ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ខេត្តសៀមរាប នឹងមាន​ក្រុង​២ ដោយ​មួយ​ជាទី​ក្រុង​វប្ប​ធ​ម៍ និង​មួយ​ជាទី​ក្រុង​ទំនើប​
07, Oct 2019 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ តម្លៃ​ដីធ្លី​នៅ​សៀម​រាបបាន​កើនឡើង​។ ចំណែក​ការសាងសង់ ក៏មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ថ្មីៗ​នេះ រដ្ឋាភិបាល​បានប្រកាស​ពី​ផែនការ រៀបចំ​ទីក្រុង​សៀមរាប ដើម្បី​ទាក់ទាញ​ចំនួន​ភ្ញៀវទេសចរ​បន្ថែមទៀត​។


​តាមរយៈ​បទសម្ភាសន៍​ជាមួយ​អង្គភាព Fresh News លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានលើកឡើង​ពី​ផែនការ​សាងសង់​ទីក្រុង​ថ្មី​មួយទៀត​«​ជាទី​ក្រុង​ទំនើប​» នៅក្នុង​ខេត្តសៀមរាប​។ តាម​ការបញ្ជាក់​របស់​លោក គម្រោង​ទីក្រុង​ថ្មី​នេះ នឹង​ត្រូវបាន​សាងសង់​នៅ​ភាគ​ខាងកើត​ក្រុង​សៀមរាប​បច្ចុប្បន្ន ដែលមាន​ចម្ងាយ​ប្រមាណ ៦០ គីឡូម៉ែត្រ​។
​បើតាម​លោក​រដ្ឋមន្ត្រី ទីក្រុង​ថ្មី​នេះ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ផែនការមេ​ទេសចរណ៍​របស់​ខេត្ត ដែល​ឥឡូវនេះ កំពុង​ព្រាង ហើយ​អាច​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​ក្រោយ​។ ទីក្រុង​ថ្មី​នេះ នឹង​អនុញ្ញាត​ឲ្យ​សាងសង់​អគារ​ខ្ពស់ៗ ដែលមាន​ផលប្រយោជន៍​សម្រាប់​វិស័យ​អចលនទ្រព្យ និង​ការវិនិយោគ​ចម្រុះ​។ មិនតែប៉ុណ្ណោះ សៀមរាប ក៏មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​ធំ​មួយ ដែល​នឹង​ភ្ជាប់​ទីក្រុង​សៀមរាប ជាមួយនឹង​តំបន់ និង​ពិភពលោក​ផងដែរ​។

​គេ​មើលឃើញថា ផែនការ​បង្កើត​ក្រុង​ទីក្រុង​ថ្មី​នេះ នឹង​ជួយ​បន្ថែម​ភាពទំនើប និង​ប្លែក​ពី​ទីក្រុង​សៀមរាប​បច្ចុប្បន្ន​។ ខុសប្លែក​ត្រង់​ថា សៀមរាប​គឺជា​តំបន់​វប្បធម៌ ដែលមាន​ប្រាង្គ​ប្រាសាទបុរាណ​ជា​បេតិកភណ្ឌ​ពិភពលោក​យ៉ាងច្រើន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ការសាងសង់​អគារ​ខ្ពស់ៗ​មិនត្រូវ​បានអនុញ្ញាត​។ ដូច្នេះ​វិស័យ​អចលនទ្រព្យ និង​ពាណិជ្ជកម្ម ក៏​នៅមានកម្រិត​ផងដែរ​។​

​ប៉ុន្តែ​សម្រាប់​គម្រោង​ទីក្រុង​ថ្មី​វិញ ការសាងសង់​ខ្នាត​ធំ​បែប​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន នឹង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​។ អ្នកជំនាញ​មើលឃើញថា គម្រោង​អភិវឌ្ឍន៍​ក្រុង​ថ្មី នឹង​ជួយ​ជំរុញ​តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្ត​នេះ ឲ្យ​កើនឡើង​ខ្ពស់​ថែមទៀត​។​
​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​ទាក់ទាញ​ទេសចរ​
 
​រដ្ឋាភិបាល ក៏បាន​រៀបចំ​ផែនការ​ជា​យុទ្ធសាស្ត្រ ក្នុងការ​ស្រូបយក​ចំនួន​ភ្ញៀវទេសចរ ឲ្យ​ចូលមក​កាន់តែច្រើន និង​ស្នាក់នៅ​រយៈពេល​យូរ​។ ជា​យុទ្ធសាស្ត្រ ផែនការ​ចំនួន​៤ ធំៗ ត្រូវបាន​ដាក់ចេញ​ដូចជា​៖ ការធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ថ្មី និង​ការពន្យារពេល​ស្នាក់​របស់​ភ្ញៀវទេសចរ ការបង្កើត​ការប្រកួតប្រជែង ការបង្កើត​ការតភ្ជាប់ និង​ការបង្កើត​អត្តសញ្ញាណ​ថ្មី​។ តាមរយៈ​យុទ្ធសាស្ត្រ​ខាងលើ ខេត្តសៀមរាប នឹង​ក្លាយទៅជា​តំបន់​ទេសចរណ៍​ពីរបែប ដែល​ម្ខាង​ជា​តំបន់​ប្រវត្តិសាស្ត្រ និង​ម្ខាង​ជា​តំបន់​ទំនើប​។ ជាមួយនឹង​ការរៀប​ចំនេះ អ្នកទេសចរ អាច​ទទួល​អារម្មណ៍​ពីរ​ផ្សេងគ្នា នៅពេល​ស្នាក់​នៅក្នុង​ខេត្តសៀមរាប​។​

​លើសពីនេះទៅទៀត តំបន់ ៤​ផ្សេងទៀត ក្រៅពី​តំបន់​អង្គរ នឹងត្រូវ​បាន​គេ​យកមក​អភិវឌ្ឍ​៖ តំបន់​បឹង​ទន្លេសាប តំបន់​ឧទ្យាន​ជាតិ​គូលែន ទីក្រុង​សៀមរាប និង​តំបន់​ប្រាសាទ​អង្គរ​។ 
​សម្រាប់​តំបន់​បឹង​ទន្លេសាប គេ​បង្កើត​ឲ្យ​មាន​ភាព​ចម្រុះ នៃ​សកម្មភាព​ទេសចរណ៍ ដូចជា ការ​ជិះ​ក្របី​ជាដើម និង​ការបង្កើត​ឲ្យ​ទំនាក់ទំនង ជាមួយ​អ្នករស់នៅ​លើទឹក​នៅ​តំបន់​នោះ​។
​ចំណែក​តំបន់​ឧទ្យាន​ជាតិ​គូលែន នឹងត្រូវ​អភិវឌ្ឍ​ជា​លក្ខណៈ​អេកូ​ទេសចរណ៍ ទេសចរណ៍​ផ្សងព្រេង និង​ទេសចរណ៍​សាសនា ដូចជា​ការដើរ​ឡើង​ភ្នំ​។ តំបន់​ទីក្រុង​សៀមរាប ត្រូវបាន​គេ​ធ្វើជា​វិថី​ម្ហូបអាហារ ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ សម្រាប់​តំបន់​ប្រាសាទ​អង្គរ​វិញ នឹងត្រូវ​បំពាក់​ភ្លើង​បំភ្លឺ ដើម្បី​ដាក់​ឲ្យ​ទេសចរ អាច​ទស្សនា​ប្រាសាទ​អង្គរ​នាពេល​រាត្រី​៕
(​ប្រភព​៖https://www.realestate.com.kh/km/news/siem-reap-to-build-a-new-city/)

Tag:
 ទេសចរណ៍​
 ​សៀមរាប​
 ​ទីក្រុង​បុរាណ​
 ​ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com