ជាតិ
លោក នេត្រ ភក្ត្រា​៖ ក្នុង​មួយថ្ងៃ​កម្ពុ​ជាមាន​សំរាម​ថង់​ប្លា​ស្ទិ​ក​ប្រមាណ ២,០០០​តោន
07, Oct 2019 , 9:39 pm        
រូបភាព
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន កំពុងផ្តល់​បទសម្ភាសដល់អ្នកកាសែត នៅ​ថ្ងៃបិទបញ្ចប់យុទ្ធនាការសប្ដាហ៍បៃតង កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០១៩។​
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន កំពុងផ្តល់​បទសម្ភាសដល់អ្នកកាសែត នៅ​ថ្ងៃបិទបញ្ចប់យុទ្ធនាការសប្ដាហ៍បៃតង កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០១៩។​
​សំរាម​ប្រមាណ ១ ម៉ឺន​តោន ត្រូវបាន​បង្កើតឡើង​ក្នុង​មួយថ្ងៃៗ​នៅ​កម្ពុជា ក្នុងនោះ​សំរាម​ជាង ២០ ភាគរយ​ជា​ថង់​ប្លា​ស្ទិ​ក ឬ​ស្មើនឹង​ប្រមាណ ២,០០០​តោន​។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លើកឡើង​ដូច្នេះ នៅក្នុង​កម្មវិធី​បញ្ចប់​យុទ្ធនាការ​សប្ដាហ៍​បៃតង​របស់​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៦​តុលា ឆ្នាំ​២០១៩​។​



​អ្នកនាំពាក្យ​រូបនេះ បើ​និយាយ​តែ​នៅ​រាជធានី​ភ្នំពេញ មាន​សំរាម​ប្លា​ស្ទិ​ក​ជាងថង់​១០​លាន​ថង់ ត្រូវបាន​បង្កើត​ឡើងជា​រៀងរាល់ថ្ងៃ​។ កត្តា​ចម្បង​បំផុត ដែល​នាំ​ឲ្យ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​កើនឡើង គឺ​ការផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច និង​កំណើន​ប្រជាពលរដ្ឋ​។

«​សំរាម​ថង់​ប្លា​ស្ទិ​ក គឺជា​បញ្ហា​ដែល​កម្ពុជា​កំពុង​បារម្ភ​»​។ នេះ​ជាការ​បញ្ជាក់​របស់ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែល​បន្ត​ដោយ​ការលើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុងការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក  ដោយ​ការប្រើ​កន្ត្រក ឬ​ប្រើ​ថង់​ប្លា​ស្ទិ​ក​រួម​ពេល​ទៅ​ផ្សារ និង​លាង​សម្អាត​ថង់​ប្លា​ស្ទិ​ច​ទាំងនោះ ទុក​ប្រើប្រាស់​ឡើងវិញ​ជាដើម​។ ជាមួយគ្នានេះ កម្ពុជា ក៏ត្រូវ​ការ​មានការ​កែច្នៃ​ប្លា​ស្ទិ​ក​បន្ថែមទៀត​ដែរ ខណៈ​បច្ចុប្បន្ន មាន​រោងចក្រ​កែច្នៃ​ប្លា​ស្ទិ​ក​តែ​៣​កន្លែង​ប៉ុណ្ណោះ នៅ​កម្ពុជា គឺ​នៅ​ខេត្ត​ព្រះសីហនុ​មួយកន្លែង​, បាត់ដំបង​មួយកន្លែង និង​ស្វាយរៀង​មួយកន្លែង​។​

​កន្លងមក ទីភ្នាក់ងារ​អភិវឌ្ឍ​នៃ​អង្គការសហប្រជាជាតិ UNDP ធ្លាប់បាន​ចេញផ្សាយ​ថា ថង់​ប្លា​ស្ទិ​កមួយ​ត្រូវការ​ពេល​ផលិត តែ​៥​វិនាទី​ប៉ុណ្ណោះ តែ​ថង់​ប្លា​ស្ទិ​ក​ទាំងនោះ បំពុលបរិស្ថាន និង​មហាសមុទ្រ​រយៈពេល​៥០០​ឆ្នាំ​៕

Tag:
 សំរាម​
  ប្លា​ស្ទិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com