កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool នាំមុខ Man City ៨ពិន្ទុ រីឯ Man Utd និង Spurs កាន់តែស្ពឹក
× Manchester City និង Manchester United រងភាពអាម៉ាស់ធ្ងន់ធ្ងរក្រោយបរាជ័យរៀងខ្លួនក្នុងការប្រកួត Premier League ខណៈ Liverpool នៅតែបន្តជ័យជម្នះរបស់ខ្លួនដោយឈរនៅកំពូលតារាងជាមួយពិន្ទុនាំមុខគូប្រជែងដល់ទៅ៨ពិន្ទុ។ Everton ធ្លាក់ទៅតំបន់ត្រូវកាត់ចោលបន្ទាប់ពីបរាជ័យ៥លើកក្នុងចំណោម៨ប្រកួត។
ម្ចាស់ការពារតំណែងជើងឯក Man City កាន់តែមានគម្លាតឆ្ងាយពី Liverpool តាមរយៈបរាជ័យក្នុងផ្ទះខ្លួនឯងក្រោមថ្វីជើង Wolverhampton ក្នុងលទ្ធផល ២-០ នាជំនួបក្របខណ្ឌលីគកំពូលអង់គ្លេសសប្តាហ៍ទី៨ នៅយប់ថ្ងៃទី៦ ខែតុលា។
ក្រុមរបស់លោក Pep Guardiola មានការគ្រប់គ្រងបាល់យ៉ាងច្រើនលើសលប់ និងដាក់សម្ពាធខ្លាំងលើគូប្រជែងប៉ុន្តែពួកគេមិនអាចរកគ្រាប់បាល់បានឡើយ។ ផ្ទុយទៅវិញក្រុមដែលរងសម្ពាធ អាចសម្រេចគ្រាប់បាល់បានដល់ទី២គ្រាប់តាមរយៈការវាយបក។
ទាំង២គ្រាប់របស់ Wolves ធ្វើបានដោយខ្សែប្រយុទ្ធ Adama Traore នៅចុងម៉ោងនាទី៨០ និង៩០ តាមរយៈការបញ្ជូនបាល់ពីដៃគូ Raul Jimenez ទាំងពីរលើក។
ហង្សក្រហមដែលយកឈ្នះ Leicester City ទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១ នៅតែរក្សាភាពឈ្នះរបស់ខ្លួនដដែលក្នុងការប្រកួតទាំង៨លើកចុងក្រោយដោយទទួលបានពិន្ទុពេញ២៤ពិន្ទុ នាំមុខ Man City ចំនួន៨ពិន្ទុ។
ដោយឡែកម្ចាស់ជើងឯកលីគកំពូលអង់គ្លេសច្រើនជាងគេ Man Utd កំពុងត្រដាបត្រដួសខ្លាំងមែនទែននៅរដូវកាល២០១៩-២០នេះ ក្រោយចាញ់ម្ចាស់ផ្ទះ Newcastle United ១-០ និងជាបរាជ័យទី៣ ក្នុងការប្រកួត៨លើក។ បិសាចក្រហមរបស់បានតែ៩ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី១២ ដោយនៅពីលើកក្រុមត្រូវកាត់ចោលតែ២ពិន្ទុប៉ុណ្ណោះ។
នេះជារដូវកាលដ៏អាក្រក់សម្រាប់ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Ole Gunnar Solskjær បើទោះជាពួកគេនាំចូលខ្សែការពារថ្លៃបំផុតលើកលោកមកជួយក្រុមក៏ដោយ។
សម្រាប់ Everton ដែលចំណាយប្រាក់មិនស្ទើរដែរនោះ ក៏មិនទាន់បានបង្ហាញទម្រង់លេងអ្វីគួរភ្ញាក់ផ្អើលដែរ ហើយថែមទាំងខ្ទាតចូលទៅតំបន់ត្រូវកាត់ចេញពីលីគកំពូលថែមទៀត ក្រោយចាញ់ក្រុម Burnley ១-០។ ឆ្លងកាត់ការប្រកួត៨លើក Everton ឈ្នះតែ២ប៉ុណ្ណោះ និងចាញ់៥ ស្មើ១ មាន៧ពិន្ទុ ខណៈ Norwich City និង Watford ក៏ស្ថិតក្នុងតំបន់គ្រោះថ្នាក់ដូចគ្នា។ Norwich មាន៦ពិន្ទុ រីឯ Watford មិនទាន់ស្គាល់ឈ្នះសោះ មាន៣ពិន្ទុ។
Arsenal និង Chelsea សុទ្ធតែរកបាន៣ពិន្ទុរៀងខ្លួន។ កាំភ្លើងធំបានយកឈ្នះ AFC Bournemouth តាមរយៈការសម្រេចទីរបស់ខ្សែការពារចំណូលថ្មី David Luiz នៅនាទីទី៩ និងស្ថិតនៅចំណាត់ថ្នាក់ទី៣ មាន១៥ពិន្ទុ។
តោខៀវក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Frank Lampard បានជួយក្រុមយកឈ្នះ Southampton ក្នុងលទ្ធផល ៤-១ ដែលនាំពួកគេ១៤ពិន្ទុ ឈរនៅលេខរៀងទី៥បណ្តោះអាសន្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com