លោក ហ៊ុន ម៉ា​នី ថា បរទេស​គួរ​គោរព​ឆន្ទៈ​អ្នកបោះឆ្នោត ហើយ​ងាក​មក​សហការ​ជាមួយ​កម្ពុជា​
ជាតិ
លោក ហ៊ុន ម៉ា​នី ថា បរទេស​គួរ​គោរព​ឆន្ទៈ​អ្នកបោះឆ្នោត ហើយ​ងាក​មក​សហការ​ជាមួយ​កម្ពុជា​
04, Oct 2019 , 5:47 pm        
រូបភាព
​ភ្នំពេញ​៖ ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ លោក ហ៊ុន ម៉ា​នី បាន​ស្នើឱ្យ​អន្តរជាតិ​ឈប់​រិះគន់​ពី​រឿង​បោះឆ្នោត​នៅ​កម្ពុជា ហើយ​ងាក​មក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​វិញ​។ ការអំពាវនាវ​របស់​តំណាងរាស្ត្រ​វ័យក្មេង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ ធ្វើឡើង​នៅក្នុង​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៤ តុលា​នេះ​។​



«​បេសកកម្ម​ទាំងអស់ តាម​របាយការណ៍​រប​ស់​រដ្ឋសភាជាតិ ព្រឹទ្ធសភា​ក្តី ឬក៏​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្តី គឺ​សបញ្ជាក់​ឱ្យ​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា មានការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ឆ្លើយតប​ជំនឿ​ទុកចិត្ត​របស់​ពលរដ្ឋ​។​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន ម៉ា​នី មុននឹង​អំពាវនាវ​ឱ្យ​អន្តរជាតិ​ឈប់​និយាយ​ពី​រឿង​បោះឆ្នោត​នៅ​កម្ពុជា​។​

​សម្រាប់​លោក ហ៊ុន ម៉ា​នី ពេលវេលា​នេះ ទៅមុខ គេ​ត្រូវ​គិតគូ​ពី​ការសហការ និង​អភិវឌ្ឍន៍​រវាង​រដ្ឋ និង​រដ្ឋ ដែល​វា​ល្អ​ជាង​ការយក​បញ្ហា​បោះឆ្នោត មក​វាយប្រហារ​កម្ពុជា​។ តំណាងរាស្ត្រ​វ័យក្មេង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​នៅក្នុង​សម័យប្រជុំ​សភាពេញអង្គ​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ​សូម​អំពាវនាវ ក៏ដូចជា​សំណូមពរ​ទៅដល់​មិត្តភក្តិ​កម្ពុជា​ទាំងអស់ មិនគួរ​លើកឡើង​នូវ​ការចោទប្រកាន់ ឬ​ការអត្ថាធិប្បាយ​ណាមួយ ដែល​ផ្ទុយ​ពី​ឆន្ទៈ​នៃ​សំឡេង​ប្រជាពលរដ្ឋ ៨៣,០២​ភាគរយ ដែល​បាន​ចេញទៅ​បោះឆ្នោត​នោះទេ​…​។ អ៊ីចឹង​ការចោទប្រកាន់ ឬក៏​ការអត្ថាធិប្បាយ​ណា ដែល​ផ្ទុយ​នូវ​ឆន្ទៈ​របស់​អង្គ​បោះឆ្នោត​នៅពេលនោះ គឺ​គួរ​មានការ​ពិចារណា ហើយ​បន្ត​នូវ​ការ​សហប្រតិបត្តិការ​ទ្វេរ​ភាគី​ក្តី ពហុភាគី​ក្តី ក្នុង​គោលបំណង​សម្រេចបាន​នៃ​ផលប្រយោជន៍​រួម​ចំពោះ​ប្រទេស​យើង​ទៅវិញទៅមក​»​។

​សំឡេង​លោក ហ៊ុន ម៉ា​នី​៖




​បើតាម​ការអះអាង​រប​ស់ លោក មាស នី ដែលជា​អ្នកតាមដាន​ការវិវត្ត​ផ្នែក​នយោបាយ​នៅ​កម្ពុជា ដៃគូ​អភិវឌ្ឍ​របស់​កម្ពុជា​ដែល​នៅ​និយាយ​ពី​ការបោះឆ្នោត​នីតិកាល​ទី​៦​កន្លង​ទៅនោះ គឺ​ដោយសារតែ​ព្រឹត្តិការណ៍​មួយចំនួន​ដែល​បាន​កើតឡើង​មុន​ការបោះឆ្នោត​។ លោក មាស នី ចង់​រំឭក​ពី​ការចាប់ខ្លួន​អ្នកនយោបាយ សកម្មជន​នយោបាយ សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន ជាពិសេស​ការរំលាយ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ជាដើម​។​

​សំឡេង​លោក មាស នី​៖





​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​រូបនេះ បាន​និយាយថា ៖«​ដោយសារតែ​នៅមុន​ការបោះឆ្នោត វា​មាន​ឧបសគ្គ​ទំនាស់ ឬក៏​សម្ពាធ​នយោបាយ​ច្រើន ដែល​ធ្វើ​ទៅលើ​គណបក្សប្រឆាំង រួមទាំង​ការរំលាយ​គណបក្សប្រឆាំង​ផង អ៊ីចឹង​មាន​ប្រទេស​មួយចំនួន គេ​មិន​ខ្វល់​បញ្ជូន​មន្ត្រី​អង្កេត​ការណ៍​(​បោះឆ្នោត​)​មក​នោះទេ​»​។​

អត្ថបទទាក់ទង

​កាលពី​ថ្ងៃទី​១ តុលា ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ស៊ិ​ក ប៊ុន​ហុក បាន​ប្រាប់​គណៈប្រតិភូ​អាមេរិក​ថា គ​.​ជ​.​ប អនុវត្ត​ការងារ​តាមបែប​វិជ្ជាជីវៈ ឱ្យស្រប​តាម​ស្ដង់ដារ​សាកល ដើម្បី​ធានា​ភាព​អ​ព្យា​ក្រឹត្យ និង​ឯករាជ្យ ក្នុង​ដំណើរការ​បោះឆ្នោត ។ ប្រធាន គ​.​ជ​.​ប​. បាន​បន្តថា បើ​ស្ថាប័ន​បោះឆ្នោត​មួយ​នេះ បាន​ដើរ​ខុស​គោលការណ៍​ដែល​ខ្លួន​បានកំណត់​នោះ លោក​សុខចិត្ត​ចុះចេញ​ពី​តំណែង​។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ឆ្នាំ​២០១៨ កន្លងមក មាន​ប្រជាពលរដ្ឋ​ជាង ៨,៣ លាន​នាក់ ដែល​ស្មើនឹង​ជាង​៨៣ ភាគរយ ក្នុងចំណោម​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ជិត​១០​លាន​នាក់ បាន​ចេញទៅ​បោះឆ្នោត ។ តួលេខ​អ្នក​ចេញទៅ​បោះឆ្នោត​នេះ មានការ​កើនឡើង​បើ​ធៀប​នឹង​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ ដែលមាន​អ្នក​ទៅ​បោះ​ចំនួន ៦, ៧៣៥ ,២៤៤​នាក់ ស្មើនឹង​៦៩,៧១​ភាគរយ ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី ៩ ,៨៧៥ ,៤៥៣​នាក់​។​

​ក្នុង​ដំណើរការ​បោះឆ្នោត ក៏មាន​បណ្ដឹងតវ៉ា​ខ្លះ​ពី​គណបក្ស​ដែល​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ដែរ ប៉ុន្តែ​បណ្ដឹង​ទាំងនោះ ត្រូវបាន​ដោះស្រាយ មុននឹង​គណកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ទាំង​១២៥ នៅក្នុង​រដ្ឋសភា​៕

Tag:
 ហ៊ុន ម៉ា​នី​
  បោះឆ្នោត​
  គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com