អន្តរជាតិ
លោក ពូទីន៖ រុស្ស៊ីកំពុងជួយចិនសាងសង់ប្រព័ន្ធព្រមានការវាយប្រហារមីស៊ីល ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នាជំនួបមួយ។ រូបភាព AFP
× ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នៅថ្ងៃទី៣ ខែតុលា និយាយថា រុស្ស៊ីកំពុងជួយចិនក្នុងការសាងសង់ប្រព័ន្ធព្រមានទុកមុនពីការវាយប្រហារដោយមីស៊ីល។ បើតាមលោក ពូទីន មានតែរុស្ស៊ី និងអាមេរិកប៉ុណ្ណោះដែលមានប្រព័ន្ធការពារបែបនេះ។ ទោះជាយ៉ាងណា មេដឹកនាំរុស្ស៊ីរូបនេះនៅតែអះអាងថា ទំនាក់ទំនងរវាងរុស្ស៊ី និងចិន មិនសំដៅប្រទេសទីបីណាមួយឡើយ។
ចិន កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅកាន់តំណែងប្រទេសទីបីដែលមានប្រព័ន្ធព្រមានទុកមុនពីការវាយប្រហាររបស់មីស៊ីល ហើយរុស្ស៊ីកំពុងជួយចិនក្នុងកិច្ចការនេះដើម្បីពង្រឹងសមត្ថភាពការពារខ្លួន។ នេះបើតាមការទម្លាយតាមមីក្រូរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ។
នាកម្មវិធីសំណួរ-ចម្លើយក្នុងវេទិកានយោបាយ Valdai Club នៅថ្ងៃទី៣ ខែតុលា លោក ពូទីន ប្រាប់អ្នកចូលរួមថា៖ «ខ្ញុំមិនគិតថា វាជារឿងសំងាត់ទៀតឡើយ ហើយវានឹងលេចចេញកាន់តែច្បាស់។ នោះ គឺយើងកំពុងជួយដៃគូចិនរបស់យើងក្នុងការបង្កើតប្រព័ន្ធព្រមានមួយ។ វាជាប្រព័ន្ធដែលនឹងបង្កើនសមត្ថភាពការពារខ្លួនរបស់ចិនមួយកម្រិតថែមទៀត។» ចំពោះមុខមេដឹកនាំបរទេសដូចជាមហាក្សត្រហ្ស៊កដានី និងប្រធានាធិបតីហ្វីលីពីនផងនោះ លោក ពូទីន បញ្ជាក់ថា មកទល់ពេលនេះមានតែរុស្ស៊ី និងអាមេរិកប៉ុណ្ណោះដែលមានប្រព័ន្ធបែបនេះ។
ប្រព័ន្ធព្រមានទុកនេះ ជាការរួមបញ្ចូលរវាងរ៉ាដានៅលើដី និងផ្កាយរណបនៅលើលំហអាកាស ដែលមានតួនាទីតាមចាប់ការបាញ់មីស៊ីលបាលីស្ទិក និងគន់គូរពីផ្លូវហោះរបស់មីស៊ីល។ ទិន្នន័យដែលប្រមូលបាន នឹងបញ្ជូនភ្លាមៗទៅកាន់ទីបញ្ជាការមួយដើម្បីយកទៅគិតគូរពីវិធីសាស្ត្រដែលត្រូវឆ្លើយតបនឹងការវាយប្រហារ។
បច្ចុប្បន្ន រុស្ស៊ី កំពុងតែប្រើប្រាស់ប្រព័ន្ធប្រឆាំងមីស៊ីលបាលីស្ទិក A-135 ដើម្បីការពារខ្លួន។ ប្រព័ន្ធនេះ រួមមានបណ្ដាញរ៉ាដាព្រមានទុកមុន ដែលត្រូវបានពង្រាយតាមទីតាំងជាច្រើនដើម្បីចាប់យកព័ត៌មាននៃការបាញ់មីស៊ីលបាលីស្ទិកណាមួយ រួចបញ្ចូនព័ត៌មានដែលចាប់បានទៅកាន់ទីបញ្ជាការមួយ ដែលបន្តមកបញ្ជូនព័ត៌មាននោះទៅឲ្យរ៉ាដា Don-2N ដើម្បីវិភាគ។ មីស៊ីល ABM ដែលជាមីស៊ីលប្រឆាំងមីស៊ីលបាលីស្ទិក នឹងត្រូវប្រើដើម្បីកម្ទេចមីស៊ីលសត្រូវ។
ក្រៅពីបង្ហើបព័ត៌មានដ៏សំខាន់នេះ លោក ពូទីន ក៏ឆ្លៀតផ្ញើសារទៅកាន់ប្រទេសណាដែលចង់បំពានចិនទៀត។ បើតាមទីភ្នាក់ងារព័ត៌មាន Xinhua នាវេទិកានៅឯទីក្រុងមាត់សមុទ្រស៊ូជី ប្រធានាធិបតីរុស្ស៊ីរូបនេះអះអាងថា ការប៉ុនប៉ងណាមួយដើម្បីឡោមព័ទ្ធចិន នឹងមិនទទួលបានជោគជ័យឡើយ តែនឹងភ្លើងឆេះខ្លួនឯងវិញទៀតផង។ និយាយពីទំនាក់ទំនងទ្វេភាគី លោក ពូទីន លើកឡើងថា រុស្ស៊ី និងចិនកំពុងសហការគ្នាយ៉ាងល្អដើម្បីប្រយោជន៍គ្នាទៅវិញទៅមក៕
Tag:
ចិន
រុស្ស៊ី
អាមេរិក
វ៉ា្លឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com