ជាតិ
បាក់ឌុប
វិទ្យាល័យចំនួន៥ ទទួលពានរង្វាន់ «វិទ្យាល័យសិស្សពូកែ»
× ភ្នំពេញ៖ វិទ្យាល័យចំនួន ៥ ក្នុងចំណោមវិទ្យាល័យ ១៨៨ ដែលមានសិស្សជាប់និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៩ ទទួលបានពានរង្វាន់ «វិទ្យាល័យសិស្សពូកែ» ពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសទិវាគ្រូបង្រៀន។ វិទ្យាល័យទាំង ៥ ដែលទទួលបានពានរង្វាន់នេះ មានដូចជា វិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យទួលទំពូង, វិទ្យាល័យព្រះមុនីវង្ស, វិទ្យាល័យ ១០ មករា ១៩៧៩ និងវិទ្យាល័យ ហ៊ុន សែន សេរីភាព។
តាមរយៈលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ ១៩ សីហា ២០១៩ សិស្សជាប់និទ្ទេស A មានចំនួន ៤៤៣នាក់ មកពីវិទ្យាល័យចំនួន ១៨៨។ ក្នុងចំណោមវិទ្យាល័យ ១៨៨ ដែលមានសិស្សជាប់និទ្ទេស A មានវិទ្យាល័យតែ ៥ ប៉ុណ្ណោះ ទទួលបានពានរង្វាន់ «វិទ្យាល័យសិស្សពូកែ» ពីក្រសួងអប់រំ យុវជន និងកីឡា។
បើតាមក្រសួងអប់រំ វិទ្យាល័យព្រះស៊ីសុវត្ថិ នៅរាជធានីភ្នំពេញ បានជាប់លេខ ១ ដោយទទួលបានសិស្សនិទ្ទេស A ចំនួន ១៨នាក់។ ចំណែកវិទ្យាល័យទួលទំពូង នៅរាជធានីភ្នំពេញ, វិទ្យាល័យព្រះមុនីវង្ស នៅខេត្តបាត់ដំបង និងវិទ្យាល័យ១០ មករា ១៩៧៩ នៅខេត្តសៀមរាប បានជាប់លេខ ២ ដែលទទួលបានសិស្សនិទ្ទេស A ចំនួន ១០នាក់។ ដោយឡែក វិទ្យាល័យ ហ៊ុន សែន សេរីភាព នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ទទួលបានចំណាត់ថ្នាក់លេខ ៥ ដែលមានសិស្សនិទ្ទេស A ចំនួន ៩នាក់។
វិទ្យាល័យចំនួន ៥ ខាងលើនេះ ទទួលបានពានរង្វាន់មួយ និងថវិកាមួយចំនួន។ ជាមួយគ្នានេះ គ្រូបង្រៀន ចំនួន ១១រូប ក៏ទទួលបានការបំពាក់គ្រឿងឥស្សរិយសមុនីសារាភ័ណ្ឌថ្នាក់ ធិបឌិន្ទ ដែលបង្រៀនសិស្សឲ្យទទួលបាននិទ្ទេស A ដោយមានពិន្ទុខ្ពស់ជាងគេ ទាំង ១១ មុខវិជ្ជា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
សូមបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ សិស្សប្រឡងជាប់មានចំនួន ៧៩ ០៥២នាក់ ត្រូវជា ៦៨.៦២ភាគរយ។ ក្នុងនោះ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤៤៣នាក់ និទ្ទេស B មានចំនួន ២ ៤៣០នាក់ និទ្ទេស C មានចំនួន ៥ ៨៤៧នាក់។ ចំណែកឯនិទ្ទេស D មានចំនួន ១៤ ១០០នាក់ និងនិទ្ទេស E មានចំនួន ៥៦ ២៣២ នាក់៕
Tag:
បាក់ឌុប
អប់រំ
និទ្ទេស A
© រក្សាសិទ្ធិដោយ thmeythmey.com