ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ថែរក្សា​សុខភាព​សម្រស់​ដែល​អ្នក​គួរតែ​ធ្វើ​មុនពេល​គេង​
08, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​រាងកាយ​អ្នកនឹង​ជួសជុល​នូវ​អ្វីដែល​ខូចខាត​ដោយ​ខ្លួនឯង​ខណៈពេល​កំពុងតែ​គេង​។ ដូច្នេះ​យក​ល្អ​គួរតែមាន​ទម្លាប់​ល្អៗ​ជាច្រើន​មុនពេល​ចូល​គេង ជាពិសេស​ទម្លាប់​ថែរក្សា​សម្រស់​តែម្តង​។



​ខាងក្រោម​នេះ​គឺជា​គន្លឹះ​ថែរក្សា​សម្រស់​មួយចំនួន​ដែល​អាចជួយ​បង្កើន​ភាពស្រស់ស្អាត​ដល់​រាងកាយ​ខាងក្រៅ​អ្នក​បាន​៖

​លាង​សម្អាត​គ្រឿង​លាងមុខ​ចេញ​ឲ្យ​អស់​

​អ្នក​ប្រហែលជា​អស់កម្លាំង​ហើយ ប៉ុន្តែ​ចូរ​ចំណាយពេល​ពីរ​បី​នាទី​ដើម្បី​លាង​សម្អាត​ផ្ទៃមុខ ជាពិសេស​គ្រឿង​ផាត់មុខ​ចេញ​ឲ្យ​អស់​សិន​ទៅ​។ ដោយសារតែ​រន្ធ​ញើស​របស់​អ្នកនឹង​បើក​ធំ​នៅពេល​យប់ ដូច្នេះ​រាល់​កំណក​គ្រឿង​ផាត់មុខ​ដែល​នៅសល់​អាច​នាំ​ឲ្យ​ស្ទះ​រន្ធ​ញើស រហូតដល់​កើតមុន​បាន​។

​ចង​សក់​ឡើងលើ​តែ​កុំ​ចង​តឹង​ពេក​

​ជាតិ​ប្រេង​ដែល​ចេញពី​សរសៃសក់​អាច​ងាយ​នឹង​កកិត​លើ​ផ្ទៃមុខ និង​ស្រោមខ្នើយ ដែល​វា​ជាហេតុ​នាំ​ឲ្យ​អាច​កើតមុន​បាន​។ ដូច្នេះ​ចូរ​ចង​សក់​ឡើងលើ តែ​កុំ​ចង​តឹង​ពេក​។ រឿងនេះ​មិន​ត្រឹមតែ​ថែរក្សា​សម្រស់​មុខ​អ្នក​ទេ តែ​ក៏​ជា​ស្តាយ​បែប​ធម្មជាតិ​មួយ​ដែរ​។

​ប្រើ​ក្រែ​ម​លាប​ក្រោម​ភ្នែក​

​ការប្រើ​ក្រែ​ម​លាប​ក្រោម​ភ្នែក​គឺជា​អ្វីដែល​ត្រូវធ្វើ​បើសិនជា​អ្នកចំណាយ​ពេលវេលា​នៅមុខ​កុំព្យូទ័រ​ច្រើន​ម៉ោង​។ ក្រែ​ម​ប្រភេទ​នេះ​មិន​គ្រាន់តែ​ការពារ​ស្បែក​នៅក្រោម​ភ្នែក​ទេ តែ​ក៏​ជួយផ្តល់​សំណើម​នៅពេល​យប់ និង​ភ្ញាក់ឡើង​ស្បែក​នៅក្រោម​ភ្នែកមាន​សំណើម ព្រមទាំង​មិនកើត​ជា​ស្នាម​ជ្រួញ​ខ្មៅៗ​ថែមទៀត​។

​ប្រើ​ស្រោមខ្នើយ​ធ្វើ​ពី​សរសៃសូត្រ​

​ដើម្បី​ការពារ​កុំ​ឲ្យ​សក់​បែក​ចុង ចូរ​ព្យាយាម​ជ្រើសរើស​ស្រោមខ្នើយ​ដែល​ធ្វើ​ពី​សរសៃសូត្រ​។ ស្រោមខ្នើយ​ប្រភេទ​ក្រណាត់​កា​តុង អាចមាន​ភាព​គ្រឺ​ម ដែល​អាច​បង្ក​ភាព​ខូចខាត​ដល់​សរសៃសក់​បាន​។

​ដុស​សម្អាត​ធ្មេញ​

​ចូរ​ប្រាកដថា អ្នក​បាន​ដុស​សម្អាត​ធ្មេញ និង​ប្រើ​អំបោះ​រូស​ធ្មេញ​មុនពេល​ចូល​គេង​។ ការធ្វើ​បែបនេះ​នឹង​បង្ការ​កុំ​ឲ្យ​បាក់តេរី និង​មេរោគ​លូតលាស់ និង​កំចាត់​កំណក់​ជាប់​នៅលើ​ធ្មេញ​ផង​។

​ផ្តល់​សំណើម​ដល់​ស្បែក​

​ចូរ​ធ្វើ​ល្អ​ចំពោះ​ស្បែក​ជាមួយនឹង​ការ​លាប​ក្រែ​ម​ផ្តល់​សំណើម​នៅពេល​យប់​ដើម្បី​ថែរក្សា​ភាព​រលោង​របស់​ស្បែ​កបាន​។ ចូរ​ងូតទឹក​ក្តៅ​ឧណ្ហៗ និង​ស​ម្ងួ​ត​រាងកាយ​ដោយ​ប្រើ​កន្សែង​ទន់​។ បន្ទាប់មក ចូរ​ម៉ាស្សា​ស្បែក​ជាមួយនឹង​ក្រែ​ម​ផ្តល់​សំណើម​។ ដូច្នេះ​នៅ​ព្រឹក​ឡើង អ្នកនឹង​ភ្ញាក់​ពី​គេង​ទាំង​ស្បែ​កនៅ​ទន់ និង​ស្រស់ស្អាត​។

​ប្រើ​ប្រេង​ក្តៅ​លាប​សក់​

​ជា​ទម្លាប់​មួយថ្ងៃ​រំលង​មួយថ្ងៃ ចូរ​ម៉ាស្សា​សក់​ក្បាល​ជាមួយនឹង​ប្រេង​អូ​លីវ ឬ​ប្រេងដូង​ក្តៅ​ឧណ្ហៗ​ពីរ​បី​ស្លាបព្រា​បាយ​។ ក្រោយមក ចូរ​ពាក់មួក​សម្រាប់​ងូតទឹក ហើយ​ទុកចោល​ពេញ​មួយ​យប់​។ នៅ​ព្រឹក​បន្ទាប់ អ្នក​អាច​ប្រើ​សាប៊ូ​លាង​សម្អាត​វា​បាន​ហើយ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com