FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ថៃនឹងកែលម្អកីឡដ្ឋានដើម្បីត្រៀមដេញថ្លៃរៀប World Cup ជាមួយបណ្តាមិត្តអាស៊ាន
× ថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការដេញថ្លៃរួមគ្នាជាមួយបណ្តាប្រទេសអាស៊ានដើម្បីធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០៣៤។ លោក Pipat Ratchakitprakan រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ ប្រាប់ទីភ្នាក់ងារព័ត៌មានថៃថាថៃនឹងកែលម្អកីឡដ្ឋានរបស់ខ្លួនឲ្យស្របតាមស្តង់ដារបស់ FIFA សម្រាប់ការដេញថ្លៃនេះ។
ក្រោយកិច្ចប្រជុំស្តីពីការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup រដ្ឋមន្ត្រីថៃខាងលើបានលើកឡើងថា ថៃបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីប្រជែងដេញថ្លៃរៀបចំព្រឹត្តិការណ៍កីឡាដែលធ្វើឡើង៤ឆ្នាំម្តងនេះរួមជាមួយបណ្តាប្រទេសអាស៊ាន។ ការអះអាងរបស់លោក Pipat បែបនេះគឺស្របតាមគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា។
នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ក្នុងក្រុងបាងកក កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ លោកប្រាយុទ្ធ ធ្លាប់បានប្រកាសហើយថា ប្រទេសតំបន់អាស៊ានរួមទាំងកម្ពុជាផងនោះនឹងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០៣៤។
គណៈកម្មាធិការដែលបង្កើតឡើងដើម្បីធ្វើការលើការដេញថ្លៃនេះ ត្រូវបានដឹកនាំដោយលោក Pipat ដែលមានតំណែងជាលេខាធិការអចិន្ត្រៃយ៍ទេសចរណ៍ និងកីឡាថៃស្រាប់ហើយនោះ។
ស្របពេលមានការប្រកាសនេះ លោក Kongsak Yodmanee ប្រធានសហព័ន្ធកីឡាថៃ (SAT) លើកឡើងថាសព្វថ្ងៃនេះនៅមិនទាន់មានទីលានបាល់ទាត់ណាស្របតាមស្តង់ដាររបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA នៅឡើយទេនៅក្នុងប្រទេសថៃ។
ប៉ុន្តែយ៉ាងណាក៏ដោយ កីឡដ្ឋានដែលមានស្រាប់នឹងត្រូវជួសជុលឡើងវិញ ហើយកីឡដ្ឋានថ្មីមួយនឹងត្រូវសាងសង់នៅក្នុងខេត្តឈុនបុរីសម្រាប់ត្រៀមដេញថ្លៃធ្វើជាម្ចាស់ផ្ទះអូឡាំពិកយុវជនរដូវក្តៅឆ្នាំ ២០២៦ ផង។
ប្រទេសអាស៊ានទាំង១០រួមមាន ថៃ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី វៀតណាម និងព្រុយណេ។ ចំណោមទាំង១០ប្រទេសនេះ មានប្រជាជនសរុបជាង ៦៤០លាននាក់ដែលភាគច្រើនសុទ្ធតែចូលចិត្តលេងកីឡាបាល់ទាត់ ខណៈដែលក្រុមជម្រើសជាតិរបស់ពួកគេមិនធ្លាប់ឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឡើយ។
ប្រសិនការដេញថ្លៃនេះបានសម្រេចមានន័យថា ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតលំដាប់ពិភពលោក FIFA World Cup ត្រូវរៀបចំនៅតំបន់អាស៊ានជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ពោលគឺនៅរយៈពេល១៥ឆ្នាំក្រោយ គិតចាប់ពីឆ្នាំ២០១៩នេះតទៅ។
ក្នុងចំណោមការប្រកួតកីឡានេះចំនួន២១លើកកន្លងមក ទ្វីបអាស៊ីទទួលសិទ្ធិរៀបចំធ្វើម្ចាស់ផ្ទះបានមួយលើកប៉ុណ្ណោះកាលពីឆ្នាំ២០០២ ដែលដឹកនាំដោយជប៉ុននិងកូរ៉េខាងត្បូង។ កាតាក៏នឹងក្លាយជាប្រទេសអាស៊ីទី៣ដែលទទួលសិទ្ធិធ្វើម្ចាស់ផ្ទះក្នុងឆ្នាំ២០២២ផងដែរ៕
Tag:
World Cup
ថៃ
ប្រាយុទ្ធ ចាន់អូចា
© រក្សាសិទ្ធិដោយ thmeythmey.com