ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រៀន​គួរ និង​យកលុយ​សិស្ស កំពុង​បណ្តុះ​ទម្លាប់​សូកប៉ាន់​ក្នុងសង្គម និង​បង្កើត​វិសមភាព​នៃ​ការអប់រំ
07, Oct 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការបើក​បង្រៀន​គួរ និង​យកលុយ​សិស្ស បាន​ក្លាយជា​ទម្លាប់​ទៅហើយ​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​។ លោក ប៉ា ចាន់​រឿន បណ្ឌិត​ទស្សនវិជ្ជា​មកពី​ប្រទេស​អូស្ត្រាលី បាន​ចាត់​ទង្វើ​នេះ ថា កំពុងតែ​បណ្តុះ​ឲ្យ​សិស្ស​មាន​ទម្លាប់​សូកប៉ាន់​តាំងពីក្មេង​។ សាស្ត្រាចារ្យ​វ័យក្មេង​រូបនេះ បាន​សង្កត់ធ្ងន់ថា ក្រៅពី​បង្រៀន​សិស្ស​ឲ្យ​មាន​ទម្លាប់​ពុករលួយ ការបង្រៀន​គួរ និង​យកលុយ​សិស្ស ក៏បាន​បង្កើត​ភាពអយុត្តិធម៌​ចំពោះ​សិស្ស​ក្រីក្រ​ផងដែរ​។ 



​សូម​អញ្ជើញ​អាន និង​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកសារព័ត៌មាន​នៃ​គេហទំព័រ​ថ្មីៗ ជាមួយ លោក ប៉ា ចាន់​រឿន ដូចតទៅ​៖




​លោក រ៉ឹ​ម ភា​រី​៖ តើ​លោក ប៉ា ចាន់​រឿន យល់ឃើញ​យ៉ាងណា​ចំពោះ​ការបង្រៀន​គួរ​នៅ​កម្ពុជា​?

​លោក ប៉ា ចាន់​រឿន​៖ គោលបំណង​សំខាន់​នៃ​ការរៀន​គួរ ឬ​គេ​ហៅថា​រៀន​បន្ថែម​នេះ គឺ​ដើម្បី​បំប៉ន​សិស្ស​ដែល​រៀន​អត់​ទាន់​គេ​នៅក្នុង​សាលា​។ ការបង្រៀន​គួរ​នៅក្នុង​បរិបទ​ប្រទេស​ដទៃ អ្នក​បង្រៀន​គួរ​ហ្នឹង ភាគច្រើន​មិនមែនជា​គ្រូ​ដែល​បង្រៀន​នៅក្នុង​សាលា​ទេ​។ គេ​មាន​អ្នកជំនាញ​ផ្សេងទៀត ជួយ​បង្ហាត់បង្រៀន​សិស្ស​ណា ដែល​រៀន​អត់​ទាន់​គេ​នៅក្នុង​ថ្នាក់​។ ដោយឡែក​គ្រូបង្រៀន​នៅ​សាលា គេ​មិន​ឲ្យ​បើក​បង្រៀន​គួរ​នៅក្រៅ​ថ្នាក់​ទេ​នៅ​ប្រទេស​ជាច្រើន ព្រោះ​គេ​មិន​ចង់​ឲ្យ​មានទំនាស់​ផលប្រយោជន៍​។ ឧទាហរណ៍​ថា គ្រូ​គណិតវិទ្យា​បង្រៀន​ក្នុង​ថ្នាក់​ហើយ គាត់​ទៅ​បើក​បង្រៀន​គួរ​នៅផ្ទះ​គាត់ ឬ​កន្លែង​ណាមួយ អាច​គ្រូ​ហ្នឹង មិនសូវ​យកចិត្តទុកដាក់​នៅពេល​បង្រៀន​ក្នុង​សាលា បែរ​ទៅ​ផ្តោតអារម្មណ៍​បង្រៀន​ពេញដៃពេញជើង​នៅ​ម៉ោង​គួរ ឬក៏​គាត់​យក​វិញ្ញាសា ឬ​សំណួរ​ដែល​បង្រៀន​គួរ​នៅក្រៅ​សាលា មក​ដាក់​ឲ្យ​សិស្ស​ប្រឡង​ប្រចាំខែ ឬ​ប្រចាំឆមាស ដែល​បង្កើត​ភាពអយុត្តិធម៌​សម្រាប់​សិស្ស​ដែល​អត់​បាន​ទៅ​រៀន​គួរ​។

​បើ​យើង​ពិនិត្យមើល​នៅក្នុង​ប្រទេស​កម្ពុជា​យើង​វិញ ភាគច្រើន​មាន​រៀន​គួរ​គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា សូម្បី​អក្សរសាស្ត្រ​ខ្មែរ​ក៏​រៀន​គួរ​ដែរ​។ បើ​ខ្ញុំ​ក្រឡេក​ទៅក្រោយ ពេល​ខ្ញុំ​រៀន​វិទ្យាល័យ​កាលពី​ចុង​ទសវត្ស៍​៩០ ខ្ញុំ​ឃើញ​មាន​ភាពអយុត្តិធម៌​តាំងពី​នោះមក​។ ខ្ញុំ​ជា​កូន​អ្នកស្រែ ខ្ញុំ​អត់​មាន​លុយ​ទៅ​រៀន​គួរ​ទេ​។ ជារឿយៗ​គ្រូបង្រៀន​គួរ​តែងតែ​ធ្វើបាប​សិស្ស ដែល​អត់​បាន​ទៅ​រៀន​គួរ​ជាមួយ​គាត់​។ វា​ជា​សម្ពាធ​ដោយផ្ទាល់ និង​ប្រយោល ព្រោះ​ពេលដែល​ប្រឡង​ប្រចាំខែ ឬ​ឆមាស ភាគច្រើន​គាត់​យក​វិញ្ញាសា​រៀន​គួរ មក​ដាក់​ឲ្យ​ប្រឡង ដែល​ធ្វើ​ឲ្យ​អ្នក​មិនបាន​ទៅ​រៀន​គួ​អត់​សូវ​ដឹង​ពី​របៀប​ធ្វើ ហើយ​ពេលដែល​ពួកគេ​ធ្វើតាម​សមត្ថភាព​ថ្មីចែស​របស់ខ្លួន ពេលខ្លះ​ក៏​ទទួលបាន​ពិន្ទុ​មិនសូវ​ល្អ ដូច​សិស្ស​ដែល​បាន​រៀន​គួរ​ដែរ​។
​មួយវិញទៀត គ្រូ​ខ្លះ​បង្រៀន​គួរ​ថ្ងៃ​សៅរ៍​អាទិត្យ​ទៀត ដែល​ធ្វើ​ឲ្យ​សិស្ស​រវល់​ខ្លាំង រហូត​គ្មាន​ពេល​លម្ហែ និង​សម្រាក ព្រោះ​ក្មេង​ជាទូទៅ​មាន​ម៉ោង​រៀន ម៉ោង​លេង និង​ម៉ោង​សម្រាក​។ ការធ្វើ​ឲ្យ​សិស្ស​រៀន​រហូត​ចេញពីផ្ទះ​ម៉ោង​៥​ព្រលឹម ហើយ​ចូលមក​ផ្ទះ​ម៉ោង​៨ ឬ​៩​យប់ ធ្វើ​ឲ្យ​ពួកគេ​អស់កម្លាំង​គ្មាន​ពេល​រម្លឹក​មេរៀន គ្មាន​ពេល​សម្រាក ដើម្បី​ទទួលយក​មេរៀន និង​ការពន្យល់​របស់​គ្រូ​នៅ​ថ្ងៃស្អែក​ទេ​។ ការរៀន​គួរ​នេះ​ទៀតសោត ធ្វើ​ឲ្យ​សិស្ស​មាន​សម្ពាធ ព្រោះ​សិស្ស​ខ្លះ​មិន​ចង់​រៀន​គួរ ក៏​ត្រូវតែទៅ​រៀន​គួរ​ដែរ​។ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹងរង​សម្ពាធ ការស្តីបន្ទោស ឬ​ការគាបសង្កត់​ផ្លូវចិត្ត​ពី​គ្រូ​។ ខ្ញុំ​យល់ថា លោកគ្រូ​អ្នកគ្រូ​មួយចំនួន ជីវភាព​របស់គាត់​ផ្តោត​សំខាន់​លើ​ការរៀន​គួរ ប៉ុន្តែ​បើ​រវល់​ផ្តោតលើ​ការរៀន​គួរ តែ​មិន​បង្រៀន​នៅក្នុង​សាលា​ពេញដៃពេញជើង គ្រូបង្រៀន កំពុង​បង្កើត​ភាពអយុត្តិធម៌​ដល់​សិស្ស​ក្រីក្រ​។

​លោក រ៉ឹ​ម ភា​រី​៖ ស្តា​ប់លោក ប៉ា ចាន់​រឿន ហាក់ដូចជា​លោក​សង្កត់ធ្ងន់​លើ​ភាពអវិជ្ជមាន​នៃ​ការរៀន​គួរ​។ តើ​អ៊ីចឹង​មែន​ទេ​?

​លោក ប៉ាន់ ចាន់​រឿន​៖ មិន​អ៊ីចឹង​ទាំងស្រុង​ទេ​។ ការរៀន​គួរ​មាន​ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​។ វិជ្ជមាន​នោះ បើ​យើង​ប្រើការ​រៀន​គួរ​ឲ្យ​ចំ​គោលដៅ​។ ដូច​ខ្ញុំ​បានលើកឡើង​ខាងដើម​អ៊ីចឹង គោលដៅ​រៀន​គួរ​ដើម្បី​ជួយ​សិស្សានុសិស្ស ឲ្យ​រៀន​ទាន់​សិស្ស​ផ្សេងទៀត​នៅក្នុង​ថ្នាក់​។ គាត់​ជា​សិស្ស​ខ្សោយ​។ មួយទៀត ការរៀន​គួរ​គេ​បង្រៀន​បំប៉ន​ក្រុមសិស្ស​ណាមួយ ដើម្បី​ត្រៀមប្រឡង ឬ​ធ្វើ​អ្វីមួយ​។ ប៉ុន្តែ​បើ​យើង​យក​ម៉ោង​បង្រៀន​រដ្ឋ​ទៅ​បង្រៀន​គួរ​ដដែល វា​មិនចាំបាច់​ទេ​។ គ្រូ​គួរតែ​បង្រៀន​ពេញដៃពេញជើង​នៅក្នុង​ម៉ោង​រដ្ឋ ដើម្បី​ឲ្យ​សិស្ស​មាន​ពេល​ស្វ័យ​សិក្សា មាន​ពេល​រៀន​ជាមួយគ្នា មាន​ពេល​សម្រាក មាន​ពេល​ហាត់​កីឡា​។ ខ្ញុំ​ឃើញ​សិស្ស​វិទ្យាល័យ​សព្វថ្ងៃ រៀន​មួយថ្ងៃៗ​ច្រើន​ម៉ោង​ណាស់ តែ​ពិន្ទុ​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ និង​មិនសូវមាន​ភាព​វ័យឆ្លាត​ទេ​។ ខ្ញុំ​អាច​និយាយថា សិស្ស​វិទ្យាល័យ​ដែល​រៀន​នៅ​វិទ្យាល័យ​ឯកជន មាន​ពេល​សម្រាក​ច្រើន ដោយសារតែ​គេ​មិនបាន​ផ្តោតលើ​ការរៀន​គួរ ព្រោះតែ​សាលា​ឯកជន គេ​តម្រូវ​ឲ្យ​គ្រូ​យកចិត្ត​ទុក​ឲ្យ​បាន​ពេញដៃពេញជើង​។

​លោក រ៉ឹ​ម ភា​រី​៖ បច្ចុប្បន្ន សាលា​ឯកជន​ថ្នាក់​ចំណេះដឹង​ទូទៅ​មានការ​រីកដុះដាល​នៅ​កម្ពុជា​។ ហើយ​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន​ដែល​ឪពុកម្តាយ​សិស្ស បញ្ជូន​កូន​ពួកគេ​ឲ្យ​ទៅ​រៀន​សាលា​ឯកជន​នោះ គឺ​មិន​ចង់​ឲ្យ​កូន​ពួកគេ​ចំណាយពេល និង​លុយ​ទៅ​រៀន​គួរ​។ តើ​និន្នាការ​បែបនេះ ជា​ការល្អ​ដែរឬទេ​? ហេតុអ្វី​?

​លោក ប៉ា ចាន់​រឿន​៖ ជាការ​ពិត ខ្ញុំ​បាន​សាកសួរ​ឪពុកម្តាយ​មួយចំនួន គាត់​បាន​និយាយ​បែបនេះ​មែន​។ គាត់​មិន​ចង់​ខ្វាយខ្វល់​រឿង​បង់លុយ​រៀន​គួរ និង​ចង់​ឲ្យ​កូន​គាត់​មាន​ពេល​សម្រាក​។ ម្យ៉ាង​ការរៀន​គួរ មួយ​ម៉ោង​១,៥០០ ទៅ​២,០០០​រៀល បូក​សរុបទៅ ក៏​អស់​មិនតិច​ទេ​នៅក្នុង​មួយខែៗ​។ តាមពិតទៅ ការរៀន​គួរ និង​ទារលុយ​ក្មេង​នៅ​សាលា​រដ្ឋ វា​ជាការ​បណ្តុះ​អំពើពុករលួយ តាំងពី​តូច​ដោយ​មិនដឹង​ខ្លួន​។ ខ្ញុំ​សុំទោស ខ្ញុំ​និយាយ​នេះ មិនមែន​ទាំងអស់​ទេ ខ្ញុំ​និយាយ​មួយចំនួន​។ ក្មេង​ខ្លះ​នៅ​ស្រុក​ស្រែចម្ការ ខ្ញុំ​ធ្លាប់បាន​ជួប​ម្តងម្កាល គាត់​ថា​គាត់​ជំពាក់​លុយ​គ្រូ​ជាង​២​ម៉ឺន​រៀល ហើយ​អត់​មាន​លុយ គាត់​អត់​ទៅ​រៀន​ទេ ព្រោះ​បើ​ទៅ​រៀន គ្រូ​ទារលុយ បើ​អត់លុយ​ឲ្យ​គ្រូ គ្រូ​ថា​ឲ្យ​ហើយ​គាត់​ខ្មាស​គេ ដូច្នេះ​គាត់​មិន​ហ៊ាន​ទៅ​រៀន​។ ចំណែក​ឪពុកម្តាយ​ដែលមាន​លទ្ធភាព បាន​បញ្ជូន​កូន​ទៅ​រៀន​សាលា​ឯកជន វា​មិន​អី​ទេ ព្រោះ​វិស័យ​ឯកជន ដើរតួ​មួយផ្នែក​ដែរ ដើម្បី​លើកកម្ពស់​គុណភាព​ក្នុងការ​បណ្តុះបណ្តាល និង​ការអប់រំ​នៅក្នុង​សង្គម​។ ប៉ុន្តែ​បើ​យើង​ឲ្យ​តួនាទី​សាលា​ឯកជន​ខ្លាំងពេក ហើយ​លែងដៃ​ដោយ​មិន​ពង្រឹងគុណភាព សីលធម៌ និង​ប្រសិទ្ធភាព​សម្រាប់​សាលា​រដ្ឋ វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ក្មេង និង​ឪពុកម្តាយ​ដែលមាន​ជីវភាព​ក្រីក្រ ព្រមទាំង​បង្កើត​ឲ្យ​មាន​វិសមភាព​នៅក្នុង​ការអប់រំ​។

​លោក រ៉ឹ​ម ភា​រី​៖ តាម​យោបល់​ផ្ទាល់ខ្លួន​របស់លោក ប៉ា ចាន់​រឿន តើ​លោក​ចង់​ឲ្យ​លុបបំបាត់​ការរៀន​គួរ ឬ​ត្រូវធ្វើ​ដូចម្តេច​? 

​លោក ប៉ា ចាន់​រឿន​៖ តាម​ការស្រាវជ្រាវ និង​សាកសួរ​ទៅ​លោកគ្រូ​អ្នកគ្រូ ពួកគាត់​បានលើកឡើង​ថា មាន​មេរៀន​ច្រើន​នៅក្នុង​កម្មវិធីសិក្សា​មួយឆ្នាំៗ​។ ដូច្នេះ​គាត់​ត្រូវ​បង្រៀន​ឲ្យ​លឿន តាម​ការកំណត់​របស់​ក្រសួង​អប់រំ​។ ហេតុនេះ គាត់​បាន​ឲ្យ​សិស្ស​ទៅ​រៀន​គួរ​បន្ថែម ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់ ពន្យល់​បន្ថែម​ឲ្យ​បាន​ពិស្តារ​។ ដំណោះស្រាយ​បញ្ហា​នេះ ទាល់តែ​ក្រសួង​ពិនិត្យ​មើលថា តើ​កម្មវិធីសិក្សា​គួរតែ​កាត់​កន្លែង​ណាខ្លះ ហើយ​បង្កើន​ម៉ោង​ឲ្យ​បាន​ច្រើន​។ បើសិន​សិស្ស​រៀន​តែមួយព្រឹក​ទេ គួរតែ​បន្ថែម​ម៉ោង​នៅពេល​ល្ងាច ដូច​អ្វីដែល​សាលា​ជំនាន់​ថ្មី​កំពុង​ធ្វើ​សព្វថ្ងៃ​។

​បើសិន​លុបបំបាត់​ការរៀន​គួរ វា​ប៉ះពាល់​ដល់​ជីវភាព​លោកគ្រូ​អ្នកគ្រូ​មួយផ្នែក​ដែរ​។ អ៊ីចឹង​ទាំង​គ្រូបង្រៀន គណៈ​គ្រប់គ្រង​សាលា និង​ក្រសួង គួរតែ​ពិភាក្សាគ្នា ហើយ​នាំគ្នា​បង្កើតជា​មូលនិធិ​ដោយ​ឲ្យ​ឪពុកម្តាយ​បង់លុយ​មក​មូលនិធិ​ហើយ​បែក​ចែក​មូលនិធិ​នោះ​ដល់​គ្រូបង្រៀន ល្អ​ជាង​សិស្ស​ឲ្យ​លុយ​គ្រូ​ផ្ទាល់​។ បើសិន​ធ្វើ​អ៊ីចឹង​បាន ខ្ញុំ​គិតថា​អាច​កាត់បន្ថយ​រូបភាព​សិស្ស​ឲ្យ​លុយ​គ្រូ គ្រូ​ទារលុយ​សិស្ស ភាសា​សាមញ្ញ​ថា សិស្ស​សូកលុយ​គ្រូ ដែល​រូបភាព​ទាំងនេះ ធ្វើ​ឲ្យ​គ្រូ​បាត់​តម្លៃ​។ បើសិនជា​គ្រូ​មិន​ពាក់ព័ន្ធ​នឹង​ការរៀន​គួរ និង​យកលុយ​ពី​សិស្ស ខ្ញុំ​ជឿថា យើង​អាច​ស្តារ​គុណ​តម្លៃ​របស់​គ្រូបង្រៀន​បាន​ឡើងវិញ​៕   

Tag:
 ប៉ា ចាន់​រឿន​
 ​រៀន​គួរ
© រក្សាសិទ្ធិដោយ thmeythmey.com