អន្តរជាតិ
បន្ទាប់ពី​អ៊ុយ​ក្រែ​ន លោក ត្រាំ ហៅ​ចិន​ស៊ើបអង្កេត​លោក បៃ​ឌិន
04, Oct 2019 , 3:08 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជាថ្មី​ម្តងទៀត បានប្រកាស​សុំ​ជំនួយ​ពី​កម្លាំង​បរទេស​អន្តរាគមន៍​ក្នុងការ​បោះឆ្នោត​អាមេរិក ដោយ​ស្នើ​ឲ្យ​ក្រុង​ប៉េកាំង​បើក​ការស៊ើបអង្កេត​លើ​គូប្រជែង​នយោបាយ​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ឌិន ។ ការប្រកាស​ជា​សាធារណៈ​ថ្មី​នេះ គឺ​ស្រដៀង​គ្នា​ទៅនឹង​សំណើ​ចំពោះ​អ៊ុយ​ក្រែ​ន ដែល​ឈានដល់​ផ្ទុះ​ការបើក​និ​តី​វិធី​ស៊ើបសួរ​ដកហូត​តំណែង​លោក​ប្រធានាធិបតី​ក្នុង​រដ្ឋសភា​អាមេរិក​។​



​ប្រាប់​អ្នកសារព័ត៌មាន​មុន​ចាក​ចេញពី​សេត​វិមាន​អាមេរិក ទៅកាន់​រដ្ឋ Florida នៅ​ថ្ងៃទី​៣ ខែតុលា លោក ដូ​ណា​ល់ ត្រាំ ជឿជាក់ថា ក្រុង​ប៉េកាំង គួរ​ស៊ើបអង្កេត​លោក បៃ​ឌិន និង​កូនប្រុស​លោក គឺ ហាន់​ធ័​រ បៃ​ឌិន​។  លោក បញ្ជាក់​បែបនេះ​៖«​ដូចគ្នា​អ៊ីចឹង​ដែរ ចិន​គួរ​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត​មួយ​លើ​លោក បៃ​ឌិន និង​កូនប្រុស ព្រោះ​អ្វី​បាន​កើតឡើង​ក្នុងប្រទេស​ចិន គឺ អាក្រក់​ដូច​អ្វី​កើតឡើង​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​»​។​

​លោក ត្រាំ និង​មេធាវី​ផ្ទាល់ខ្លួន​លោក គឺ​លោក Rudy Giuliani បាន​ចោទប្រកាន់ថា អតីត​អនុ​ប្រធានាធិបតី​អាមេរិក​លោក បៃ​ឌិន បាន​ជួយ​ជ្រោមជ្រែង​អាជីវកម្ម​របស់​កូនប្រុស​ក្នុងប្រទេស​ចិន និង​អ៊ុយ​ក្រែ​ន​ដោយ​អ​សុក្រឹត ក៏ប៉ុន្តែ​អ្នក​ទាំងពីរ​ពុំទាន់​បានផ្តល់​ភស្តុតាង​ណាមួយ​នៅឡើយ​ទេ​។ លោក បៃ​ឌិន គឺជា​គូប្រជែង​លេចធ្លោ​មួយ​សម្រាប់​បេក្ខភាព​មកពី​គណបក្ស​ប្រជាធិបតេយ្យ ដែល​ត្រៀម​ប្រណាំងប្រជែង​ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ មកពី​បក្ស​សាធារណរដ្ឋ​ក្នុងការ​បោះឆ្នោត ២០២០​ខាងមុខ​។

​ក្នុងការ​ជជែក​តាម​ទូរ​សព្ទ​មួយ​កាលពី​ខែ កក្កដា កន្លងទៅ លោក​ត្រាំ បានដាក់​សម្ពាធ​ឲ្យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក  វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លីន​ស្គី បើក​ការស៊ើបអង្កេត​លើ​លោក​បៃ​ឌិន និង​កូនប្រុស​ជុំវិញ​សំណុំរឿង​ពុករលួយ​។ លោក ហាន់​ធ័​រ បៃ​ឌិន ដែលជា​កូនប្រុស ធ្លាប់ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មការ​ប្រធាន​នៃ​ក្រុមហ៊ុននាំចេញ​ឧស្ម័ន​ធម្មជាតិ​ដ៏​ធំ​មួយ​របស់​អ៊ុយ​ក្រែ​ន ចន្លោះ​ពី​ឆ្នាំ​២០១៤ ដល់ ខែមេសា ឆ្នាំ​២០១៩​។

​ក្រោយ​បែកធ្លាយ​រឿង​សុំ​អន្តរាគមន៍​ពី​បរទេស​ក្នុងការ​បោះឆ្នោត​អាមេរិក​នេះ ប្រធានរដ្ឋសភា​អាមេរិក លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី កាលពី​សប្តាហ៍​មុន បានប្រកាស​បើក​ដំណើរការ​ស៊ើបអង្កេត​កាលពី​សប្ដាហ៍​មុន​។​

អត្ថបទទាក់ទង

​សូម​រម្លឹក​ផងដែរ​ថា ករណី​ស្រដៀង​គ្នា​នេះ​ក៏បាន​កើតឡើង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ​២០១៦​ផងដែរ​។ កាលនោះ លោក ត្រាំ បានប្រកាស​លើកទឹកចិត្ត​ជា​សាធារណៈ​ឲ្យ​មានការ​លូកដៃ​ពី​សំណាក់​ប្រទេស​រុស្ស៊ី​ក្នុង​យុទ្ធនា​ការបោះឆ្នោត ពាក់ព័ន្ធ​នឹង​រឿង​អ៊ី​ម៉ែ​ល​ដ៏​ចម្រូងចម្រាស​របស់លោក​ស្រី គ្លី​ន​តុ​ន ដែលជា​បេក្ខភាព​បក្ស​ប្រជាធិបតេយ្យ​។ លោក បញ្ជាក់​នៅពេលនោះ​ថា​៖«​រុស្ស៊ី ប្រសិនបើ​អ្នក​កំពុង​ស្តាប់ ខ្ញុំ​សង្ឃឹមថា​អ្នក​អាច​ស្វែងរក​អ៊ី​ម៉ែ​ល​ទាំង​៣​ម៉ឺន​សារ​ដែល​បាត់​។ ខ្ញុំ គិតថា អ្នកនឹង​អាច​បាន​រង្វាន់​ពី​រឿងនេះ​»៕

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  រុស្ស៊ី​
  អ៊ុយ​ក្រែ​ន​
  ដូ​ណា​ល់​ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com