ជាតិ
បាក់ឌុប
សម្ដេច ហ៊ុន សែន ៖ សិស្ស​ជាប់​និទ្ទេស A ច្រើន​ឆ្នាំនេះ មិនមែន​មកពី​បន្ធូរបន្ថយ​ឡើយ​
07, Oct 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ សិស្ស​ប្រឡង​ជាប់​និទ្ទេស A ច្រើន​ឆ្នាំ មិនមែន​មកពី​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​វិញ្ញាសារ​ប្រឡង ដើម្បី​បន្ធូរបន្ថយ​ឱ្យ​សិស្ស​អាចមាន​លទ្ធ​ភាពជា​ប់​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A ចំនួន​៤៤៣​នាក់ នៅ​ព្រឹក​ថ្ងៃទី ៧ តុលា​។​



​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា លទ្ធផល​សិស្ស​ប្រឡង​ជាប់​នេះ គឺ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ ចាប់តាំងពី​ក្រសួង​អប់រំ ផ្ដើម​យុទ្ធនាការ​កំណែទម្រង់​គុណភាព​អប់រំ កាលពី​ឆ្នាំ​២០១៤​មក​។ បើតាម​សម្ដេច ហ៊ុន សែន ក្រសួង​អប់រំ​ក៏​គ្មាន​គោលការណ៍​បន្ធូរ​វិញ្ញាសា​រ​ប្រឡង ដើម្បី​ឱ្យមាន​បរិមាណ​សិស្ស​ប្រឡង​ជាប់​កើនឡើង​ឡើយ​។​

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន​៖




​កន្លងមក​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការចេញ​វិញ្ញាសា​ប្រឡង គឺមាន​លក្ខណ​៦​កម្រិត ដោយ​ផ្អែកទៅលើ​ពុទ្ធិ​បេក្ខជន​។ បើតាម​រដ្ឋមន្ត្រី​អប់រំ រាល់​ការចេញ​វិញ្ញាសា​ប្រឡង​ម្ដងៗ គឺ​ក្រសួង​អប់រំ រៀបចំ​សំណួរ​ដោយ​ផ្អែកទៅលើ​ការចងចាំ​, សំណួរ​បែប​វិភាគ និង​ការវិវត្ត​នៅក្នុង​សង្គម និង​សកលលោក​ជាដើម​។ ក្នុងន័យនេះ លោក ហង់ ជួន ណា​រ៉ុ​ន បាន​ពន្យល់ថា សំណួរ​បែប​ចង់ចាំ គឺ​ផ្ដោតទៅលើ​សកម្មភាព និង​ពេលវេលា ដែល​បាន​ចារ​ទុក​ក្នុង​ប្រវត្តិ​សា​ស្ត្ រ​នៃ​មេរៀន​។ រីឯ​សំណួរ​បែប​ពិចារណា​វិញ គឺ​ឱ្យ​បេក្ខជន​ចេះ​រក​មូលហេតុ ដែលនាំឱ្យ​មាន​ព្រឹត្តិការណ៍​អ្វីមួយ​កើតឡើង នៅក្នុង​សង្គម​ជាដើម​។​

អត្ថបទទាក់ទង

​ចំពោះ​សំណួរ​ដែល​ក្រសួង​ចេញ​ប្រឡង​៥​ឆ្នាំ​មកនេះ ក៏​មិន​ប្រាកដថា​មាន​បេក្ខជន អាច​ឆ្លើយ​ត្រូវ​ទាំងអស់ ដូច​ការរិះគន់​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន ដែល​ឆ្លើយតប​ទៅនឹង​មតិ​រិះគន់​របស់​សាធារណជន​ថា ការប្រឡង​មានការ​រឹតបន្តឹង ដើម្បី​បំភាន់​ភ្នែក​មហាជន ខណៈ​វិញ្ញាសា​ចេញ​ប្រឡង​ធូររលុង ដែល​អាចឱ្យ​បេក្ខជន​ងាយស្រួល​យក​ពិន្ទុ​បាន​។​

​សិស្ស​ជាប់​និទ្ទេស A ឆ្នាំ​២០១៩ ទទួលបាន​កាក់​ពីរ​, ប្រាក់​ស្លឹង​មួយ​, សៀវភៅ​មួយ​ប្រអប់ មានច្បាប់​ក្រុម​ង៉ុ​យ​និង​អ៊ូ​ចុង​, ថវិកា​ពីរលាន​រៀល iPad មួយគ្រឿង​, ជូន​សិស្ស​និទ្ទេស A ទាំង​៤៤៣​នាក់​។ នាយក នាយិកា​១៨៨​នាក់ ទទួលបាន កាក់​មាស​ពីរ​, ប្រាក់​ស្លឹង​, សៀវភៅ​ក្រុម​ង៉ុ​យ និង​អ៊ូ​ចុង​, ព្រមទាំង​ថវិកា​មួយចំនួន ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕


Tag:
 ហ៊ុន សែន
  និទ្ទេស A
  បាក់​ឌុប ២០១៩
© រក្សាសិទ្ធិដោយ thmeythmey.com