អន្តរជាតិ
លោក អ៊ែ​ដូ​ហ្កា​ន់ នឹង​ទៅ​ជួប​លោក ត្រាំ ខែក្រោយ​ដើម្បី​ជជែក​គ្នា​ពី​តំបន់​សុវត្ថិភាព​នៅ​ស៊ី​រី​
07, Oct 2019 , 4:43 pm        
រូបភាព
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបកន្លងមក
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបកន្លងមក
​ការិយាល័យ​ប្រធានាធិបតី​តួ​ក​គី នៅ​ថ្ងៃទី​៦ ខែតុលា បានប្រកាសថា ប្រធានាធិបតី រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ (Recep Tayyip Erdogan) និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​បាន​ជួប​សន្ទនា​តាម​ទូរ​សព្ទ និង​បាន​យល់ព្រម​ជួបគ្នា​នៅ​ខែក្រោយ ដើម្បី​ជជែក​ពិភាក្សា​ពី «​តំបន់​សុវត្ថិភាព​» នៅ​ភាគ​ខាងជើង​ស៊ី​រី​។



​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​ប្រធានាធិបតី​តួ​ក​គី លោក តៃ​យី​ប អ៊ែ​ដូ​ហ្កា​ន់ បាន​ប្រា​ប់លោក ដូ​ណា​ល់ ត្រាំ ពី​ការខកចិត្ត​របស់​តួ​ក​គី​ចំពោះ​ភាពបរាជ័យ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ក្នុង​ខែសីហា ដើម្បី​បង្កើត​តំបន់​សុវត្ថិភាព​មួយ​នៅលើ​ព្រំដែន​ប្រទេស​តួ​ក​គី និង​ស៊ី​រី​។ លោក អ៊ែរ​ដូ​ហ្កា​ន់ និយាយ​ថ​ចំៗ​ថា ការិយាល័យ​ធិបតេយ្យ​វិស័យ​សន្តិសុខ និង​យោធា​អាមេរិក ជា​មូលហេតុ​នៃ​បរាជ័យ​នេះ​។

​សូមបញ្ជាក់ថា បន្ទាប់ពី​ជំនួប​ចរចា​ដ៏​លំបាក​រវាង​អាមេរិក និង​តួ​ក​គី​បាន​បិទ​បញ្ចប់​នៅក្នុង​ខែសីហា ឆ្នាំ​២០១៩ កិច្ចព្រមព្រៀង​មួយ ត្រូវបាន​ឯកភាព​ដែល​បានអនុញ្ញាត​ឲ្យ​កងទ័ព​អាមេរិក និង​តួ​ក​គី​ត្រួតពិនិត្យ​រួមគ្នា​ទាំង​នៅលើ​ដី និង​អាកាស​នៅ​ភាគ​ខាងជើង​ស៊ី​រី​។ ប៉ុន្តែ​ក្រោយមក តួ​ក​គី បាន​ចោទ​អាមេរិក​ថា បាន​ឈប់​អនុវត្ត​ការបង្កើត​តំបន់​សុវត្ថិភាព​។ ប៉ុន្តែ​តាមរយៈ​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​រវាង លោក ត្រាំ និង​លោក អ៊ែរ​ដូ​ហ្កា​ន់ បាន​ជជែក​ជាថ្មី​អំពី​បញ្ហា «​តំបន់​សុវត្ថិភាព​» នៅ​ភាគ​ខាងជើង​ស៊ី​រី​។

​លោក អ៊ែរ​ដូ​ហ្កា​ន់ នឹង​យក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​លោក ត្រាំ ឲ្យ​បាន​លម្អិត​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សេត​វិមាន ដែល​ធ្វើឡើង​តាម​ការអញ្ជើញ​របស់លោក ត្រាំ ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ជាការ​ពិត ការបង្កើត​តំបន់​សុវត្ថិភាព​នេះ គឺធ្វើឡើង ក្នុង​គោលបំណង​បង្កើត​លក្ខខណ្ឌ​ចាំបាច់​មួយ ដើម្បី​ធ្វើ​មាតុភូមិ​និវត្តជន​ភៀសខ្លួន​ស៊ី​រី​ត្រលប់​ទៅ​ប្រទេស​វិញ​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ តួ​ក​គី​បានទទួល​ជនភៀសខ្លួន​ស៊ី​រី ៣,៦​លាន​នាក់​រួចមកហើយ ដែល​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​កើនឡើង​នៃ​ការ​ប្រតិកម្ម​ពី​សំណាក់​សាធារណជន​នៅក្នុង​ប្រទេស​កាន់តែខ្លាំង​ឡើង​។​

​ដើម្បី​ដាក់​គំនាប​ទៅលើ​អាមេរិក រដ្ឋាភិបាល​ទីក្រុង​អង់កា​រ៉ា បាន​ព្រមាន​វាយប្រហារ​ចូល​ទឹកដី​ស៊ី​រី ក្នុង​រយៈពេល​ឆាប់ៗ​។ ជាក់ស្តែង សារព័ត៌មាន​រដ្ឋ​តួ​ក​គី​បាន​ផ្សាយ​ថា តួ​ក​គី​បាន​បញ្ជូន​ទ័ព​បន្ថែមទៀត ទៅ​តំបន់​ព្រំដែន​ស៊ី​រី​។​

​សូមបញ្ជាក់ថា ប្រតិបត្តិការ​ឯកតោភាគី​របស់​តួ​ក​គី បង្ក​ឲ្យ​មានការ​បារម្ភ​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​ប្រទេស​លោកខាងលិច​។ ចំណែក​លោក​ប្រធានាធិបតី អ៊ែរ​ដូ​ហ្កា​ន់ វិញ​បាន​លើកឡើងថា តួ​ក​គី​នឹង ប្រុងប្រយ័ត្ន​ជាង​មុន ដើម្បី​ប្រក​ដ​ថា គ្មាន​ក្រុម​ជ្រុលនិយម​ណាមួយ ហ៊ាន​ធ្វើ​ការបះបោរ​នៅក្នុង​តំបន់​ឡើយ​។

​កាលពី​ឆ្នាំ ២០១៦ ទីក្រុង​អង់កា​រ៉ា បាន​វាយប្រហារ​ម្តង​ហើយ​ទៅលើ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​។ ចំណែក​ក្នុង​ឆ្នាំ​២០១៨ តួ​ក​គី​បាន​វាយប្រហារ​លើ​ក្រុម People’s Protection Units (YPG) ដែលជា​ក្រុម​ឃើ​ដ​ស៊ី​រី ហើយ​ត្រូវបាន​ក្រុង​អង់កា​រ៉ា​ចោទថា ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ឃើ​ដ​តួ​ក​គី​៕

Tag:
 ​តួ​ក​គី​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com