ជាតិ
រថយន្ត
វីដេអូ
ព្រឹក​,​រសៀល​,​យប់ នៅ​សៀមរាប គួរ​ទៅ​កម្សាន្ត​កន្លែង​ណា​?
06, Oct 2019 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ ខេត្តសៀមរាប សម្បូរ​ទៅដោយ​សក្តានុពល​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​។ តំបន់​ទេសចរណ៍​នាទី​ក្រុង​អង្គរ​នេះ អាច​ឲ្យ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​គ្រប់ពេលវេលា មិន​ថា​ពេលព្រឹក​ព្រលឹម​, ពេល​រសៀល​, ពេល​ល្ងាច និង​ពេលយប់​។ លោក ជុក ជំនោរ បានបញ្ជាក់​ប្រាប់​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» យ៉ាង​ដូច្នេះ​៖ «​ពេលព្រឹក​អាកាសធាតុ​ត្រជាក់ ភ្ញៀវទេសចរ​អាច​កម្សាន្ត​នៅ​តំបន់​ប្រាសាទ​, ពេល​រសៀល អាច​ទស្សនា​តាម​សហគមន៍​, ពេល​ល្ងាច ទៅ​មើល​សត្វ​ស្លាប និង​ថ្ងៃ​លិច និង​ពេលយប់ ទៅ​ទស្សនា​ជីវិត​ពេល​រាត្រី​របស់​អ្នក​សៀមរាប​»​។



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍​ដូចតទៅ​៖



​ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ លើកឡើងថា ខេត្តសៀមរាប នៅពេល​ព្រឹក​ព្រលឹម ភ្ញៀវ​ទេសចរណ៍​អាច​ទៅ​មើល​ថ្ងៃ​រះ​លើ​ភ្នំ​បាក់​ខែង និង​បន្ត​ទស្សនា​តំបន់​ប្រាសាទ​។  ចំណែក​ពេល​រសៀល និង​ពេល​ល្ងាច លោក ជុក ជំនោរ ប្រាប់ថា ភ្ញៀវ​ទេសចរណ៍ អាច​ទៅ​ទស្សនា​តាម​សហគមន៍​នានា និង​បន្ត​មើល​សត្វ​ស្លាប រួមទាំង​ថ្ងៃ​លិច​។ លោក ជុក ជំនោរ បន្ថែមថា សម្រាប់​ពេលយប់​វិញ ភ្ញៀវទេសចរ អាច​ទៅ​ទស្សនា​ជីវិត​ពេល​រាត្រី​របស់​អ្នក​សៀមរាប ពិសេស​តំបន់ Pub Street​។

​នៅ​ថ្ងៃទី ៧-៩ តុលា​នេះ ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​ផ្តិត​យក​ទស្សនីយភាព​នៃ​សក្តានុពល​ទេ​សចណ៍​ល្អ​ឯកនៃ​«​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​» នៅក្នុង​ទឹកដី​អង្គរ​សៀមរាប​មក ផ្សព្វផ្សាយ​ជូន​ប្រិយមិត្ត​ដែល​តាមដាន​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»​។

អត្ថបទទាក់ទង

​គួររម្លឹកថា  បេសកកម្ម​ទី​១ ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បាន​ទៅ​ស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, បេសកកម្ម​ទី​២ ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ​។ បេសកកម្ម​ទី​៣ ធ្វើដំណើរ​ទៅកាន់​តំបន់​ទេសចរណ៍​សក្តានុពល​បែប​ធម្មជាតិ​, សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ទេសចរណ៍​ប្រពៃណី​-​វប្បធម៌​ជនជាតិដើម​ភាគតិច នៅ​ខេត្តរតនគិរី និង​បេសកកម្ម​ទី​៤ ឆ្ពោះទៅកាន់ «​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​» នៃ​ខេត្តកោះកុង​។​

​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និង​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​។ កម្មវិធី​នេះ បង្កើតឡើង​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍​ដែល​គេ​មិនសូវ​ស្គាល់ ឬ​តំបន់​ទេសចរណ៍​សក្តានុពល​ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕

Tag:
 Mercedes-Benz និង​កំណប់​អាថ៌កំបាំង​
© រក្សាសិទ្ធិដោយ thmeythmey.com