ONE Championship
កីឡាជាតិ
ជាតិ
ហ៊ុន ច័ន្ទរាជ្យ ៖«បើឈរវ៉ៃ ឡុង ឡាសង្ឃឹមឈ្នះច្រើន ប៉ុន្តែបើគេឱបបោកយើងយ៉ាប់បន្តិច»
×
អត្ថបទ៖ ស៊ីធី
គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ នៃក្លិប Cambodian Top Team បានឲ្យដឹងថា ការប្រកួតនៅសង្វៀន ONE: WARRIOR SERIES រវាង ឡុង ឡា និង កីឡាករជប៉ុន Asuka Tsubaki សង្ឃឹមឈ្នះ និងល្អមើលជាក់ជាមិនខាន។ ផ្ទុយទៅវិញ បើសិនគូបដិបក្ខជប៉ុនប្រើក្បាច់ឱបច្រើននោះយើងនឹងយ៉ាប់ ហើយការប្រកួតក៏មិនសូវល្អមើលដែរ។
ឡុង ឡា ដែលប្រកួតតំណាងឲ្យក្លិប Cambodian Top Team នឹងជួបអ្នកលេងគុនចម្រុះម្ចាស់ផ្ទះ Asuka Tsubaki មកពីក្លិប Trident Gym នៅសង្វៀន ONE: WARRIOR SERIES នាយប់ថ្ងៃទី ៥ ខែ តុលា ខាងមុខនៅក្រុងតូក្យូប្រទេសជប៉ុន។
គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ បានអះអាងថា ៖«ឡុង ឡា ធ្លាប់ហ្វឹកហាត់ MMA ជាមួយខ្ញុំរយៈពេល ៣ ឆ្នាំមកហើយ ប៉ុន្តែផ្អាកមួយរយៈចុងក្រោយ។ លើកនេះយើងបានហាត់ត្រៀមប្រកួត ជាង ៣ សប្ដាហ៍មកហើយ។ ខ្ញុំបានបង្ហាត់ក្បាច់ចាប់ ក្បាច់ឃ្លេ និង ដោះសម្រាប់ ឡុង ឡា រួចហើយ។ អ្វីសំខាន់តើពេលនៅលើសង្វៀន ឡុង ឡា អាចបត់បែប ឬ គិតទាន់តាមសភាពការណ៍ឬអត់»។
ក្នុងកំណត់ត្រាកន្លងមក ឡុង ឡា មិនទាន់មានបទពិសោធន៍លើសង្វៀន ONE ប៉ុន្តែ មានបទពិសោធន៍ប្រកួតដាក់ទ្រុងក្នុងស្រុកប្រហែល ៧ដង និង ធ្លាប់ប្រកួតក្បាច់គុនចម្រុះដោយវាយកីឡាករថៃឲ្យសន្លប់ទៀតផង។ រីឯ គូប្រកួតជាតិជប៉ុន Asuka Tsubaki ប្រកួតលើសង្វៀន ONE បានចំនួន ២ លើកក្នុងនោះឈ្នះ ១ និង ចាញ់ ១ ដង។ Asuka ឈ្នះពិន្ទុកីឡាករចិន ZHUOJIANGCUO LUO កាលខែ កុម្ភៈ ក្រោយចាញ់កីឡាករ អាស៊ែបៃហ្សង់ Anvar Amirli ក្នុងទឹកទី១កាល ខែតុលា ឆ្នាំ ២០១៨ នៅសិង្ហបុរី។
លោក ហ៊ុន ចន្ទរាជ្យ សង្កត់ធ្ងន់ថា ៖«កីឡាករជប៉ុន ខុសពីកីឡាករថៃ ដែលឡុង ឡា ធ្លាប់វ៉ៃឲ្យសន្លប់។ Asuka ច្បាស់ជាចូលចាប់ ឡុង ឡា ច្រើនជាងការប្រកួតគុនខ្មែរព្រោះគេជំនាញខាងចាប់។ ប៉ុន្តែយើងបានត្រៀមគ្រប់ក្បាច់ដើម្បីបង្ហាញខ្លួនឲ្យល្អនៅជប៉ុន។ ឡុង ឡា នឹងបើកក្បាច់ប្រយុទ្ធបែប MMA និង គុនខ្មែរបានច្រើនតាមតែអាចធ្វើបាន»។
បែបណាក្ដី កីឡាករវ័យ ១៩ ឆ្នាំ បានតាំងចិត្តយ៉ាងមោះមុត និង យកចិត្តទុកដាក់ក្នុងការត្រៀមខ្លួនចេញទៅប្រកួតលើកដំបូង នៅសង្វៀន ONE។ ឡុង ឡា ធ្លាប់បង្ហើបថា ខ្លួនមិនសូវពូកចាប់ ប៉ុន្តែ រូបគេពូកែខាងគុនខ្មែរ ដែលនឹងធ្វើឲ្យគូប្រជែងញញើតនឹងការចូលចាប់។ ឡុង ឡា មិនត្រឹមតែហាត់ជាមួយគ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ប៉ុន្តែរូបគេក៏ធ្លាប់ហាត់ក្បាច់យូដូ មានបោក ឃ្លេ និង ចាប់ ជាមួយគ្រូបង្វឹកយូដូជម្រើសជាតិលោក ឡាច វុទ្ធី ដែរ។ លោក ហ៊ុន ច័ន្ទរាជ្យ អមដោយកូនសិស្ស ចាន់ សំអាត និង ឡុង ឡា នឹងចេញទៅជប៉ុននាយប់ថ្ងៃទី២ តុលា។
គួរដឹងថា ឡុង ឡា ចូលហាត់ប្រដាល់តាំងពីឆ្នាំ ២០១២ មកក្រោមការបង្វឹករបស់លោក ផល សុភា នៅក្លិបមួយនាខេត្តឧត្តរមានជ័យ ហើយក៏ប្ដូរមកក្លិប អប់រំកាយខេត្តខេត្តឧត្ដរមានជ័យដូចគ្នា។ មួយរយៈចុងក្រោយនេះ ឡុង ឡា មានប្រជាប្រិយភាពគួរសមតាមរយៈការប្រកួតញឹកញាប់លើសង្វៀនក្នុងស្រុក និង ការចេញទៅប្រកួតលើសង្វៀននៅប្រទេសថៃ។
ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក។
កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។
© រក្សាសិទ្ធិដោយ thmeythmey.com