អន្តរជាតិ
លោក ពូ​ទីន ៖ សកម្មជន​បរិស្ថាន​វ័យក្មេង Greta Thunberg មិន​យល់​ពី​ពិភពលោក​
04, Oct 2019 , 11:40 am        
រូបភាព
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន (ឆ្វេង) និងសកម្មជនបរិស្ថានជនជាតិស៊ុយអែត វ័យ ១៦ឆ្នាំ Greta Thunberg
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន (ឆ្វេង) និងសកម្មជនបរិស្ថានជនជាតិស៊ុយអែត វ័យ ១៦ឆ្នាំ Greta Thunberg
ដោយ:
​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​៣ ខែតុលា បាន​និយាយ​ធ្ងន់ៗ​លើ​សកម្មជន​បរិស្ថាន​ជនជាតិ​ស៊ុយអែត Greta Thunberg ។ មេដឹកនាំ​រូបនេះ មិន​រំភើប​នឹង​សុន្ទរកថា​របស់​នាង​នៅ​អង្គការសហប្រជាជាតិ​ដែល​ធ្វើឡើង​កាលពី​ខែ​មុន​ឡើយ ហើយ​ថែមទាំង​និយាយទៀតថា នាង Thunberg មិន​យល់​ពី​ពិភពលោក​ដែល​ស្មុគស្មាញ​មួយ​នេះ​ផងដែរ​។ 



​យុវតី​វ័យ​១៦​ឆ្នាំ Greta Thunberg បានធ្វើ​ឲ្យ​អ្នកចូលរួម​នៅ​ជំនួប​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) ស្តីពី​សកម្មភាព​អាកា​ធាតុ នាទី​ក្រុង​ញូវយ៉ក ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​នាង​បាន​រិះគន់​ធ្ងន់ៗ​លើ​បណ្តា​មេដឹកនាំ​ពិភពលោក​ថា​បរាជ័យ​ក្នុងការ​ដោះស្រាយ​វិបត្តិ​ប​ម្រែ​ប្រួល​អាកាសធាតុ​។ សម្តី​មួយ​ឃ្លា​ដែល​មនុស្ស​រាប់លាន​នាក់​ចាប់អារម្មណ៍​នោះ​គឺ នាង​បាន​ស្រែក​ទាំង​កំហឹង​ថា «​ហេតុម្តេច​អ្នក​ហ៊ាន​ម្ល៉េះ​!»​។

​លោក​ប្រ​ធានា​ធិ​បត​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​ធ្វើជា​ប្រធាន​វេទិកា​ថាមពល​មួយ ក្នុង​រដ្ឋធានី មូ​ស្គូ គូសបញ្ជាក់ថា​៖«​ខ្ញុំ ប្រហែលជា​ធ្វើ​ឲ្យ​អ្នកខកចិត្ត ក៏ប៉ុន្តែ​ខ្ញុំ​ពុំ​ចែករំលែក​ការរំភើប​ជុំវិញ​សុន្ទរកថា​ដែល​ធ្វើឡើង​ដោយ​នាង Greta Thunberg ឡើយ​»​។ លោក បន្តថា​៖«​គ្មាន​នរណាម្នាក់ បាន​ពន្យល់​ប្រាប់​នាង Grata ថា ពិភពលោក​ទំនើប មាន​លក្ខណៈ​ស្មុគស្មាញ និង​ខុសប្លែក […] ហើយ​ប្រជាជន​ក្នុង​តំបន់​អាហ្វ្រិក ឬ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី ចង់​រស់នៅក្នុង​ជីវភាព​ល្អប្រសើរ​ដូចគ្នា​ទៅនឹង​ប្រជាជន​ក្នុងប្រទេស​ស៊ុយអែត​ផងដែរ​»​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters មេដឹកនាំ​វ័យ​៦៦​ឆ្នាំ​រូបនេះ សង្កត់ធ្ងន់ថា យុវជន ដែល​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​បរិស្ថាន គួរ​ត្រូវបាន​គាំទ្រ​លើកទឹកចិត្ត​។ ក៏ប៉ុន្តែ​នៅពេល​នរណាម្នាក់​កំពុង​ប្រើប្រាស់​កុមារ​និង​មនុស្ស​វ័យ​ជំទង់ ដើម្បី​តែ​ផលប្រយោជន៍​ខ្លួន​នោះ ពួកគេ​សមតែ​រង​ការ​ថ្កោលទោស​មួយ​មុខ​គត់​។

​ទន្ទឹមនេះ លោក ពូ​ទីន បញ្ជាក់ទៀតថា លោក​យល់ច្បាស់​ថា Greta គឺជា​យុវតី​ស្លូតបូត និង​ចិត្តល្អ​ម្នាក់ ប៉ុន្តែ​ពួក​មនុស្ស​ចាស់​ត្រូវ​ធានា​ឲ្យ​បាន​ថា កុមារ​និង​មនុស្ស​វ័យ​ជំទង់​ពុំ​ធ្លាក់ចូល​ក្នុងស្ថានភាព​អាក្រក់​បំផុត​។  ក្រៅពី​លោកពូ​ទីន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏​ធ្លាប់​ឌឺដង​សកម្មជន​បរិស្ថាន Greta ផងដែរ​។

​សូម​រម្លឹក​ដែរ​ថា នៅ​ចំពោះមុខ​មេដឹកនាំ​ប្រមាណ​៦០ នាក់ មកពី​ជុំវិញ​ពិភពលោក​កាលពី​ថ្ងៃ ២៣ កញ្ញា យុវតី Greta Thunberg និយាយ​ទាំង​ក្តុកក្តួល​ថា​៖«​នេះ​គឺ​ខុស​ទាំងស្រុង​។ ខ្ញុំ​ពុំគួរ​អង្គុយ​នៅទីនេះ​ឡើយ​។ ខ្ញុំ​គួរ​ត្រលប់​ទៅ​សាលារៀន​នៅ​ជ្រុង​ម្ខាង​នៃ​មហាសមុទ្រ ប៉ុន្តែ​អ្នក​ទាំងអស់គ្នា​មករក​ពួកយើង​ជា​មនុស្ស​វ័យក្មេង​សម្រាប់​ក្តីសង្ឃឹម​ទៅវិញ​។ ហេតុដូចម្តេច​អ្នក​ហ៊ាន​បែបនេះ​?»​។​

«​អ្នក​បាន​លួច​ក្តី​សុបិន និង​កុមារភាព​ខ្ញុំ ជាមួយ​ពាក្យ​មិនបានការ​របស់​អ្នក​»​។ Thunberg និយាយ​បែបនេះ ដោយបាន​ទទូច​ឲ្យ​មេដឹកនាំ​ទាំងនេះ​ដាក់ចេញ​វិធានការ​ជាបន្ទាន់​ដើម្បី​ប្រយុទ្ធប្រឆាំង​បញ្ហា​ប្រែ​ប​ម្រួ​ល​អាកាសធាតុ​។ ត្រង់នេះ យុវតី​ក្លាហាន​រូបនេះ សង្កត់ធ្ងន់ថា​៖«​យើង​កំពុង​តាមដាន​អ្នក​»​។​

អត្ថបទទាក់ទង

គួរ​កត់សម្គាល់ថា ក្រោយ​ការ​បំផុសគំនិត​ចេញពី​បាតុកម្ម​ប្រចាំ​សប្តាហ៍​នៅក្រៅ​អគារ​សភា​ស៊ុយអែត​ពី​សំណាក់​យុវតី Greta Thunberg មួយឆ្នាំ​កន្លងផុតទៅ មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​តាម​ដងផ្លូវ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ទប់ទល់​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ជាបន្ទាន់​៕

Tag:
 រុស្ស៊ី​
  ពូ​ទីន​
  UN
  Greta Thunberg
© រក្សាសិទ្ធិដោយ thmeythmey.com