ជាតិ
បទសម្ភាសន៍
២៥ខេត្ត/រាជធានី
កសិករស្រុកស្អាង ដន តារារិទ្ធ ងាកមកដាំបន្លែសរីរាង្គដោយមិនបារម្ភបញ្ហាទីផ្សារនិងសុខភាព
× កណ្តាល៖ លោក ដន តារារិទ្ធ បានចាប់ផ្តើមដាំដុះបន្លែសរីរាង្គរយៈពេល៤ឆ្នាំហើយ។ តាំងតែពីចាប់ផ្តើមដាំមក លោកតារារិទ្ធ ថាលោកពុំធ្លាប់ប្រឈមនឹងបញ្ហាទីផ្សារនោះទេ ហើយថែម ទាំងលក់បានតម្លៃខ្ពស់ ជាងបន្លែដែលប្រើប្រាស់ថ្នាំពុលកសិកម្មពីរទៅបីដងទៀតផង។
លោក ដន តារារិទ្ធ ជាអ្នកដាំបន្លែ នៅក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ រយៈពេល៤ឆ្នាំហើយ ដែលកសិកររូបនេះ បានដូរពីការដាំបន្លែដែលប្រើប្រាស់ថ្នាំពុលកសិកម្មមកដាំដុះបន្លែសរីរាង្គមានដូចជាតាំងឱ,ស្ពៃក្រញាញ់,ស្ពៃខ្មៅ,ស្ពៃតឿ ស្ពៃក្តោប និងដើមខាត់ណាវិញ។ លោក ដន តារារិទ្ធ ពន្យល់ប្រាប់សារព័ត៌មាន ThmeyThmey25 ពីមូលហេតុលោកប្តូរចិត្តមកដាំបន្លែសរីរាង្គនេះ ដោយសារថាបន្លែដែលប្រើប្រាស់ថ្នាំកសិកម្ម មានតម្លៃមិនទៀងទាត់ ហើយពេលខ្លះកសិកររូបនេះលក់បន្លែខាតផងក៏មាន។ លើសពីនេះ លោក តារារិទ្ធ ក៏បារម្ភពីសុខភាពផ្ទាល់ខ្លួនផង។
សូមអញ្ជើញទស្សនាវីដេអូខ្លី ដូចតទៅ៖
បើតាមលោក តារារិទ្ធ ការដាំបន្លែសរីរាង្គ មិនត្រឹមមិនពិបាកថែទាំនោះទេ ប៉ុន្តែតម្លៃក៏លក់បានថ្លៃជាងទ្វេដង ធៀបនឹងបន្លែដែលលោកដាំពីមុន។ តម្លៃនេះ ជាតម្លៃក្នុងកិច្ចសន្យាដែលបានកំណត់គ្នារួចរវាងអ្នកដាំ និងអ្នកទិញ។ លោក ដន តារារិទ្ធ បញ្ជាក់បន្ថែមពីចំណូលដែលលោកទទួលបានថា៖«ក្នុងរយៈពេលមួយខែកន្លះ ខ្ញុំអាចទទួលបានចំណូល ជាង១លានរៀល ទៅជាង២លានរៀល ពេលប្រមូលផលបន្លែស្លឹកម្តងៗ នៅក្នុងទំហំដីទទឹង៦ម៉ែត្រ និងជាមួយបណ្តោយ៤៥ម៉ែត្រ។ ផ្ទៃដីប៉ុនហ្នឹងបើទូទាត់ ថ្លៃជីកំប៉ុស្ត និងថ្នាំជីវសាស្ត្រតិចតួច ខ្ញុំអាចទទួលប្រាក់ចំណេញបានជាង១ពាន់ដុល្លារ ព្រមទាំងទទួលសុខភាពថែមទៀត ដោយមិនចាំបាច់ស្ពាយធុងបាញ់ថ្នាំគីមីដូចពីមុន»៕
© រក្សាសិទ្ធិដោយ thmeythmey.com