ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈឺ​អញ្ចាញ​មែន​ទេ​? រូបមន្ត​ធម្មជាតិ​ងាយៗ​ទាំងនេះ​ជួយ​បាន​
06, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មូលហេតុ​ទូទៅ​បំផុត​ដែល​បណ្ដាលឱ្យ​ឈឺ​អញ្ចាញ គឺ​បញ្ហា​មាត់​ធ្មេញ រួមទាំង​ជំងឺ​រលាក​អញ្ចាញធ្មេញ​។ ទោះជា​យ៉ាងណា​អ្នក​អាច​បំបាត់​ការឈឺ​ចាប់បាន​យ៉ាង​ងាយ​ដោយ​ខ្លួនឯង​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​នៃ​បញ្ហា​ហាក់ដូចជា​មិន​ប្រសើរឡើង​សោះ ចូរ​កុំ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំបាត់​អា​ការៈឈឺ​អញ្ចាញ​ឆាប់រហ័ស ៖

១. ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​ក្ដៅ​ឧណ្ហៗ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​ឲ្យ​សព្វ​សឹម​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។ អនុវត្ត​អោយបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​

២. អំបិល​និង​ទឹកក្រូច​ឆ្មារ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ១ ស្លាបព្រា​បាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​ឲ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ម៉ាស្សា​ល្បាយ​ថ្នមៗ​ត្រង់​អញ្ចាញ​ដែល​ហើម​ឈឺ​។ ទុកចោល​សម្រាប់​រយៈពេល​ប៉ុន្មាន​វិនាទី​សិន​សឹម​ខ្ពុរ​លាង​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ធម្មតា​។​

៣. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​បាយ​ក្នុង​ទឹក ១ កែវ​។ កូរ​ឲ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​ជាការ​ស្រេច​។​

៤. ប្រើប្រាស់​កញ្ចប់​តែ​តូចៗ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​មួយកញ្ចប់​តូច​ក្នុង​ទឹក​ក្ដៅ​ដាំ​ពុះ​។ រងចាំ​រយៈពេល ២ នាទី​ក្រោយ​សឹម​យក​កញ្ចប់​តែ​ចេញ​ហើយ​ទុក​ឲ្យ​ត្រជាក់​។ បន្ទាប់មក​ស្អំ​កញ្ចប់​តែ​នោះ​លើ​អញ្ចាញ​សម្រាប់​រយៈពេល ៥ នាទី​ជាការ​ស្រេច​។​

៥. ប្រទាល​កន្ទុយក្រពើ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ខ្ពុរ​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​ក្នុង​មាត់​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយថ្ងៃ​។​

៦. ម្សៅ Baking soda

​លាយ​ម្សៅ baking soda ជាមួយ​ទឹក​ធម្មតា​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ សឹម​លាប​ម៉ាស្សា​លើ​អញ្ចាញ​ដែល​ឈឺ រួច​ខ្ពុរ​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អ្នក​អាច​លាយ​ម្សៅ baking soda ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ កូរ​ឲ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com