ជាតិ
​​​ន​យោ​បាយ​ជាតិ​
អគ្គមេបញ្ជាការ អះអាងថា ដីកា​ចាប់​លោក សម រង្ស៊ី បញ្ជូន​ទៅគ្រប់​ប្រទេស​អាស៊ាន​ហើយ​
04, Oct 2019 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​លោក វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លើកឡើងថា រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជូន​ដីកា​ចាប់​លោក សម រង្ស៊ី ទៅដល់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​គ្រប់​អស់ហើយ​។ នេះ​បើតាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​អគ្គមេបញ្ជាកា​រដ្ឋា​ន​នៃ​កងយោធពល​ខេមរភូមិន្ទ​»​។



​ការលើកឡើង​របស់លោក វង្ស ពិ​សេន គឺ​នៅក្នុង​ជំនួប​ជាមួយ​វរសេនីយ៍ឯក Sarayuth Bunchheur អនុព័ន្ធយោធា​កងទ័ព​ជើងគោក​នៃ​កងទ័ព​ភូមិន្ទ​ថៃ និង វរ​នា​វី​ឯក Chaktourong Diphingtun អនុព័ន្ធយោធា​កងទ័ព​ជើង​ទឹក​នៃ​កងទ័ព​ភូមិន្ទ​ថៃ​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩​។ លោក​ទាំងពីរ ចូលជួប​លោក វង្ស ពិ​សេន  ដើម្បី​ជម្រាបលា បន្ទាប់ពី​លោក​ទាំងពីរ ត្រូវ​ចប់​អាណត្តិ​ការទូត​យោធា​នៅ​កម្ពុជា​។

​គេ​ទំព័រ​ក្រសួងការពារជាតិ ក៏បាន​ចុះផ្សាយ​ពី​ជំនួប​រវាង​លោក វង្ស ពិ​សេន និង មន្ត្រី​យោធា​ថៃ​ទាំងពី​រូបនោះ​ដែរ​។ គេហទំព័រ​ក្រសួងការពារជាតិ បាន​ស្រង់​សម្តី​របស់លោក វង្ស ពិ​សេន ទៅ​ចុះផ្សាយ​ថា​៖«​ទណ្ឌិត សម រង្ស៊ី បាន​ដើរ​ឆ្លង​ផុត​បន្ទាត់​ក្រហម​នៃ​លទ្ធិប្រជាធិបតេយ្យ​ហើយ ហើយ​មួយទៀត​លើ​ផ្នែក​នយោបាយ ទណ្ឌិត សម រង្ស៊ី កំពុង​បង្ហាញ​ធាតុពិត ក្នុងការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដើម្បី​ផ្ដួលរំលំ​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ ដែលជា​អ្នកទោស​ក្បត់ជាតិ មិនអាច​លើកលែង​បានឡើយ​។ អ្នកពាក់ព័ន្ធ ក៍​ត្រូវ​មានទោស​ទៅតាម​ច្បាប់​របស់​កម្ពុជា​ដូចគ្នា​»​។​

​ក្រសួងការពារជាតិ​ក​ម្ពុ​ជា ពុំបាន​សរសេរ​ពី​ការឆ្លើយតប​របស់លោក​អនុព័ន្ធយោធា​កងទ័ព​ថៃ​ទាំងពីរ​នាក់​នោះទេ ចំពោះ​បញ្ហា​របស់លោក សម រង្ស៊ី​។ បើតាម​ក្រសួងការពារជាតិ​កម្ពុជា លោក Sarayuth Bunchheur អំណរគុណ​ភាគី​កម្ពុជា​វិញ ដែល​កម្ពុជា បានផ្ដល់​គ្រប់​លទ្ធភាព ដល់​លោក​ទាំងពីរ ក្នុងការ​បំពេញការងា​រ​ការទូត សម្រាប់​អាណត្តិ​ការទូត​យោធា​របស់​ពួកលោក​ប្រចាំ​កម្ពុជា​។ លោក​ទាំងពីរ ចូលជួប​អគ្គមេបញ្ជាការ​កម្ពុជា ដើម្បី​ជម្រាបលា បន្ទាប់ពី​លោក​ទាំងពីរ ត្រូវ​ចប់​អាណត្តិ​ការទូត​យោធា​នៅ​កម្ពុជា​។​

​លោក សម រង្ស៊ី និង គ្នីគ្នា​៨​នាក់​ទៀត រួមមាន អ្នកស្រី ជូ​ឡុង សូ​មូរ៉ា (​ភរិយា​របស់លោក សម រង្ស៊ី​) អ្នកស្រី មូរ សុខ​ហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទ​ឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថា​វរិ​ន្ទ្រ និង លោក នុត រំដួល ត្រូវបាន​តុលាការ​កម្ពុជា ចោទ​ពីបទ​ឧបឃាត ដែល​សំដៅលើ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។ ទោស​នេះ ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ​។ តុលាការ បង្គាប់​ឲ្យ​តាម​ចាប់​មេដឹកនាំ​ក្រុមប្រឆាំង​ទាំងនោះ យកមក​ឃុំ​ជា​បណ្តោះអាសន្ន​។ 

​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន ទើប​តែមាន​ប្រទេស​ម៉ាឡេស៊ី​ទេ ដែលមាន​ចម្លើយ​អំពី​ករណី​លោក សម រង្ស៊ី ដោយ​លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ អះអាងថា រដ្ឋាភិបាល​ម៉ាឡេស៊ី ពុំទាន់​ទទួលបាន​ដីកា​នេះ​ពី​កម្ពុជា​នៅឡើយ​ទេ​។ ការផ្តល់​ចម្លើយ​របស់លោក មហា​ធៀ មហាម៉ាត់ គឺ​នៅក្នុង​សន្និសីទកាសែត​មួយ នៅឯ​អង្គការសហប្រជាជាតិ​នាពេល​ថ្មីៗ​នេះ​។

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធិ យ៉ាង​ដូច្នេះ​ថា​៖«​ពិត​ហើយ ឯកឧត្តម មហា​ធៀ មហាម៉ាត់ បាន​ឆ្លើយ​ទៅនឹង​សំណួរ​របស់​អ្នកកាសែត ថា គាត់​មិនទាន់​បានទទួល​សាលដីកា​តុលាការ​ពី​កម្ពុជា​ទេ​។ ខ្ញុំ​គ្រាន់តែ​បញ្ជាក់ថា ប្រហែលជា​បែបបទ​នីតិវិធី​តែប៉ុណ្ណោះ ប៉ុន្តែ​យើង​បាន​ផ្ញើ​ទៅ​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​»​។

​លោក សម រង្ស៊ី ប្រកាសថា លោក នឹង​ដឹកនាំ​កម្លាំង​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​៕

Tag:
 ​វង្ស ពិ​សេន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com