កា​រ៉ា​តេ​យក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ចម្រាញ់​រក​ធនធាន​ស៊ី​ហ្គេម​
កីឡាជាតិ
ជាតិ
កា​រ៉ា​តេ​យក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ចម្រាញ់​រក​ធនធាន​ស៊ី​ហ្គេម​
04, Oct 2019 , 7:19 pm        
រូបភាព
លោក លឹម គានហោ ថ្លែងក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិជាតិឆ្នាំ២០១៩
លោក លឹម គានហោ ថ្លែងក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិជាតិឆ្នាំ២០១៩
​កីឡាករ​កីឡាការិនី​កា​រ៉ា​តេ​ជាង​១០០​នាក់ មកពី​២១​ក្លិប​-​សមាគម ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​ក្នុង​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​៣-៦ ខែតុលា​។ នេះ​ជា​ឱកាសល្អ​សម្រាប់​កីឡាករ​កីឡាការិនី ដែល​ចង់​ក្លាយជា​យុវជន​ថ្នាល​និង​កីឡាករ​ជម្រើសជាតិ ព្រោះ​វា​ជាការ​ប្រកួត​ចម្រាញ់​រក​ធនធាន​មាន​ទេពកោសល្យ​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​សហព័ន្ធ​ជំរុញ​ឲ្យ​កីឡាករ ត្រូវខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព និង​ប្រាប់​ឲ្យ​អាជ្ញាកណ្តាល​ចៅក្រម​កាត់ក្តី​ឲ្យ​យុត្តិធម៌​។​



​ជាការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​ក៏ពិតមែន ប៉ុន្តែ​វា​ជាការ​ប្រកួត​ចម្រាញ់​រក​ធនធាន​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។ វា​ជា​ឱកាសល្អ​សម្រាប់​កីឡាករ​កីឡាការិនី​មកពី​បណ្តា​ក្លិប​-​សមាគម​នានា ដែល​ចង់​ក្លាយជា​កីឡាករ​ជម្រើសជាតិ និង​យុវជន​ថ្នាល​។ ម្ចាស់​ជើងឯក​ក្នុង​ការប្រកួត​ថ្នាក់ជាតិ​អាចមាន​ភាគរយ​ខ្ពស់​ក្នុងការ​ក្រ​សោម​ឱកាស​ក្លាយជា​កីឡាករ​ជម្រើសជាតិ​។  



​ជាមួយគ្នានេះ លោក លឹម គានហោ អនុប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ដណ្តើម​យកជ័យ​ជម្នះ​នៅ​ចំពោះមុខ​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ លើសពីនេះ លោក បាន​ជំរុញ​ឲ្យ​អាជ្ញាកណ្តាល​ចៅក្រម​កាត់ក្តី​ត្រូវ​ឈរលើ​គោលការណ៍​យុត្តិធម៌ មិន​លម្អៀង ឬ​ប្រកាន់​បក្សពួក​។ ព្រោះ​ការ​កាត់​មិន​ត្រឹមត្រូវ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កីឡាករ​បាក់​ទឹកចិត្ត​នោះទេ តែ​វា​បាន​ជះឥទ្ធិពល​អាក្រក់​ដល់​វិស័យ​កីឡា​នេះ​ទាំងមូល​។

​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​រូបនេះ ក៏បាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ជោគវាសនា​របស់​កីឡា​កា​រ៉ា​តេ​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ផងដែរ ដោយ​ព្រួយបារម្ភ​ខ្លាច​មិនអាច​ដណ្តើមបាន​មេដាយ​ច្រើន​ក្នុងការ​ប្រកួត​។ ការបង្ហាញ​ក្តីបារម្ភ​បែបនេះ ធ្វើឡើង​ក្រោយ លោក សង្កេតឃើញថា កីឡា​កា​រ៉ា​តេ​នៅមាន​ចំណុច​ខ្វះខាត​ជាច្រើន​ដែល​ត្រូវ​អភិវឌ្ឍន៍​បន្ថែម​។ តែ​យ៉ាងណា លោក មិន​ប្រាប់​ពី​ចំណុច​ខ្វះខាត​ទាំងនោះ​ឡើយ ដោយ​គ្រាន់តែ​ប្រៀបធៀប​ថា កីឡាករ​បច្ចុប្បន្ន​មិនសូវ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ដូច​ជំនាន់​លោក ទោះបី​ទទួលបាន​ការឧបត្ថម្ភ​ក៏ដោយ​។​



​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​មាន​កីឡាករ​កីឡា​កា​រិ​និ​ចំនួន​១២១​នាក់​មកពី​២១​ក្លិប​-​សមាគម​ចូលរួម ដោយ​ប្រកួតប្រជែង​លើ​៤​វិញ្ញាសា​រួមមាន​សម្តែង​កត្តា​ឯកត្តជន​-​ក្រុម និង​ប្រយុទ្ធ​ឯកត្តជន​-​ក្រុម​។ ការប្រកួត​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣-៦ តុលា នៅ​ទីលាន​អគារ​ដំបូលទូក​ក្នុង​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ​៕     




Tag:
 លឹម គានហោ​
  កា​រ៉ា​តេ​
  ជើងឯក​ថ្នាក់ជាតិ​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com