ជាតិ
រថយន្ត
វីដេអូ
សៀមរាប! ក្រៅពីប្រាសាទ តើមានតំបន់ទេសចរណ៍ណាខ្លះទៀត?
× ភ្នំពេញ៖ ក្រៅពីប្រាសាទអង្គរវត្ត ខេត្តសៀមរាប មានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន។ ចំណែកឯ ក្រុងសៀមរាប ជាទីក្រុងបេតិកភណ្ឌ ដែលពោរពេញទៅដោយប្រាង្គប្រាសាទ។ មន្ត្រីក្រសួងទេសចរណ៍ លោក ជុក ជំនោរ បានប្រាប់ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ថា៖ «សៀមរាប ក្រៅពីប្រាសាទ មានសហគមន៍ទេសចរណ៍ជាច្រើន ដូចជា កំពង់ភ្លុក, កំពង់ឃ្លាំង, បឹងពារាំង និងជាពិសេសតំបន់ភ្នំគូលែន»។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ដូចតទៅ៖ដូចតទៅ៖
តំបន់ទេសចរណ៍ទាក់ទាញនៃខេត្តសៀមរាប សុទ្ធសឹងតែមានលក្ខណៈពិសេស ដែលធ្វើឲ្យភ្ញៀវទេសចរអាចកម្សាន្តសប្បាយ។ ខេត្តសៀមរាប មានប្រាសាទជាច្រើន ដែលប្រមូលផ្ដុំដោយវប្បធម៌ និងប្រវត្តិសាស្ត្រ។ ជាមួយគ្នានេះ ខេត្តសៀមរាប ក៏មានតំបន់សហគមន៍ទេសចរណ៍ដ៏សម្បូរបែបផងដែរ។
ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» នឹងផ្តិតយកទស្សនីយភាពនៃសក្តានុពលទេសចណ៍ល្អឯកនៃ«រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» នៅក្នុងទឹកដីអង្គរសៀមរាបមក ផ្សព្វផ្សាយជូនប្រិយមិត្តដែលតាមដានកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» នៅថ្ងៃទី ៧-៩ តុលានេះ។
គួររំឭកថា បេសកកម្មទី១ ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានទៅស្វែងរក និងគាស់កកាយកំណប់ទេសចរណ៍នៅតំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, បេសកកម្មទី២ ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ។ បេសកកម្មទី៣ ធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ, សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា និងទេសចរណ៍ប្រពៃណី-វប្បធម៌ជនជាតិដើមភាគតិច នៅខេត្តរតនគិរី និងបេសកកម្មទី៤ ឆ្ពោះទៅកាន់ «សហគមន៍អេកូទេសចរណ៍ជីផាត» នៃខេត្តកោះកុង។
កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និងគាំទ្រដោយក្រសួងទេសចរណ៍។ កម្មវិធីនេះ បង្កើតឡើងដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ដែលគេមិនសូវស្គាល់ ឬតំបន់ទេសចរណ៍សក្តានុពលដែលត្រូវគេមើលរំលង, ពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះឲ្យកាត់តែល្បីល្បាញមួយកម្រិតទៀត៕
Tag:
Mercedes-Benz និងកំណប់អាថ៌កំបាំង
សៀមរាប
ប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com