កីឡាជាតិ
ជាតិ
​កម្ពុជា​ដាក់​បេក្ខភាព សៀង ច​ន្ធា​ដើម្បី​ប្រជែង​ពាន «​កីឡាករ​យុវជន​ឆ្នើម​ប្រចាំឆ្នាំ​នៅ​អាស៊ី​»
04, Oct 2019 , 2:37 pm        
រូបភាព
កីឡាករ សៀង ចន្ធា ពេលបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងជំនួបវគ្គជម្រុះ World Cup កាលពីពេលកន្លងទៅ
កីឡាករ សៀង ចន្ធា ពេលបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជាក្នុងជំនួបវគ្គជម្រុះ World Cup កាលពីពេលកន្លងទៅ
ដោយ:
​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដាក់​ជា​បេក្ខភាព​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់​កីឡាករ​យុវជន​ឆ្នើម​ប្រចាំឆ្នាំ (AFC Youth Player of the year) ក្នុង​តំបន់​អាស៊ី​នា​ព្រឹត្តិការណ៍ AFC Annual Award 2019​។ ការសម្រេចបាន​គ្រាប់​បាល់ និង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​វគ្គ​ជម្រុះ World Cup និង AFF U18 Championship ជា​មូល​ហេតុដែល​សហព័ន្ធ​សម្រេច​ជ្រើស​រើសយក​កីឡាករ​រូបនេះ​។



​ការបង្ហាញ​ទម្រង់​លេង​ដ៏​ទាក់ទាញ និង​សម្រេចបាន​គ្រាប់​បាល់​ក្នុង​ពានរង្វាន់ AFF U18 Championship និង​វគ្គ​ជម្រុះ World Cup គួបផ្សំ​ជាមួយ​មាន​បច្ចេកទេស និង​ទេពកោសល្យ​ល្អ ជួយ​ឲ្យ​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា ក្លាយជា​បេក្ខភាព​ក្នុងការ​ប្រកួតប្រជែង​កីឡាករ​យុវជន​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី​នៅ​ឆ្នាំនេះ​។ នេះ​ជាការ​បង្ហាញ​ហេតុផល​របស់លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។


Turki Al Ammar ជាប់ជាកីឡាករយុវជន​ឆ្នើម​ប្រចាំ២០១៨ ក្រោយជួយឲ្យ​អារ៉ាប៊ីសាអូឌីត​ឈ្នះ AFC U-19 Championship

​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល B ក្នុង​ព្រឹត្តិការណ៍ AFF U18 Championship នៅ​ប្រទេស​វៀតណាម កីឡាករ សៀង ច​ន្ធា រកបាន​៤​គ្រាប់​ម្នាក់ឯង​ឲ្យ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​។ ច​ន្ធា រកបាន​ពីរ​គ្រាប់​ក្នុង​ជ័យជម្នះ ៤-៣ ជា​ប្រវត្តិសាស្ត្រ​លើ U18 ថៃ និង​រួមចំណែក​១​គ្រាប់​ក្នុង​ជ័យជម្នះ ២-១ លើ​វៀតណាម និង​១​គ្រាប់​ទៀត​ក្នុង​បរាជ័យ ៥-១ ក្រោម​ថ្វី​ជើង​អូស្ត្រាលី​។​

​អ្វីដែល​កាន់តែ​អស្ចារ្យ សៀង ច​ន្ធា ដែល​ស្ថិតក្នុង​វ័យ​១៦​ឆ្នាំ​ត្រូវបាន​អ្នកចាត់ការ​ទូទៅ​លោក Keisuke Honda និង​លោក Felix Dalmas ជា​គ្រូបង្វឹក​ផ្តល់ឱកាស​ឲ្យ​ជាប់​ក្នុង​ក្រុម​ជម្រើសជាតិ​សម្រាប់​វគ្គ​ជម្រុះ World Cup​។ នា​ជំនួប​ជាមួយ​ប៉ា​គី​ស្ថាន​ក្នុង​វគ្គ​ជម្រុះ World Cup ជុំ​ទី​១ ច​ន្ធា បានរួម​ចំណែក​មួយគ្រា​ប់​ក្នុង​ជ័យជម្នះ ២-០ របស់​កម្ពុជា ដើម្បី​ក្លាយជា​កីឡាករ​មាន​វ័យក្មេង​ជាងគេ ដែល​អាច​រក​គ្រាប់​បាល់​ក្នុង​វគ្គ​ជម្រុះ​នេះ ខណៈ​មួយ​គ្រាប់​ទៀត​រកបាន​ដោយ​កីឡាករ គួច សុ​កុម្ភៈ​។​

​សម្រាប់​លោក កែវ សារ៉េត ទោះបី សៀង ច​ន្ធា ក្លាយជា​បេក្ខភាព​តំណាង​កម្ពុជា​ក្នុងការ​ប្រកួតប្រជែង​នេះ​ក៏ដោយ តែ​លោក​ហាក់​មាន​ជំនឿ​តិចតួច​បំផុត​ក្នុងការ​ឈ្នះ​ដំណែង​មួយ​នេះ ដ្បិត​កីឡាករ​មកពី​ប្រទេស​ផ្សេងៗ​សុទ្ធ​តែមាន​មាន​សមត្ថ​ភាពល្អៗ​។

«​ជា​បេក្ខភាព​ក៏ពិតមែន តែ​យើង​ក៏​មិន​ប្រាកដថា យើង​បញ្ជូន​ទៅហើយ​អាច​ឈ្នះ​គេ​នោះទេ ព្រោះ​រូបគេ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​កីឡាករ​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ី​ជាច្រើនរូប​ទៀត​។ ខ្ញុំ​មិន​មោទកភាព​១០០​ភាគរយ​ថា​យើង​អាច​ឈ្នះ​នោះទេ ពីព្រោះ​កីឡាករ​គេ ក៏​ល្អៗ​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កែវ សារ៉េត​។

​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៥ អតីត​កីឡាករ​ថៃ Bamrung Boonprom ជា​កីឡាករ​តែ​ម្នាក់​គត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ឈ្នះ​ពានរង្វាន់​នេះ​នៅ​ឆ្នាំ​១៩៩៦ ខណៈ​តំណាង​កីឡាករ​ពី​ជប៉ុន​ឈ្នះ​រហូតដល់​ទៅ​១១​លើក កូរ៉េខាងត្បូង​៦​លើក និង​កូរ៉េខាងជើង​៤​លើក​។ ខ្សែបម្រើ​អា​រ៉ា​ប៊ី​សា​អូឌីត Turki Al-Ammar បានឈ្នះ​ពាន AFC Youth Player of the year នេះ កាលពី​ឆ្នាំមុន​៕

Tag:
 បាល់ទាត់​
  សៀង ច​ន្ធា​
  AFC Annual Award
© រក្សាសិទ្ធិដោយ thmeythmey.com