ជាតិ
ក្រុមហ៊ុនមួយ មានគម្រោងវិនិយោគលើការកែច្នៃស្វាយនៅកម្ពុជា លោក វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម ក្នុងជំនួបជាមួយ លោក Ung Kim នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Cam M J Agricultural Park Co., Ltd នៅថ្ងៃទី៤តុលា។ (រូបភាព៖ហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម)
× ក្រុមហ៊ុន Cam M J Agricultural Park Co., Ltd មានបំណងវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម (កែច្នៃស្វាយ) នៅប្រទេសកម្ពុជានៅក្នុងពេលឆាប់ៗនេះ។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាង លោក វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម ជាមួយ លោក Ung Kim នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Cam M J Agricultural Park Co., Ltd កាលពីថ្ងៃទី៤តុលានេះ។
ហ្វេសប៊ុករបស់លោក វេង បានស្រង់សម្តីលោក Ung Kim មកចុះផ្សាយថា ក្រុមហ៊ុននេះបានទទួលគោលការណ៍វិនិយោគពីCDC នៅដើមឆ្នាំ២០១៩ ដើម្បីសង់ Cam M J Agricultural Park Special Economic Zone លើផ្ទៃដីជិត១០០ហិកតា ស្ថិតនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តំបន់ឧស្សាហកម្ម ដែលត្រូវចំណាយថវិកាប្រមាណ ១៥០លានដុល្លារ មានរយៈពេល៥ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥នេះ នឹងត្រូវធ្វើជាកន្លែងតាំងពិព័រណ៍កសិផល,ការប្រមូលទិញ,ការកែច្នៃផ្លែឈើត្រូពិក បន្លែ, ការធ្វើជំនួញកសិផលជាមួយដៃគូឈានមុខអន្តរជាតិ និងជាកន្លែងអនុវត្តបច្ចេកទេសកសិកម្ម, ទីតាំងប្រមូលផ្តុំក្រុមផលិតពូជ និងការកែច្នៃជីសរីរាង្គ។ នេះបើតាមលោក Ung Kim។
ឆ្លើយតបនឹងគម្រោងវិនិយោគនេះ លោករដ្ឋមន្រី្តក្រសួងកសិកម្ម អះអាងថាក្រសួងនឹងផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ទាំងឯកសាររដ្ឋបាល ច្បាប់ និងបច្ចេកទេស ធ្វើយ៉ាងណាឲ្យគម្រោងសម្រេចទទួលបានជោគជ័យ ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់កសិផលកែច្នៃលើទីផ្សារក្នុង និងក្រៅប្រទេស ប្រកួតប្រជែង ជំរុញការប្រើប្រាស់ និងកាត់បន្ថយការនាំចេញវត្ថុធាតុដើមស្វាយ។ ក្រៅពីផលិតផលស្វាយ លោករដ្ឋមន្រី្ត ក៏បានប្រាប់ឲ្យក្រុមហ៊ុន គិតគូរវិនិយោគលើផលិតផលសក្តានុពលសម្រាប់ការកែច្នៃ និងនាំចេញដទៃទៀតនៅកម្ពុជាដែរ ដូចជាផលិតផលដំឡូងមី ម្រេច ស្វាយចន្ទី និងត្រីទឹកសាប៕
© រក្សាសិទ្ធិដោយ thmeythmey.com