ជាតិ
បទយកការណ៍ / បទសម្ភាសន៍
របាំ​បុរាណ​ខ្មែរ​៤ ឆ្លុះបញ្ចាំង​ពី​ទ្រឹស្ដី​ព្រះពុទ្ធ នឹង​សម្ដែង​ក្នុង​ពិព័រណ៍​ស្ដីពី​ព្រះពុទ្ធសាសនា នៅ​អាមេរិក​
06, Oct 2019 , 9:59 am        
រូបភាព
​ភ្នំពេញ​៖​របាំ​បុរាណ​ខ្មែរ និង​របាំ​បុរាណ​ច្នៃ​បែប​ទំនើប​ចំនួន​៤ ដែល​ឆ្លុះបញ្ចាំង​ពី​ទ្រឹស្ដី​ព្រះពុទ្ធ  នឹង​បង្ហាញខ្លួន​ក្នុង​ពិព័រណ៍​ស្ដីពី​ព្រះពុទ្ធសាសនា នៅ​សារមន្ទីរ ស្មេ​ត​សូ​នៀ​ន នៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១៩ ខែតុលា​ខាងមុខ​។ អ្នកស្រី សូ​ភី​លីន ជាម សា​ភា​រ៉ូ ដែលជា​អ្នកដឹកនាំ​ការសម្ដែង​នេះ រំពឹងថា​ការសម្ដែង​នឹង​ទទួលបាន​ជោគជ័យ ព្រោះ​សិល្បករ​សុទ្ធសឹង​មាន​ទេពកោសល្យ និង​ប្រឹងប្រែង​ហ្វឹកហាត់​អស់ពី​កម្លាំងកាយ​ចិត្ត​។ បើតាម​អ្នកស្រី សូ​ភី​លីន ការសម្ដែង​មានតែ​មួយថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ ហើយ​នៅ​ថ្ងៃទី​២០ នឹងមាន​ការធ្វើ​បទ​បង្ហាញ​ចំនួន​២ ស្ដីពី​ស្នាដៃ​ផ្កាស្លា​ក្រោម​អង្គការ ដែល​ស្នាដៃ​នេះ​ក៏​ស្ថិតក្នុង​របាំ​ទាំង​៤ ដែល​ត្រូវ​សម្ដែង​ដែរ​។​



​សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាស រវាង​កញ្ញា ប៉ូ សា​គុន នៃ​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី សូ​ភី​លីន ជាម សា​ភា​រ៉ូ ស្ដីពី​ការសម្ដែង​សិល្បៈ​បុរាណ​ខ្មែរ ក្នុង​ពិព័រណ៍​ស្ដីពី​ព្រះពុទ្ធសាសនា នៅ​សហរដ្ឋអាមេរិក ដូចតទៅ​៖




​ស្នាដៃ​របាំ​ទាំង​៤​រួមមាន​ទី​១ របាំ​បួងសួង​តា​យ៉ែ ជា​របាំ​សក្ការៈ​មួយ​ដែល​សម្ដែង​ទោល ដើម្បី​បណ្ដេញ​ឧបទ្រពចង្រៃ​ទាំងឡាយ​ឱ្យ​ចេញពី​នគរ ហើយ​សុំ​ពរជ័យ​សិរី​សួស្ដី​ឱ្យ​កើតមាន​ដល់​នគរ​ខ្មែរ​។ ទី​២ របាំ រាម​ឥសូរ​និង​នាង​មុនី​មេខា​លា​។ របាំ​នេះ​បង្ហាញ​អំពី​ការ​ផ្ចាញ់​ចិត្ត​លោភលន់​។ ស្នាដៃ​ទី​៣ បង្ហាញ​អំពី​ឈុត​មួយ​ក្នុង​ស្នាដៃ​ផ្កាស្លា​ក្រោម​អង្គការ ដែលមាន​ចំណងជើង​ថា​«​អន្លង់​ជីវិត​»​។ ឈុត​នេះ ប្រាប់​ពី​ការរៀប​ការ​ដោយ​បង្ខំ​នៅ​សម័យ​ប៉ុលពត​។ ចំណែក​ស្នាដៃ​ទី​៤ ឈ្មោះថា «​ស្លាកស្នាម​អតីត​» ដកស្រង់​ត្រង់​ឈុត​នាង​សីតា​លុយ​ភ្លើង​។ របាំ​បុរាណ​មួយ​នេះ ត្រូវបាន​ច្នៃ​បង្កើតឱ្យមាន​លក្ខណៈ​ទំនើប​បន្តិច​។ ស្នាដៃ​របាំ​ទាំង​៤ សុទ្ធសឹង​បាន​បង្កប់​នូវ​ទ្រឹស្ដី​ព្រះពុទ្ធសាសនា សម្រាប់​ឱ្យ​ទស្សនិកជន​ពិចារណា​។​

​អ្នកស្រី សូ​ភី​លីន ជាម សា​ភា​រ៉ូ ថា​បំណង​ធំ​បំផុត​នៃ​ការសម្ដែង​សិល្បៈ​បុរាណ​ខ្មែរ ក្នុង​ពិព័រណ៍​ស្ដីពី​ព្រះពុទ្ធសាសនា​នេះ ដើម្បី​បង្ហាញ​ពិភពលោក ជាពិសេស​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​រដ្ឋធានី​វា​ស៊ីន​តោន​ឌី​ស៊ី បានឃើញ​ពី​ស្នាដៃ​សិល្បៈ​បុរាណ​ខ្មែរ ព្រមទាំង​ស្នាដៃ​ច្នៃ​បង្កើត​ថ្មី​។​

​អ្នកដឹកនាំ​ការសម្ដែង​រូបនេះ រំពឹងថា​ការសម្ដែង​នឹង​ទទួលបាន​ជោគជ័យ ព្រោះ​សិល្បករ​បាន​ប្រឹងប្រែង​ហ្វឹកហាត់​អស់ពី​កម្លាំងកាយ​ចិត្ត​៕ 


Tag:
 សិល្បៈ​
 ​វប្បធម៌​
 ​របាំ​បុរាណ​
 ​របាំ​
 ​សូ​ភី​លីន​
 ​សាសនា​
© រក្សាសិទ្ធិដោយ thmeythmey.com