ទាំងនេះ​បាន​ធ្វើឡើង​នៅក្នុង​ពាក្យបណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់ ដែល​ត្រូវបាន​បញ្ចេញ​ជា​សាធារណៈ​កាលពី​សប្ដាហ៍​មុន​។ ពាក្យបណ្ដឹង​នោះបាន​បញ្ជាក់ថា យោងទៅតាម​មន្ត្រី​សេត​វិមាន​ជាច្រើន​នាក់ លោក Trump បានដាក់​សម្ពាធ​លើ​លោក Zelensky ឲ្យ «​ជួប ឬក៏​និយាយ​ជាមួយនឹង​មនុស្ស​ពីរ​នាក់​ដែល​លោក​ប្រធានាធិបតី Trump បានតែងតាំង​យ៉ាងច្បាស់​ជា​បេសកជន​ផ្ទាល់ខ្លួន​របស់លោក​នៅក្នុង​រឿងនេះ​» ដែល​នោះ​គឺ​លោក Giuliani និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក William Barr​។​
 
​លោក Volker បាន​លាលែង​ពី​តំណែង​មួយថ្ងៃ​ក្រោយមក បន្ទាប់ពី​ពាក្យបណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​
 
​លោក Volker បាន​ជួយ​ព្យាយាម​រៀបចំ​ឲ្យ​មាន​ការជួបពិភាក្សាគ្នារ​វាង​លោក Giuliani និង​លោក Zelensky​។ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បានបញ្ជាក់​ថា ឆ្លើយតប​ទៅនឹង​សំណើ​របស់​ទីប្រឹក្សា​របស់លោក Zelensky លោក Volker បានរៀបចំ​ឲ្យ​ទីប្រឹក្សា​នោះ​ទាក់ទង​ជាមួយនឹង​លោក Giuliani​។​
 
​ពាក្យបណ្ដឹង​របស់​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​នោះបាន​បញ្ជាក់ថា មួយថ្ងៃ​ក្រោយមក​បន្ទាប់​ពី​មានការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Trump និង​លោក Zelensky លោក Volker និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​សហភាព​អឺរ៉ុប​លោក Gordon Sondland បាន​ជួប​ជាមួយនឹង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និង​បុគ្គល​នយោបាយ​ផ្សេងទៀត​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com