ជាតិ
«​ចាំ​ពៅ​វិល​វិញ​» ច្រៀង​ជាង​១០​ភាសា មានកំណើត​ពី​ប្រទេស លុច​ហ្សំ​បួរ​
06, Oct 2019 , 2:59 pm        
រូបភាព
លោក ឃុត សុខឿន
លោក ឃុត សុខឿន
ដោយ៖ ឃុត សុខឿន

​នៅថ្ងៃនេះ លោក ឃុ​ត សុខឿន នឹង​ជំរាបជូន​ប្រិយមិត្ត​អ្នក​ស្តាប់​ប្រវត្តិ របស់​បទ​ចម្រៀង​រប​ស់​ប្រទេស​លុច​ហ្សឹ​ម​ប៊ួ​មួយ​បទ​ដែលមាន​ចំណងជើង​ថា "L'Amour est Bleu" និង​ទំនាក់ទំនង​របស់​បទ​ចម្រៀង​នេះ​នឹង​បទ​ចម្រៀង​ខ្មែរ​ដែលមាន​ចំណងជើង​ថា "​ចាំ​ពៅ​វិល​វិញ​" របស់លោក​ស៊ីន ស៊ី​សាមុត​។​



​មុននឹង​ជំរាបជូន​មិត្តអ្នកស្តាប់ នូវ​ប្រវត្តិ​របស់​បទ​ចម្រៀង​របស់​ប្រទេស​លុច​ហ្សឹ​ម​ប៊ួ​រ​ដែលមាន​ចំណងជើង​ថា "L'Amour est Bleu" ខ្ញុំ​សូម​ជំរាប​មិត្តអ្នកស្តាប់​អំពី​ប្រទេស​លុច​ហ្សំ​បួរ​បន្តិច​សិន​។




​ប្រទេស​លុច​ហ្សំ​បួរ គឺជា​ប្រទេស​១​ក្នុងចំណោម​ប្រទេស​ដែល​តូច​ជាងគេ​បំផុត​នៅ​ទ្វីបអឺរ៉ុប​។ ប្រទេស​នេះ​មាន ព្រំដែន​ជាប់​ប្រទេស​អាល្លឺម៉ង់ ប្រទេស​បារាំង ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​។ ប្រទេស​នេះ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប និង អង្គការ​ណា​តូ​ផងដែរ​។ ប្រទេស​លុច​ហ្សំ​បួរ ប្រើប្រាស់​ភាសា​ជា​ផ្លូវការ​ចំនួន​បី​គឺ ភាសា​បារាំង ភាសា​អាល្លឺម៉ង់ និង​ភាសា​លុច​ហ្សំ​បួរ​។​

​នៅ​ឆ្នាំ ១៩៦៧ នៅក្នុង​ការប្រឡង​ចម្រៀង Eurovision Song Contest លើក​ទី​១២ នៅ​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីស ប្រទេស​លុច​ហ្សំ​បួរ បាន​យក​ចម្រៀង​មួយ​បទ​ទៅ​ចូលរួម​ប្រឡង​។ បទ​នោះ​មាន​ចំណងជើង​ថា L' Amour Est Bleu ដែល​ច្រៀង​ជា​ភាសា​បារាំង ដោយ​អ្នកចម្រៀង​ឈ្មោះ​នាង Vicky Leandros​។ ក្នុងការ​ប្រឡង​នោះ បទ​ចម្រៀង    L'Amour EstBleu ជាប់​ចំណាត់ថ្នាក់​លេខ ៤​។​

​បទ    L' Amour est Bleu និពន្ធ​ទំនុកច្រៀង​ដោយ  Pierre Cour និពន្ធ​បទ​ភ្លេង​ដោយ André Popp ។  បទ​ចម្រៀង​នេះ ច្រៀង​រាប់រាប់​អំពី​ភាពសប្បាយ​រីករាយ និង​ទុក្ខសោក​ផង​ទាំងឡាយ​ដែល​បណ្តាលមកពី​ស្នេហា​។ អ្នកនិពន្ធ​បានធ្វើការ​ប្រៀបធៀប​អំពី​ភាពសប្បាយ​រីករាយ​និង​ទុក្ខសោក ដោយ​ប្រើ​ពណ៌​របស់​ធម្មជាតិ និង​ធាតុ​ផ្សំ​ផ្សេងៗ​ទៀត​របស់ ស្នេហា​ដែល​រួមមាន ព្រះពាយ និង​គង្គារ ជាដើម​។

​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ បន្ទាប់ពី​ការប្រឡង អ្នកចម្រៀង Vicky បាន​ច្រៀង​បទ L'Amour est Bleu ឡើងវិញ​ជា អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និង​ហូ​ឡង់​។ នៅ​ប្រទេស​សហរដ្ឋអាមេរិក​ឯណោះ​វិញ នៅ​ឆ្នាំ ១៩៦៨ អ្នកចម្រៀង ម្នាក់​ឈ្មោះ Al Martino បាន​ច្រៀង​បទ​នេះ​ជា​ភាសា​អង់គ្លេស​។  បទ​ចម្រៀង​នោះ​មាន​ចំណងជើង​ថា Love Is Blue ។​

​ជា​បន្តបន្ទាប់ បទ​ចម្រៀង L'Amour Est Bleu បាន​ល្បី​រន្ទឺ​ដល់​ទ្វីបអាស៊ី ។ ចន្លោះ​ពី​ឆ្នាំ ១៩៦៨ រហូតមកដល់​ឆ្នាំ ១៩៧៤ អ្នកចម្រៀង​ចិន​ជាច្រើន​នាក់​បាន​យក​បទ​នេះ L' Amour est Bleu នេះ មក​ច្រៀង​ជា​ភាសា​ខ្លួន​។ ឯ​ទំនុកច្រៀង​ត្រូវបាន​និពន្ធ​ឡើង​ផ្សេងៗ​គ្នា​។

​បទ​ចម្រៀង​នេះ​មាន​ចំណងជើង​ថា  "​ស្នេហា​ដែល​បាត់បង់​" ច្រៀង​ដោយ​អ្នកចំរៀង​ឈ្មោះ Betty Chung​។ បទ​ចម្រៀង​នេះ​ចេញលក់​នៅ​ឆ្នាំ ១៩៦៨​។ មិន​ខុស​ពីបទ​ចម្រៀង​ជា​ភាសា បារាំង​ប៉ុន្មាន​ទេ បទ​ចម្រៀង​ដែល​ច្រៀង​ជា​ភាសា​ចិន​នេះ បាន​ច្រៀង​រាប់រាប់​អំពី​ទុក្ខ សោក​ដែល​បណ្តាលមកពី​ស្នេហា ដោយ​ប្រៀបធៀប​ទៅនឹង​ពណ៌​ផ្សេងៗ​ផងដែរ​។

​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០ បទ​ចម្រៀង L' Amour Est Bleu ត្រូវបាន​ច្រៀង​ជា​ភាសា​ឥណ្ឌា ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​ខ្សែភាពយន្ត​ឥណ្ឌា​រឿង Chitti Chellulu ។ បទ​នោះ​មាន​ចំណងជើង​ថា "Ee reyi teeyanidi" ។​

​ដោយសារ​បទ L'Amour est Bleu ជា​បទ​ចម្រៀង​ដែល​ល្បីល្បាញ​នៅលើ​ពិភពលោក ដូច្នេះហើយ បទ​ចម្រៀង​នេះ​ក៏មាន​ឥទ្ធិពល​មកដល់​កម្ពុជា​ដែរ​។ ផលិតករ​ខ្មែរ បាន​ផលិត​បទ​ចម្រៀង​នេះ​ជា​ភាសា​ខ្មែរ ដោយ​និពន្ធ​ទំនុកច្រៀង​ថ្មី ហើយ​ប្រគល់​តួនាទី​បំពេរ​អារម្មណ៍​មិត្តអ្នកស្តាប់​ទៅ​លោក ស៊ីន ស៊ី​សាមុត​។ បទ​នេះ​មាន​ចំណងជើង​ថា "​ចាំ​ពៅ​វិល​វិញ​"​។
​តាមរយៈ​បទ​ចម្រៀង​នេះ អ្នកនិពន្ធ​ខ្មែរ​បាន​បង្កើត​សាច់រឿង​ស្នេហា​ថ្មី​មួយ ដែល​និយាយ​ពី ការ​និរាស​ព្រាត់ប្រាស់ និង​ការទន្ទឹងរង់ចាំ​។​

L'Amour Est Bleu គឺជា​បទ​ចម្រៀង​ដែល​លក់ដាច់​ជាងគេ​បង្អស់ និង​ត្រូវបាន​ច្រៀង​ឡើងវិញ​ច្រើនជាងគេ​បំផុត ក្នុងចំណោម​បទ​ចម្រៀង​ដែល​យកទៅ​ប្រឡង​នៅ  Eurovision Song Contest​។ បទ​ចម្រៀង​ទាំងនោះ​ត្រូវបាន​ច្រៀង​ជា​ភាសា អេ​ស្ប៉ា​ញ  ភាសា​ស៊ុយអែត ភាសា​យូ​ហ្គោ​ស្លា​វី ភាសា​ហុង​ហ្គ្រី ភាសា​ជប៉ុន ភាសា​វៀតណាម ជាដើម​។ រហូតមកដល់​បច្ចុប្បន្ន​នេះ បទ L'Amour Est Bleu នៅតែ​កំពុង​ពេញនិយម ហើយ​ត្រូវបាន​ផលិត​និង​ដាក់លក់​នៅលើ​ទីផ្សារ​នៅឡើយ​។ ក្រៅពីនេះ បទ​ចម្រៀង​នេះ ត្រូវបាន​ចាក់ផ្សាយ និង​ដាក់បញ្ចូល​នៅក្នុង​ខ្សែភាពយន្ត​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com