ជាតិ
សេដ្ឋកិច្ច
៩ខែកន្លងមក បារាំង អង់គ្លេស ឆេក និងនូវែលសេឡង់ ជាម៉ូយបន្លែដ៏ធំរបស់កម្ពុជា លោក រដ្ឋមន្ត្រីកសិកម្ម វេង សាខុន ពិនិត្យបន្លែដែលដាក់លក់លើទីផ្សារ។ រូបថត ក្រសួងកសិកម្ម
× ភ្នំពេញ៖ រយៈពេល៩ខែដំបូង ឆ្នាំ២០១៩ នេះ កម្ពុជា បាននាំចេញបន្លែសុវត្ថិភាពបានជាង១៣៥តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយគិតជាមធ្យម មានបរិមាណ ០,៤២តោនក្នុងថ្ងៃ។ នេះបើយោងតាមលទ្ធផលនៃការនាំចេញផលិតផលកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល៩ខែ ២ថ្ងៃសម្រាប់ឆ្នាំ២០១៩។
បារាំង សាធារណរដ្ឋឆេក អង់គ្លេស និងនូវែលសេឡង់ បានក្លាយជាអតិថិជននាំមុខគេដែលបានបញ្ជាទិញបន្លែសុវត្ថិភាពពីកម្ពុជា។ ពន្យល់បន្ថែមពីលើរបាយការណ៍ក្រសួង លោក គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ បានអះអាងប្រាប់សារព័ត៌មាន ThmeyThmey ថា បន្លែដែលបាននាំចេញនៅទីផ្សារអន្តរជាតិនោះមានទាំងបន្លែដែលដាំដោយប្រជាកសិករតាមផ្ទះធម្មតា និងក្រុមហ៊ុន ដែលពួកគេមានទីផ្សារស្រាប់នៅបរទេស។
ក្នុងចំណោមបន្លែ ១៣៥, ៥៤តោន ដែលនាំចេញទៅកាន់ទីផ្សារនៅបារាំង សាធារណរដ្ឋឆេក អង់គ្លេស និងនូវែលសេឡង់ ល្ហុង ត្រប់ ត្រសក់ ម្រះ មានចំនួនច្រើនជាងគេ រួមជាមួយបន្លែស្លឹកមួយចំនួនផងដែរ។ ដោយឡែក កាលពីថ្ងៃទី៣ ខែតុលា លទ្ធផលនៃការនាំចេញកសិផលតាមច្រកចេញចូលតែមួយ បង្ហាញថា បន្លែប្រមាណ១,៣៥តោន ត្រូវបាននាំចេញទៅប្រទេសបារាំង។
លោក គៀន សុភា អះអាង ថាកម្ពុជាអាចផលិតបន្លែចម្រុះ បានជាមធ្យម៥០០ទៅ៦០០តោនក្នុងមួយថ្ងៃ ក្នុងនោះមានបន្លែសុវត្ថិភាពចំនួន៦០តោន។ ខេត្តដែលផលិតអាចផលិតបន្លែបានច្រើនជាងគេ មានបាត់ដំបង ត្បូងឃ្មុំ កណ្តាល និងខេត្តព្រៃវែង។
ទន្ទឹមនឹងការផលិតបន្លែបានប្រចាំថ្ងៃនេះ កម្ពុជាក៏នាំចូលបន្លែពីប្រទេសវៀតណាម ចន្លោះពី២០០ទៅ៤០០តោនផងដែរ ដើម្បីបំពេញតម្រូវការក្នុងស្រុកចំនួនសរុប១,០៦៦តោនក្នុងមួយថ្ងៃ។
«ដោយឡែក ការនាំចេញបន្លែទៅទីផ្សារអន្តរជាតិនេះ គឺជាច្បាប់ពាណិជ្ជកម្មដែលជាការដោះដូរដោយមួយ ដោយទីផ្សារអន្តរជាតិឃើញបន្លែយើងល្អបានគេសម្រេចបញ្ជាទិញបន្លែយើងក្នុងតម្លៃល្អប្រសើរណាមួយ។ ក្រៅពីទីផ្សារអឺរ៉ុប សូម្បីតែប្រទេសវៀតណាម ក៏បញ្ជាទិញបន្លែប្រចាំថ្ងៃពីយើងផងដែរ។ គ្រាន់តែស្ថិតនៅក្រៅផ្លូវការប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់លោក គៀន សុភា។
ជាមួយគ្នានេះផងដែរ លោកបានអះអាងជនជាតិវៀតណាមបានបញ្ជាទិញបន្លែពីប្រជាកសិករនៅក្នុងស្រុកកំពូលខេត្តកណ្តាល ចំនួន១០តោនក្នុងមួយថ្ងៃ និងមានការប្រមូលទិញបន្លែ ដែលផលិតនៅស្រុកខ្មែរពីតំបន់ផ្សេងៗផងដែរ ពិសេសទិញពីប្រជាកសិករដែលរស់នៅតាមបន្ទត់ព្រំដែន។
កម្ពុជាអាចនាំបន្លែចេញទៅទីផ្សារអឺរ៉ុបបាន ដោយទទួលបានតម្លៃខ្ពស់ គឺជាការដំណឹងល្អ ពិសេសសម្រាប់ប្រជាកសិករដែលអ្នកផលិតផ្ទាល់តែម្តង។ បច្ចុប្បន្នថ្វីដ្បិតការផលិតបន្លែរបស់កសិករស្រុកមិនទាន់គ្រប់នឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃក៏ពិតមែន ប៉ុន្តែវាជាផ្នែកមួយដែលជំរុញដល់កសិករឲ្យកាន់តែបង្កើនការផលិតបន្លែ ពិសេសដែលមានសុវត្ថិភាពនិងស្តង់ដារ។ នេះជាការលើកឡើងរបស់លោក ផាត សុវណ្ណ មន្ត្រីកសិកម្មនៃអង្គការ GRET។
លោកបានបន្ថែមថា ទន្ទឹមនឹងការបង្កើនការផលិតបន្លែសុវត្ថិភាព និងសរីរាង្គរបស់ប្រជាកសិករនៅតាមតំបន់នីមួយៗ ក៏ត្រូវទាមទារការចូលរួមជាចាំបាច់ពីសំណាក់រដ្ឋាភិបាល ពិសេសក្រសួងពាក់ព័ន្ធតែម្តង ដើម្បីជួយដោះស្រាយបញ្ហាដែលកសិករកំពុងជួបប្រទះ ដូចជាខ្វះប្រភពទឹកស្រោចស្រពដំណាំក្នុងរដូវប្រាំង និងបញ្ហាខ្វះទីផ្សារ និងការផ្តល់បច្ចេកទេសនៃការដាំដុះបន្លែ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com