អន្តរជាតិ
បង់​ក្លា​ដែ​ស ស្នើ​ឲ្យ​ឥណ្ឌា​ជួយ​អន្តរាគមន៍​លើ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា​
07, Oct 2019 , 9:19 am        
រូបភាព
នាយករដ្ឋមន្ត្រីបង់ក្លាដែស និងនាយករដ្ឋមន្ត្រីឥណ្ឌា (​រូបភាព៖ AFP)
នាយករដ្ឋមន្ត្រីបង់ក្លាដែស និងនាយករដ្ឋមន្ត្រីឥណ្ឌា (​រូបភាព៖ AFP)
ដោយ:
​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស បានស្នើ​ត្រង់ៗ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ជួយ​អន្តរាគមន៍​លើ​ករណី​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​បង់​ក្លា​ដែ​ស មើលឃើញថា ជា​បញ្ហា​ធ្ងន់ធ្ងរ និង​មិនអាច​មើលរំលង​បាន​។ សំណើ​បង់​ក្លា​ដែ​ស ធ្វើ​ឡើងជា​បន្តបន្ទាប់​ទៅកាន់​បណ្តា​ប្រទេស​មាន​ឥទ្ធិពល​នៅក្នុង​តំបន់​ដើម្បី​ជួយសង្គ្រោះ​ដល់​ជនភៀសខ្លួន ក៏ដូចជា​ធានា​ពី​សុវត្ថិភាព​របស់​ពួកគេ​នៅពេល​វិល​ត្រលប់​ទៅកាន់​ស្រុកកំណើត​វិញ​។​



​ក្នុងជំនួប​នា​អំឡុង​ទស្សនកិច្ច​នៅ​ឥណ្ឌា​ជាមួយនឹង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក  Narendra Modi នៅ​ថ្ងៃ​៥ តុលា នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស លោកស្រី Sheikh Hasina ក្រៅពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏បាន​ឆ្លៀត​លើកយក​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​ដើម្បី​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​ក្នុងនាម​ជា​ប្រទេសជិតខាង​នឹង​គ្នា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន India Times​។​

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកស្រី​នាយករដ្ឋមន្ត្រី បាន​សុំ​ឲ្យ​សម​ភាគី​ឥណ្ឌា​ធ្វើ​អន្តរាគមន៍​លើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្នុងការ​រៀបចំ​បញ្ជូន​ជនភៀសខ្លួន ដែល​កំពុងតែ​រស់នៅក្នុង​ជំរំ​បណ្តោះអាសន្ន​បង់​ក្លា​ដែ​ស​អាច​ត្រលប់​ទៅ​ទីកន្លែង​ដើម​របស់​ពួកគេ​វិញ​ផង​។ ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​លើ​គោលការណ៍​ធានា​ឲ្យ​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​។​

​ប្រមុខ​ដឹកនាំ​ទាំងពីរ ក៏បាន​យល់ស្រប​គ្នា​លើ​ចំណាត់ការ​សម្រាប់​ជនភៀសខ្លួន​រួមមាន​ទាំង​ការបង្កើន​លក្ខខណ្ឌ​ល្អប្រសើរ​ផ្នែក​សន្តិសុខ និង​សង្គម​សេដ្ឋកិច្ច ហើយ​រដ្ឋាភិបាល​ឥណ្ឌា ក៏បាន​ប្រកាស​ផ្តល់ជំនួយ​មនុស្សធម៌​បន្ថែម​ដល់​ជនភៀសខ្លួន ដែល​កំពុងតែ​រស់នៅក្នុង​ជំរំរ​បស់បង់​ក្លា​ដែ​ស​។

​គួរ​ជម្រាប​ថា ក្នុងឱកាស​នៃ​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ទើបតែ​បញ្ចប់ទៅ​ថ្មីៗ​នេះ លោកស្រី​នាយករដ្ឋមន្ត្រី បង់​ក្លា​ដែ​ស ក៏បាន​លើកយក​បញ្ហា​នេះ​ដើម្បី​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍ និង​មាន​វិធានការ​ជា​ដំណោះស្រាយ​ផងដែរ​។ ក្នុងឱកាស​ដដែល​នោះ លោកស្រី ក៏បាន​ទទួល​កិច្ចសហការ​ជាមួយនឹង​ចិន ដែល​បាន​អះអាងថា​នឹង​ចាប់ដៃ​ជាមួយនឹង​បង់​ក្លា​ដែ​ស ក៏ដូចជា​មី​យ៉ាន់​ម៉ា​ដើម្បី​ធានា​ពី​ការវិល​ត្រលប់​របស់​ជនភៀសខ្លួន​៕


Tag:
 បង់​ក្លា​ដែ​ស​
  ឥណ្ឌា​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com