ONE Championship
កីឡាជាតិ
ជាតិ
វី ស្រី​ខួច​៖«​កីឡាករ​កីឡាការិនី គួរ​មានការ​ប្រកួត​ច្រើន​ទើប​មាន​ផល​ល្អ​នៅ​ស៊ី​ហ្គេម​»
05, Oct 2019 , 11:09 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​វី ស្រី​ខួច ដែលជា​កីឡាការិនី​ប្រដាល់សកល​ជម្រើសជាតិ​លេចធ្លោ​ម្នាក់ និង ធ្លាប់មាន​បទពិសោធន៍​ល្អ​នៅ​សង្វៀន ONE CHAMPIONSHIP សង្ឃឹម​ទទួលលទ្ធផល​ល្អ​នៅ​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ហ្វីលីពីន​ចុងឆ្នាំ​នេះ​។ ការរំពឹង​បែបនេះ បន្ទាប់ពី​ស្រី​ខួច​ចេញទៅ​ហ្វឹកហាត់ និង​ប្រកួត​សម​ញឹកញាប់​នៅ​ជប៉ុន តាំងពីដើម​ខែកញ្ញា ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣០ វិច្ឆិកា ដល់ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ ២០១៩​។



​វី ស្រី​ខួច ថ្លែង​ពី​ប្រទេស​ជប៉ុន​ថា​៖«​ការហ្វឹកហាត់​នៅ​ជប៉ុន​នេះ គឺ បំពេញ​រាល់​ចំណុច​ខ្វះខាត ហើយ យើង​ដឹង​តែ​ផ្ដោតលើ​ការហ្វឹកហាត់​តែម្ដង​។ វា​ជា​រឿង​ល្អ​ច្រើន ព្រោះ​គ្រូបង្វឹក​ក៏​គាត់​ត្រូវ​ប្រាប់​ចំណុច​មិនល្អ​របស់​យើង​ដើម្បី​កែប្រែ​ដែរ​និង​វ៉ៃ​សមជា​ប្រចាំ​។ គ្រូបង្វឹក​និង​ក្លិប​នៅ​ជប៉ុន​នេះ​តែងតែ​រក​ដៃគូ​ឲ្យ​ឡើង​ប្រកួត​សម​គ្នា​នៅ​សង្វៀន​នានា និង ឆ្លង​ទៅតាម​ខេត្ត​ផ្សេង​ក៏មាន​។



​វី ស្រី​ខួច បាន​បង្ហើប​អំពី​ការតាំង​ចិត្ត​មោះមុត​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​ចុង​ឆ្នាំនេះ​។  ប្អូនស្រី​របស់ វី សាវុធ សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​គិតថា​នៅ​ជប៉ុន​ល្អប្រសើរ​ច្រើន ដូចជា​កន្លែង​ហ្វឹកហាត់​ល្អ កន្លែង​ស្នាក់នៅ​ល្អ ការហូបចុក​ល្អ​ដោយ​តម្រូវ​តាម​ពួកយើង​។ មួយទៀត​យើង​មិនបាច់​ខ្វល់ខ្វាយ​ច្រើន​។ យើង​គិតតែ​បុក​ហាត់​ខ្លាំង​តែម្ដង​»​។

​ស្រី​ខួច ជា​កីឡាការិនី​លេចធ្លោ​ម្នាក់​ដែល​ទទួលបាន​ឈ្មោះ​ចូល​ហ្វឹកហាត់​ជម្រើសជាតិ​តាំងពី​ស៊ី​ហ្គេម ឆ្នាំ ២០១៧ ដែល​រៀបចំឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី និង បាន​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​២៩​ផងដែរ​។ មុន​ចេញទៅ​ហ្វឹកហាត់​នៅ​ជប៉ុន កីឡាការិនី​រូបនេះ និង​មិត្ត​រួម​ក្រុម នៅ ស្រី​ពៅ បាន​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​ប្រមូលផ្ដុំ​ដោយ​ក្រសួង​អប់រំ យុវជន និង កីឡា​នៅ​ពហុ​កីឡដ្ឋាន​ជាតិប្រមាណ​ជា ៥ ខែ​មកហើយ​។ គ្រូបង្វឹក​ដែល ស្រី​ខួច ទទួល​ការហ្វឹកហាត់​មានដូចជា Rolando Castellano Rodriquez ជនជាតិ​គុយបា , លោក វ៉ែន សុផល​, លោក ជ័យ ណា​រ៉ា​, និង លោក ឡុង សា​លីន​។



​បែបណា​ក្ដី ការហ្វឹកហាត់​នៅក្នុង​ស្រុក​ជួប​ការលំបាក​បន្តិច​សម្រាប់​កីឡាការិនី​ប្រដាល់សកល​ជម្រើសជាតិ ព្រោះ​អត់​មាន​ដៃគូ​ឡាំ​ឬ សម​គ្នា​គ្រប់គ្រាន់​។ ពេល​ហ្វឹកហាត់​នៅ​ស្រុក​ខ្មែរ មានតែ​ការ​សម ឬ ឡាំ​ជាមួយ​កីឡាករ​គ្នាឯង​ប៉ុណ្ណោះ ដែល​ពិបាក​រក​ចំណុចខ្សោយ និង​បច្ចេកទេស​ពិត​។ ប៉ុន្តែ​ការហ្វឹកហាត់​នៅ​ជប៉ុន​លើក​នេះ​មាន​កីឡាការិនី​ឡាំ​គ្នា​គ្រប់គ្រាន់ និង បំប៉ន​ផ្នែក​ចង្វាក់​ប្រយុទ្ធ​ឲ្យ​ល្អ​ថែម​ទៀតផង​។ នាពេល​កន្លងទៅ វិញ្ញាសា​ប្រដាល់សកល​នៅ​ស៊ី​ហ្គេម​ឆ្នាំ ២០១៩ ត្រូវបាន​គេ​បង្ហើប​គម្រោង​បឋម​ថា​នឹង​បញ្ជូន​កីឡាករ ៤ នាក់ និង កីឡាការិនី ២ នាក់​ទៅ​ចូលរួម​ប្រកួត​។ ដូច្នេះ​កីឡាករ ៣ នាក់​ផ្សេងទៀត​កំពុង​ហ្វឹកហាត់​នៅ​កម្ពុជា ហើយ ៣ នាក់​ទៀត​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន មាន វី ស្រី​ខួច​, នៅ ស្រី​ពៅ និង ណាត សៀក​និ​ន​។​

ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។ វី ស្រី​ខួច នឹង​ប្រកួត​ប្រភេទ​ទម្ងន់​ចន្លោះ​ពី ៥៨ ទៅ ៦០ គីឡូក្រាម​។​
​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​។

© រក្សាសិទ្ធិដោយ thmeythmey.com