ជាតិ
នយោបាយជាតិ
មន្ត្រី ប្រាប់អ្នកពាក់ព័ន្ធក្នុងគម្រោងធ្វើរដ្ឋប្រហារ ឲ្យឆាប់សារភាព ដើម្បីរួចទោស លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌
× លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្រើនរម្លឹកអ្នកដែលចូលរួមក្នុងផែនការរបស់ថ្នាក់ដឹកនាំក្រុមប្រឆាំង ដើម្បីធ្វើរដ្ឋប្រហារ ឲ្យឆាប់ចាកចេញវិញ ហើយសារភាពកំហុស ឲ្យបានមុនពេលតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ។ លោក អះអាងថា បើសារភាពបានមុនការចោទប្រកាន់ ពួកគេ នឹងទទួលបានការលើកលែងទោស។
លោក គឹម សន្តិភាព សរសេរលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖«សូមបងប្អូន ដែលកំពុងបន្តអនុវត្តផែនការប៉ុងប៉ង [ធ្វើ] រដ្ឋប្រហារនេះ ដកខ្លួនមកសារភាពដល់សមត្ថកិច្ចជាបន្ទាន់ នោះបងប្អូននឹងរួចផុតពីទោសនេះ ដោយកុំរង់ចាំដល់មានការចោទប្រកាន់»។
មាត្រា៤៥៤នៃក្រមព្រហ្មទណ្ឌ ចែងថា បុគ្គលណាដែលបានចូលរួមក្នុងអំពើរួមគំនិតក្បត់ [ជាតិ] ត្រូវលើកលែងឲ្យរួចផុតពីការទទួលទោស ប្រសិនបើមុនការចោទប្រកាន់ បុគ្គលនោះ បានបង្ហាញប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ច ពីអត្ថិភាពនៃអំពើនេះ ហើយបាននាំឲ្យស្គាល់អត្តសញ្ញាណនៃអ្នកចូលរួមដទៃទៀត។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ម្នាក់ទៀត គឺលោក ជិន ម៉ាលីន ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា បើអ្នកពាក់ព័ន្ធក្នុងគម្រោងធ្វើរដ្ឋប្រហារ ចេញមកសារភាពមុនការចោទប្រកាន់ ព្រះរាជអាជ្ញា នឹងសម្រេចមិនចោទប្រកាន់ឡើយ។ លោក បន្តថា ចំពោះអ្នកដែលត្រូវបានចោទប្រកាន់រួចហើយ ហើយទើបសារភាពតាមក្រោយ នោះទោសកំហុសរបស់ពួកគេ មានកម្រិតណា គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់ចៅក្រម។
លោក ពន្យល់បែបនេះថា៖«ចៅក្រម នឹងពិចារណា ជួនកាល ទម្លាក់បទចោទចេញ ជួនកាលសម្រាលទោសឲ្យពួកគេ»។
មកដល់ពេលនេះ សកម្មជននិងមន្ត្រីនៃអតីតគណបក្សប្រឆាំងមិនតិចជាង២០នាក់នោះទេ ដែលបានរងការចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ ដោយតុលាការលើកហេតុផលថា ពួកគេ បានដើរបញ្ចុះបញ្ចូលប្រជាពលរដ្ឋ ឲ្យត្រៀមទទួលោក សម រង្ស៊ី និងគាំទ្រផែនការរបស់លោក សម រង្ស៊ី ក្នុងការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមសកម្មជននិងមន្ត្រីទាំងនោះ មានអ្នកខ្លះ កំពុងជាប់ឃុំ និងអ្នកខ្លះ រត់គេចខ្លួន។
បើផ្អែកលើមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ អ្នកដែលចូលរួមក្នុងគម្រោងធ្វើរដ្ឋប្រហារឬផ្តួលរំលំរដ្ឋាភិបាល ត្រូវជាប់ពីបទរួមគំនិតក្បត់ជាតិ ដោយត្រូវផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយបើបុគ្គលនោះ ជាអ្នករាជការសាធារណៈ ត្រូវជាប់ពន្ធនាគារ ពី១០ឆ្នាំ ទៅ ២០ឆ្នាំ។
ចំណែក ថ្នាក់ដឹកនាំសំខាន់ៗរបស់អតីតគណបក្សប្រឆាំង ដែលរួមមាន លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមូរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង លោក នុត រំដួល ត្រូវបានតុលាការកម្ពុជា ចោទពីបទឧបឃាត ដែលសំដៅលើការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ ពួកគេ ត្រូវបានតុលាការ ចាត់ទុកថា ជាក្រុមមេដឹកនាំ ដែលរៀបចំផែនការធ្វើរដ្ឋប្រហារ។
មាត្រា៤៥១និងមាត្រា៤៥២នៃក្រមព្រហ្មទណ្ឌ កំណត់ថា បុគ្គលឬក្រុមមេដឹកនាំ ដែលចូលរួមផ្ទាល់ ក្នុងការរៀបផែនការធ្វើរដ្ឋប្រហារ ត្រូវផ្តន្ទាទោសពី «បទឧបឃាត» ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ហើយបើជនល្មើសជាអ្នករាជការសាធារណៈ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត»។
លោក សម រង្ស៊ី ប្រកាសថា លោក នឹងដឹកនាំកម្លាំងប្រជាពលរដ្ឋពីក្រៅប្រទេសចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនឹងរួមកម្លាំងជាមួយប្រជាពលរដ្ឋក្នុងស្រុក ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ។ ទន្ទឹមនេះ លោក ថែមទាំងអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ផ្តាច់ខ្លួនចេញពីរដ្ឋាភិបាល ហើយចុះចូលជាមួយលោក។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានកម្ចាត់លោក សម រង្ស៊ី ឲ្យបាន បើលោក ពិតជាមកដល់កម្ពុជាដូចការគ្រោងទុកមែន។ ប្រមុខរដ្ឋាភិបាល បង្ហាញអារម្មណ៍ដូច្នេះថា៖«ខ្ញុំ បន់ឲ្យតែថ្ងៃ៩វិច្ឆិកា មកដល់ទេ»៕
Tag:
គឹម សន្តិភាព
សម រង្ស៊ី
មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com