អន្តរជាតិ
បក្សប្រឆាំង​ធំ​ពីរ​ឈ្នះ​ការបោះឆ្នោត​នៅ​កូ​សូ​វ៉ូ តែ​មិនទាន់​ត្រូវ​គ្នា​លើ​ការបង្កើត​រដ្ឋាភិបាល​
07, Oct 2019 , 11:58 am        
រូបភាព
ប្រភពរូប៖ BBC
ប្រភពរូប៖ BBC
ដោយ:
​គណបក្សប្រឆាំង​ធំៗ​ចំនួន​ពីរ ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​របស់​កូ​សូ​វ៉ូ នៅ​ថ្ងៃអាទិត្យ ៦ តុលា ដោយ​នាំមុខ​អតីត​មេ​ចលនា​ដណ្តើម​ឯករាជ្យ ដែល​ក្តោប​ក្តាប់​នយោបាយ​អស់​ជាង​មួយ​ទសវត្សរ៍​កន្លងទៅនេះ​។ ទោះជា​បែបនេះ​ក្តី បក្សប្រឆាំង​ទាំងពីរ​នេះ នៅ​ពុំទាន់​ព្រមព្រៀងគ្នា​ដាច់​ស្រាច់​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​នៅឡើយ​ទេ​។



​បក្ស​ឆ្វេងនិយម Vetevendosje និង​បក្ស​កណ្តាល​និយម សម្ព័ន្ធ​ប្រជាធិបតេយ្យ (LDK) សុទ្ធតែ​រំពឹងថា ឈ្នះ​ប្រមាណ ២៥​ភាគរយ​នៃ​សំឡេងឆ្នោត ខណៈ​ការរាប់​សន្លឹកឆ្នោត បាន​ជាង​៩០​ភាគរយ​។ ចំណែក​បក្ស​របស់​អតីត​នាយករដ្ឋមន្ត្រី Ramush Haradinaj រំពឹង​ទទួលបាន​សំឡេងឆ្នោត ១០​ភាគរយ​ប៉ុណ្ណោះ​។ នេះ​បើតាម​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​កូ​សូ​វ៉ូ ។

​ក្នុងជំនួប​មុនពេល​បោះឆ្នោត បក្ស Vetevendosje និង​បក្ស LDK បរាជ័យ​ក្នុងការ​យល់ព្រម​គ្នា​លើ​ការបង្កើត​សម្ព័ន្ធភាព ហើយ​ប្រហែល​នឹង​ចំណាយពេល​ជាច្រើន​សប្តាហ៍​ទៀត​ដើម្បី​ចរចា ក្នុង​គោលដៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មេដឹកនាំ​បក្សប្រឆាំង Vetevendosje លោក Albin Kurti បញ្ជាក់ថា លោក​នឹង​ទៅ​គោះទ្វា​របស់​បក្ស LDK នៅ​ថ្ងៃ​ចន្ទ ដើម្បី​ចាប់ផ្តើម​បើក​ការចរចា​។

​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ប្រទេស​កូ​សូ​វ៉ូ​នេះ បានស្នើ​ឲ្យ​រៀបចំឡើង​ក្នុង​ខែកក្កដា ពោលគឺ​នៅពេល​លោកនាយក​រដ្ឋមន្ត្រី Haradinaj បាន​លាលែង​ពី​តំណែង ដើម្បី​ទៅ​បំភ្លឺ​នៅមុខ​តុលាការ​ពិសេស​នៅ​ប្រទេស​ហូ​ឡង់ ពាក់ព័ន្ធ​សំណុំរឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ លោក Haradinaj វ័យ​៥១​ឆ្នាំ ជា​អតីត​មេដឹកនាំ​កងទ័ព​រំដោះ​កូ​សូ​វ៉ូ ក្នុង​ជម្លោះ​ផ្តាច់ខ្លួន​ឆ្នាំ​១៩៩៨-១៩៩៩  ជាមួយ​ស៊ែ​ប៊ី ដែល​ចុងក្រោយ​បាន​ឈានដល់​ការប្រកាស​ឯករាជ្យ​។ យ៉ាងណាមិញ លោក​នៅតែមាន​សិទ្ធិ​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ឡើងវិញ​ផងដែរ ព្រោះតែ​ពុំទាន់​មានការ​ចោទប្រកាន់​ណាមួយ ត្រូវបាន​ប្រកាស​នៅឡើយ​ទេ​។

​កាលពី​ឆ្នាំមុន លោក​អតីត​នាយករដ្ឋមន្ត្រី Haradinaj បាន​ដំឡើង​ពន្ធ​នាំចូល​១០០​ភាគរយ​ពី​ស៊ែ​ប៊ី ក្នុង​គោលដៅ​វាយបក ក្រោយពី​រដ្ឋាភិបាល​ក្រុង Belgrade រារាំង​ភាពជា​សមាជិក​របស់​កូ​សូ​វ៉ូ​ក្នុង​អង្គការ​អន្តរជាតិ​។ ទាក់ទិន​រឿង​ដំឡើង​ពន្ធ​នេះ មេដឹកនាំ​បក្សប្រឆាំង លោក Kurti អះអាងថា បក្ស​លោក នឹង​លុបចោល​ការដំឡើង​ពន្ធ​នាំចូល ប៉ុន្តែ​នឹងដាក់​ចេញ​ចំណាត់ការ​ថ្មី​ប្រឆាំង​ប្រទេស​ស៊ែ​ប៊ី​។ ចំណែក​ប្រធានាធិបតី​ស៊ែ​បី Aleksandar Vucic គូសបញ្ជាក់ថា រដ្ឋាភិបាល​ក្រុង Belgrade នឹង​រៀបចំ​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កូ​សូ​វ៉ូ កាលណា​ការដំឡើង​ពន្ធ​នាំចូល​ត្រូវបាន​លុបចោល​។ 

​សូមបញ្ជាក់ថា នេះ​ជាការ​បោះឆ្នោត​លើក​ទី​៤​ហើយ ចាប់តាំងពី​កូ​សូ​វ៉ូ បានប្រកាស​ឯករាជ្យ​ពី​ប្រទេស​ស៊ែ​បី ក្នុង​ឆ្នាំ​២០០៨​មក​។ ប្រទេស​ស៊ែ​ប៊ី ពុំ​ទទួលស្គាល់​ប្រទេស​នៅ​អឺរ៉ុប​ភាគខាងត្បូង​នេះឡើយ ហើយ​រុស្ស៊ី​បាន​ខ្ទប់​ប្រទេស​នេះ​ពី​ក្លាយជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​មួយចំនួនទៀត​។ កូ​សូ​វ៉ូ ត្រូវបាន​ទទួលស្គាល់​ភាគច្រើន​ពី​បណ្តា​ប្រទេស​លោកខាងលិច ក៏ប៉ុន្តែ​ខ្លួន​ត្រូវការ​ភ្លើង​បៃតងរ​ពី​ប្រទេស​ស៊ែ​ប៊ី​, រុស្ស៊ី និង​ចិន ដើម្បី​ទទួលបាន​កៅអី​ក្នុង​អង្គការសហប្រជាជាតិ​៕

Tag:
 ​កូ​សូ​វ៉ូ​
  ការបោះឆ្នោត​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com