កីឡាអន្តរជាតិ
អន្តរជាតិ
ធ្វើ​តេ​ស្តិ៍​ធ្លា​ក់នៅ Man Utd តែ​២​ឆ្នាំក្រោយ Martinelli រីកមុខ​មាត់​ជាមួយ Arsenal
04, Oct 2019 , 4:17 pm        
រូបភាព
Gabriel Martinelli បង្ហាញ​ទេពកោសល្យ​ដ៏​ល្អ​ដោយ​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​ជួយ Arsenal យកឈ្នះ Standard Liege ៤-០ ក្នុងការ​ប្រកួត Europa League នៅ​រាត្រី​ថ្ងៃទី​៣ តុលា​។ Martinelli ធ្លាប់ជា​យុវជន​របស់ Manchester United តែ​ត្រូវ​ក្រុម​រហស្សនាម​បិសាច​ក្រហម​បោះបង់ចោល ដ្បិត​ធ្វើ​តេ​ស្តិ៍​មិន​ជាប់ រហូត​ទៅ​ចូលរួម​ជាមួយ​កាំភ្លើង​ធំ​នៅ​២​ឆ្នាំ​បន្ទាប់​។​



​យុវជន​សញ្ចា​តិ​ប្រេ​ស៊ី​លវ័យ​១៨​ឆ្នាំ Martinelli កំពុង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កាំភ្លើង​ធំ​មានការ​ភ្ញាក់ផ្អើល​តាមរ​យៈ​ការបង្ហាញ​ខ្លួន​២​ប្រកួត​តែ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ដល់​ទៅ ៤​គ្រាប់​។ ២​គ្រាប់​ដំបូង​ធ្វើបាន​នៅពេល​រូបគេ​បង្ហាញខ្លួន​ឲ្យ Arsenal លើក​ទី​១ ក្នុង​ជ័យជម្នះ​លើ Nottingham Forest ៥-០ នា​ជំនួប​ពាន EFL Cup កាលពី​សប្តាហ៍​មុន​។​



​តាមរយៈ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ អ្នកគាំទ្រ Arsenal បាននាំគ្នា​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម Twitter ដើម្បី​ត្រូល​ក្រុម Man Utd ដែល​បោះបង់​ឱកាស​ទទួល​បាន​កីឡាករ​ល្អ​ដូចជា Gabriel Martinelli នេះ​ដោយ​ខ្លួនឯង​។​

Martinelli បាន​ក្លាយជា​កីឡាករ​ពេញសិទ្ធិ​របស់ Arsenal នៅ​ដើមរដូវ​កាល​នេះ​ជាមួយ​កិច្ចព្រមព្រៀង​តម្លៃ ៧,៥​លាន​ដុល្លារ ដែល​នេះ​គួរតែ​ជា​ឱកាស​របស់​ក្រុម​បិសាច​ក្រហម​ទៅវិញ​ទេ​។ មិន​ត្រឹមតែ Man Utd ឡើង ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona ក៏​ធ្លាប់​មានឱកាស​ទទួលបាន​រូបគេ​ដែរ​។ នេះ​មានន័យថា Arsenal បាន​ផ្តួល​ក្លិប​យក្ស​អឺរ៉ុប​ទាំង ២ ដើម្បី​ទទួលបាន Martinelli​។​



​អ្នកគាំទ្រ Arsenal ម្នាក់​សរសេរ​លើ Twitter ដើម្បី​ឌឺដង​ទៅ Man Utd ថា​៖«​អរគុណ Man Utd ដែល​បាន​បដិសេធ​ចុះហត្ថលេខាទទួកយក Martinelli នៅពេល​គាត់​ទៅ​សាកល្បង​សមត្ថភាព​នៅ​ទីនោះ​។ Man Utd ស៊ុត​ចំ​គោលដៅ ០ នៅ​យប់​នេះ - Martinelli ទាត់​ចូល​២​គ្រាប់​ម្នាក់ឯង​»​។​

Arsenal ទទួលបាន​៦​ពិន្ទុ​ពេញ​ពី​ការប្រកួត​ពី​លើក ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F នៃ​ក្របខណ្ឌ​ពាន​លំដាប់​ទី​២​អឺរ៉ុប​។ ចំណែក​នៅ Premier League វិញក្រុមមានមូលដ្ឋានក្នុងក្រុងឡុងដ៏​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤ មាន​១២​ពិន្ទុ ខណៈដែល​មាន Man Utd នៅ​លេខ​រៀង​ទី​១០ មាន​៩​ពិន្ទុ ក្រោយ​ការប្រកួត​៧​លើក​ដូចគ្នា​៕

Tag:
 Gabriel Martinelli
  UEFA Europa League
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com