ជាតិ
វីដេអូ
«ពិការភ្នែកទាំងពីរ»តែ សៀមសុខឃីម ក្លាយជាប្រធានដឹកនាំយុវជនចម្រុះ៧០នាក់ ធ្វើការងារសង្គម
× ភ្នំពេញ៖ ទោះពិការភ្នែកទាំងសងខាង ប៉ុន្តែ យុវជន សូ សៀមសុខឃីម មានឱកាសក្លាយជាប្រធានក្រុមយុវជនស្ម័គ្រចិត្តមួយ មានឈ្មោះថា «ក្រុមតំណាងយុវវ័យ និងយុវជន (AYRG)» ដែលគាំទ្រដោយ UNICEF Cambodia។ ជាប្រធានក្រុមយុវជនស្ម័គ្រចិត្ត ដែលទទួលបានពីការបោះឆ្នោតឲ្យដឹកនាំយុវជនចម្រុះជាង៧០នាក់ ដែលមកពីមជ្ឈដ្ឋាននិងមានសមត្ថភាពផ្សេងគ្នា ឲ្យធ្វើការងារសង្គម សៀមសុខឃីម កាន់តែចង់ដើរទៅមុខ, មើលឃើញពិភពលោកកាន់តែធំទូលាយ និងមិនតូចចិត្តចំពោះខ្លួនឯងដែលពិការភ្នែក។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ យុវជន សុខឃីម អះអាងពីលទ្ធផលនៃការចូលរួមស្ម័គ្រចិត្តយ៉ាងដូច្នេះ៖«វាជួយជំរុញឲ្យខ្ញុំកាន់តែចង់ដើរទៅមុខ ព្រោះខ្ញុំយល់ថា ការប្រឈមនឹងបញ្ហា និងពេលវេលា ជារឿងសំខាន់បំផុតដែលយើងត្រូវតែធ្វើ ក្នុងនាមយើងជាអ្នកពិការភ្នែក»។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយយុវជនពិការភ្នែក សូ សៀមសុខឃីម ដូចតទៅ៖
ក្រៅពីខិតខំប្រឹងប្រែងក្រេបយកចំណេះវិជ្ជា យុវជន សូ សៀមសុខឃីម ក៏មិនរុញរាក្នុងការចាប់យកឱកាសផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពបន្ថែមនោះទេ។ យុវជនពិការភ្នែកវ័យ២២ឆ្នាំរូបនេះ បានចូលរួមជាយុវជនស្ម័គ្រចិត្តរបស់ក្រុមតំណាងយុវវ័យ និងយុវជន Adolescent and Youth Reference Group (AYRG) នៅឆ្នាំ២០១៦ ដែលធ្វើការពាក់ព័ន្ធនឹងកុមារវ័យជំទង់។ យុវជន សូ សៀមសុខឃីម ក៏ត្រូវបានសមាជិកបោះឆ្នោតឲ្យជាប់ជាប្រធានក្រុមយុវជនស្ម័គ្រចិត្តក្នុងឆ្នាំ២០១៨។
ការស្ម័គ្រចិត្តនេះ ជាចំណុចចាប់ផ្ដើម ដែលធ្វើឲ្យសុខឃីម យល់ថាអ្នកពិការភ្នែកអាចធ្វើបាន ឬធ្វើមិនបាន។ ក្នុងនាមជាប្រធានក្រុម ពិតជាមានលំបាកមួយចំនួនសម្រាប់យុវជនពិការភ្នែក រូបនេះ ប៉ុន្តែ សុខឃីម រៀបរាប់ដោយមានទំនុកចិត្តយ៉ាងដូច្នេះ៖«ក្នុងនាមជាប្រធានក្រុម ត្រូវចេះសម្របសម្រួល, ចេះបត់បែន និងត្រូវយល់ពីសមាជិកក្រុម»។
និយាយទាំងទឹកមុខរីករាយ សុខឃីម លើកសរសើរពីក្រុមយុវជនស្ម័គ្រចិត្ត ដែលមិនមានការរើសអើងជនពិការ ជាពិសេស ផ្ដល់ការសហការនិងការរាប់អាន បើទោះបី ខ្លួនជាមនុស្សពិការភ្នែកទាំងពីរ។ សៀមសុខឃីម ប្ដេជ្ញាចិត្តធ្វើការងារស្ម័គ្រចិត្តនេះ ដូច្នេះថា៖«ខ្ញុំនឹងបន្តការងារស្ម័គ្រចិត្តជារៀងរហូត រហូតដល់ពេលខ្ញុំមានការងារធ្វើ។ ហើយខ្ញុំនឹងខិតខំព្យាយាមជួយដល់កុមារ ដែលមានពិការភាព និងកុមាររងគ្រោះ ទៅតាមលទ្ធភាព និងសមត្ថភាពដែលខ្ញុំអាចធ្វើបាន និងចែករំលែកក្នុងចំណែកណាមួយនៅក្នុងសង្គម ក្នុងនាមខ្ញុំជាកោសិកាមួយនៅក្នុងសង្គម»។
សូមបញ្ជាក់ថា យុវជន សូ សៀមសុខឃីម ជាសិស្សពិការភ្នែកម្នាក់ ក្នុងចំណោមសិស្សពិការភ្នែក៤នាក់ នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩។ យុវជនពិការភ្នែកទាំងសងខាងរូបនេះ នឹងជ្រើសរើសផ្នែកទំនាក់ទំនងអន្តរជាតិ សម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា៕
Tag:
ពិការភ្នែក
យុវជនស្ម័គ្រចិត្ត
សូ សៀមសុខឃីម
© រក្សាសិទ្ធិដោយ thmeythmey.com