ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រៀនគួរ និងយកលុយសិស្ស កំពុងបណ្តុះទម្លាប់សូកប៉ាន់ក្នុងសង្គម និងបង្កើតវិសមភាពនៃការអប់រំ
× ភ្នំពេញ៖ ការបើកបង្រៀនគួរ និងយកលុយសិស្ស បានក្លាយជាទម្លាប់ទៅហើយសម្រាប់ការអប់រំនៅកម្ពុជា។ លោក ប៉ា ចាន់រឿន បណ្ឌិតទស្សនវិជ្ជាមកពីប្រទេសអូស្ត្រាលី បានចាត់ទង្វើនេះ ថា កំពុងតែបណ្តុះឲ្យសិស្សមានទម្លាប់សូកប៉ាន់តាំងពីក្មេង។ សាស្ត្រាចារ្យវ័យក្មេងរូបនេះ បានសង្កត់ធ្ងន់ថា ក្រៅពីបង្រៀនសិស្សឲ្យមានទម្លាប់ពុករលួយ ការបង្រៀនគួរ និងយកលុយសិស្ស ក៏បានបង្កើតភាពអយុត្តិធម៌ចំពោះសិស្សក្រីក្រផងដែរ។
សូមអញ្ជើញអាន និងស្តាប់បទសម្ភាសរវាង លោក រ៉ឹម ភារី អ្នកសារព័ត៌មាននៃគេហទំព័រថ្មីៗ ជាមួយ លោក ប៉ា ចាន់រឿន ដូចតទៅ៖
លោក រ៉ឹម ភារី៖ តើលោក ប៉ា ចាន់រឿន យល់ឃើញយ៉ាងណាចំពោះការបង្រៀនគួរនៅកម្ពុជា?
លោក ប៉ា ចាន់រឿន៖ គោលបំណងសំខាន់នៃការរៀនគួរ ឬគេហៅថារៀនបន្ថែមនេះ គឺដើម្បីបំប៉នសិស្សដែលរៀនអត់ទាន់គេនៅក្នុងសាលា។ ការបង្រៀនគួរនៅក្នុងបរិបទប្រទេសដទៃ អ្នកបង្រៀនគួរហ្នឹង ភាគច្រើនមិនមែនជាគ្រូដែលបង្រៀននៅក្នុងសាលាទេ។ គេមានអ្នកជំនាញផ្សេងទៀត ជួយបង្ហាត់បង្រៀនសិស្សណា ដែលរៀនអត់ទាន់គេនៅក្នុងថ្នាក់។ ដោយឡែកគ្រូបង្រៀននៅសាលា គេមិនឲ្យបើកបង្រៀនគួរនៅក្រៅថ្នាក់ទេនៅប្រទេសជាច្រើន ព្រោះគេមិនចង់ឲ្យមានទំនាស់ផលប្រយោជន៍។ ឧទាហរណ៍ថា គ្រូគណិតវិទ្យាបង្រៀនក្នុងថ្នាក់ហើយ គាត់ទៅបើកបង្រៀនគួរនៅផ្ទះគាត់ ឬកន្លែងណាមួយ អាចគ្រូហ្នឹង មិនសូវយកចិត្តទុកដាក់នៅពេលបង្រៀនក្នុងសាលា បែរទៅផ្តោតអារម្មណ៍បង្រៀនពេញដៃពេញជើងនៅម៉ោងគួរ ឬក៏គាត់យកវិញ្ញាសា ឬសំណួរដែលបង្រៀនគួរនៅក្រៅសាលា មកដាក់ឲ្យសិស្សប្រឡងប្រចាំខែ ឬប្រចាំឆមាស ដែលបង្កើតភាពអយុត្តិធម៌សម្រាប់សិស្សដែលអត់បានទៅរៀនគួរ។
បើយើងពិនិត្យមើលនៅក្នុងប្រទេសកម្ពុជាយើងវិញ ភាគច្រើនមានរៀនគួរគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា សូម្បីអក្សរសាស្ត្រខ្មែរក៏រៀនគួរដែរ។ បើខ្ញុំក្រឡេកទៅក្រោយ ពេលខ្ញុំរៀនវិទ្យាល័យកាលពីចុងទសវត្ស៍៩០ ខ្ញុំឃើញមានភាពអយុត្តិធម៌តាំងពីនោះមក។ ខ្ញុំជាកូនអ្នកស្រែ ខ្ញុំអត់មានលុយទៅរៀនគួរទេ។ ជារឿយៗគ្រូបង្រៀនគួរតែងតែធ្វើបាបសិស្ស ដែលអត់បានទៅរៀនគួរជាមួយគាត់។ វាជាសម្ពាធដោយផ្ទាល់ និងប្រយោល ព្រោះពេលដែលប្រឡងប្រចាំខែ ឬឆមាស ភាគច្រើនគាត់យកវិញ្ញាសារៀនគួរ មកដាក់ឲ្យប្រឡង ដែលធ្វើឲ្យអ្នកមិនបានទៅរៀនគួអត់សូវដឹងពីរបៀបធ្វើ ហើយពេលដែលពួកគេធ្វើតាមសមត្ថភាពថ្មីចែសរបស់ខ្លួន ពេលខ្លះក៏ទទួលបានពិន្ទុមិនសូវល្អ ដូចសិស្សដែលបានរៀនគួរដែរ។
មួយវិញទៀត គ្រូខ្លះបង្រៀនគួរថ្ងៃសៅរ៍អាទិត្យទៀត ដែលធ្វើឲ្យសិស្សរវល់ខ្លាំង រហូតគ្មានពេលលម្ហែ និងសម្រាក ព្រោះក្មេងជាទូទៅមានម៉ោងរៀន ម៉ោងលេង និងម៉ោងសម្រាក។ ការធ្វើឲ្យសិស្សរៀនរហូតចេញពីផ្ទះម៉ោង៥ព្រលឹម ហើយចូលមកផ្ទះម៉ោង៨ ឬ៩យប់ ធ្វើឲ្យពួកគេអស់កម្លាំងគ្មានពេលរម្លឹកមេរៀន គ្មានពេលសម្រាក ដើម្បីទទួលយកមេរៀន និងការពន្យល់របស់គ្រូនៅថ្ងៃស្អែកទេ។ ការរៀនគួរនេះទៀតសោត ធ្វើឲ្យសិស្សមានសម្ពាធ ព្រោះសិស្សខ្លះមិនចង់រៀនគួរ ក៏ត្រូវតែទៅរៀនគួរដែរ។ បើមិនដូច្នេះទេ ពួកគេនឹងរងសម្ពាធ ការស្តីបន្ទោស ឬការគាបសង្កត់ផ្លូវចិត្តពីគ្រូ។ ខ្ញុំយល់ថា លោកគ្រូអ្នកគ្រូមួយចំនួន ជីវភាពរបស់គាត់ផ្តោតសំខាន់លើការរៀនគួរ ប៉ុន្តែបើរវល់ផ្តោតលើការរៀនគួរ តែមិនបង្រៀននៅក្នុងសាលាពេញដៃពេញជើង គ្រូបង្រៀន កំពុងបង្កើតភាពអយុត្តិធម៌ដល់សិស្សក្រីក្រ។
លោក រ៉ឹម ភារី៖ ស្តាប់លោក ប៉ា ចាន់រឿន ហាក់ដូចជាលោកសង្កត់ធ្ងន់លើភាពអវិជ្ជមាននៃការរៀនគួរ។ តើអ៊ីចឹងមែនទេ?
លោក ប៉ាន់ ចាន់រឿន៖ មិនអ៊ីចឹងទាំងស្រុងទេ។ ការរៀនគួរមានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន។ វិជ្ជមាននោះ បើយើងប្រើការរៀនគួរឲ្យចំគោលដៅ។ ដូចខ្ញុំបានលើកឡើងខាងដើមអ៊ីចឹង គោលដៅរៀនគួរដើម្បីជួយសិស្សានុសិស្ស ឲ្យរៀនទាន់សិស្សផ្សេងទៀតនៅក្នុងថ្នាក់។ គាត់ជាសិស្សខ្សោយ។ មួយទៀត ការរៀនគួរគេបង្រៀនបំប៉នក្រុមសិស្សណាមួយ ដើម្បីត្រៀមប្រឡង ឬធ្វើអ្វីមួយ។ ប៉ុន្តែបើយើងយកម៉ោងបង្រៀនរដ្ឋទៅបង្រៀនគួរដដែល វាមិនចាំបាច់ទេ។ គ្រូគួរតែបង្រៀនពេញដៃពេញជើងនៅក្នុងម៉ោងរដ្ឋ ដើម្បីឲ្យសិស្សមានពេលស្វ័យសិក្សា មានពេលរៀនជាមួយគ្នា មានពេលសម្រាក មានពេលហាត់កីឡា។ ខ្ញុំឃើញសិស្សវិទ្យាល័យសព្វថ្ងៃ រៀនមួយថ្ងៃៗច្រើនម៉ោងណាស់ តែពិន្ទុមិនសូវជាល្អប៉ុន្មានទេ និងមិនសូវមានភាពវ័យឆ្លាតទេ។ ខ្ញុំអាចនិយាយថា សិស្សវិទ្យាល័យដែលរៀននៅវិទ្យាល័យឯកជន មានពេលសម្រាកច្រើន ដោយសារតែគេមិនបានផ្តោតលើការរៀនគួរ ព្រោះតែសាលាឯកជន គេតម្រូវឲ្យគ្រូយកចិត្តទុកឲ្យបានពេញដៃពេញជើង។
លោក រ៉ឹម ភារី៖ បច្ចុប្បន្ន សាលាឯកជនថ្នាក់ចំណេះដឹងទូទៅមានការរីកដុះដាលនៅកម្ពុជា។ ហើយមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលឪពុកម្តាយសិស្ស បញ្ជូនកូនពួកគេឲ្យទៅរៀនសាលាឯកជននោះ គឺមិនចង់ឲ្យកូនពួកគេចំណាយពេល និងលុយទៅរៀនគួរ។ តើនិន្នាការបែបនេះ ជាការល្អដែរឬទេ? ហេតុអ្វី?
លោក ប៉ា ចាន់រឿន៖ ជាការពិត ខ្ញុំបានសាកសួរឪពុកម្តាយមួយចំនួន គាត់បាននិយាយបែបនេះមែន។ គាត់មិនចង់ខ្វាយខ្វល់រឿងបង់លុយរៀនគួរ និងចង់ឲ្យកូនគាត់មានពេលសម្រាក។ ម្យ៉ាងការរៀនគួរ មួយម៉ោង១,៥០០ ទៅ២,០០០រៀល បូកសរុបទៅ ក៏អស់មិនតិចទេនៅក្នុងមួយខែៗ។ តាមពិតទៅ ការរៀនគួរ និងទារលុយក្មេងនៅសាលារដ្ឋ វាជាការបណ្តុះអំពើពុករលួយ តាំងពីតូចដោយមិនដឹងខ្លួន។ ខ្ញុំសុំទោស ខ្ញុំនិយាយនេះ មិនមែនទាំងអស់ទេ ខ្ញុំនិយាយមួយចំនួន។ ក្មេងខ្លះនៅស្រុកស្រែចម្ការ ខ្ញុំធ្លាប់បានជួបម្តងម្កាល គាត់ថាគាត់ជំពាក់លុយគ្រូជាង២ម៉ឺនរៀល ហើយអត់មានលុយ គាត់អត់ទៅរៀនទេ ព្រោះបើទៅរៀន គ្រូទារលុយ បើអត់លុយឲ្យគ្រូ គ្រូថាឲ្យហើយគាត់ខ្មាសគេ ដូច្នេះគាត់មិនហ៊ានទៅរៀន។ ចំណែកឪពុកម្តាយដែលមានលទ្ធភាព បានបញ្ជូនកូនទៅរៀនសាលាឯកជន វាមិនអីទេ ព្រោះវិស័យឯកជន ដើរតួមួយផ្នែកដែរ ដើម្បីលើកកម្ពស់គុណភាពក្នុងការបណ្តុះបណ្តាល និងការអប់រំនៅក្នុងសង្គម។ ប៉ុន្តែបើយើងឲ្យតួនាទីសាលាឯកជនខ្លាំងពេក ហើយលែងដៃដោយមិនពង្រឹងគុណភាព សីលធម៌ និងប្រសិទ្ធភាពសម្រាប់សាលារដ្ឋ វាជារឿងអយុត្តិធម៌សម្រាប់ក្មេង និងឪពុកម្តាយដែលមានជីវភាពក្រីក្រ ព្រមទាំងបង្កើតឲ្យមានវិសមភាពនៅក្នុងការអប់រំ។
លោក រ៉ឹម ភារី៖ តាមយោបល់ផ្ទាល់ខ្លួនរបស់លោក ប៉ា ចាន់រឿន តើលោកចង់ឲ្យលុបបំបាត់ការរៀនគួរ ឬត្រូវធ្វើដូចម្តេច?
លោក ប៉ា ចាន់រឿន៖ តាមការស្រាវជ្រាវ និងសាកសួរទៅលោកគ្រូអ្នកគ្រូ ពួកគាត់បានលើកឡើងថា មានមេរៀនច្រើននៅក្នុងកម្មវិធីសិក្សាមួយឆ្នាំៗ។ ដូច្នេះគាត់ត្រូវបង្រៀនឲ្យលឿន តាមការកំណត់របស់ក្រសួងអប់រំ។ ហេតុនេះ គាត់បានឲ្យសិស្សទៅរៀនគួរបន្ថែម ដើម្បីមានពេលវេលាគ្រប់គ្រាន់ ពន្យល់បន្ថែមឲ្យបានពិស្តារ។ ដំណោះស្រាយបញ្ហានេះ ទាល់តែក្រសួងពិនិត្យមើលថា តើកម្មវិធីសិក្សាគួរតែកាត់កន្លែងណាខ្លះ ហើយបង្កើនម៉ោងឲ្យបានច្រើន។ បើសិនសិស្សរៀនតែមួយព្រឹកទេ គួរតែបន្ថែមម៉ោងនៅពេលល្ងាច ដូចអ្វីដែលសាលាជំនាន់ថ្មីកំពុងធ្វើសព្វថ្ងៃ។
បើសិនលុបបំបាត់ការរៀនគួរ វាប៉ះពាល់ដល់ជីវភាពលោកគ្រូអ្នកគ្រូមួយផ្នែកដែរ។ អ៊ីចឹងទាំងគ្រូបង្រៀន គណៈគ្រប់គ្រងសាលា និងក្រសួង គួរតែពិភាក្សាគ្នា ហើយនាំគ្នាបង្កើតជាមូលនិធិដោយឲ្យឪពុកម្តាយបង់លុយមកមូលនិធិហើយបែកចែកមូលនិធិនោះដល់គ្រូបង្រៀន ល្អជាងសិស្សឲ្យលុយគ្រូផ្ទាល់។ បើសិនធ្វើអ៊ីចឹងបាន ខ្ញុំគិតថាអាចកាត់បន្ថយរូបភាពសិស្សឲ្យលុយគ្រូ គ្រូទារលុយសិស្ស ភាសាសាមញ្ញថា សិស្សសូកលុយគ្រូ ដែលរូបភាពទាំងនេះ ធ្វើឲ្យគ្រូបាត់តម្លៃ។ បើសិនជាគ្រូមិនពាក់ព័ន្ធនឹងការរៀនគួរ និងយកលុយពីសិស្ស ខ្ញុំជឿថា យើងអាចស្តារគុណតម្លៃរបស់គ្រូបង្រៀនបានឡើងវិញ៕
Tag:
ប៉ា ចាន់រឿន
រៀនគួរ
© រក្សាសិទ្ធិដោយ thmeythmey.com