អន្តរជាតិ
លោក អា​បេ បង្ហាញ​គោលនយោបាយ​ការបរទេស​ថ្មី​លើកកម្ពស់​ចំណងមិត្តភាព​ជាមួយ​ចិន​
07, Oct 2019 , 10:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បានដាក់​ផែនការ​គោលនយោបាយ​ការបរទេស​ថ្មី​ក្នុងការ​ជំរុញ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​កម្រិត​ថ្មី​មួយទៀត​។ ផែនការ​របស់​ក្រុង​តូ​ក្យូ ធ្វើឡើង​ស្របពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា​កំពុង​ជួប​រឿង​ថ្នាំងថ្នាក់ និង​ល្អក់កករ​នឹង​គ្នា​។​



​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​៤ ខែតុលា បាន​ថ្លែង​ពី​គោលនយោបាយ​រួម ដែលជា​កិច្ចការ​អាទិភាព​របស់​លោក​ត្រូវធ្វើ ដោយ​ក្នុងនោះ​លោក​បាន​សន្យា​បើក​សករាជ​ថ្មី​ក្នុង​ទំនាក់ទំនង​ជប៉ុន​និង​ចិន ក៏ដូចជា​ជំរុញ ចំណង​ទ្វេភាគី​ក្នុង​កម្រិត​ខ្ពស់​ថ្មី​មួយទៀត​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។

​លោកនាយក​រដ្ឋមន្ត្រី បាន​អះអាងថា ជប៉ុន នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​រាប់បញ្ចូល​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ និង​យុវជន​ជាដើម​។
​ក្រៅពី​ការរំពឹង​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុងនាម​ជា​ប្រទេស​មានការ​អភិវឌ្ឍ​នាំមុខ​ក្នុង​តំបន់ លោក អាប ជឿជាក់ថា ជប៉ុន និង​អាច​ធ្វើការ​រួមគ្នា​ជាមួយនឹង​ចិន​ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ក្នុង​តំបន់ និង​សកល ក៏ដូចជា​ចូលរួម​គាំពារ​សហគមន៍​អន្តរជាតិ បាន​យ៉ាង​ល្អ​នាពេល​អនាគត​ផងដែរ​។​

​តាម​សេចក្តីថ្លែងការណ៍​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន​នាពេល​ថ្មីៗ​នេះ ជប៉ុន កំពុងតែ​ស្វែងរក​ចំណុចរួម​ដើម្បី​ធ្វើ​ឲ្យ​ចំណង​ជប៉ុន និង​ចិន កាន់តែ​ស៊ីជម្រៅ ដ្បិត​ប្រទេស​ទាំងពីរ មានការ​ទទួលខុស  ត្រូវ​ដូចគ្នា​ក្នុង​ការរក្សា​សន្តិភាព និង​ភាពរុងរឿង​នៅ​អាស៊ី និង​លើសពីនេះ​។

​គួរ​ជម្រាប​ផងដែរ​ថា ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា ដែល​រួមមាន​ទាំង​កូរ៉េខាងជើង កូរ៉េខាងត្បូង ជប៉ុន និង​ចិន​ជាដើម​នោះ មិនសូវ​ជាមាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ប៉ុន្មាន​ទេ​។ ជប៉ុន ក្រៅពី​មានការ​ប្រយ័ត្នប្រយែង​ខ្លាំង​លើ​ការគំរាមកំហែង​សន្តិសុខ​ពី​កូរ៉េខាងជើង ចុងក្រោយ​នេះ ជប៉ុន បាន​មានរឿង​ប្រទាំង​ប្រទើស​ជាមួយនឹង​កូរ៉េខាងត្បូង ដែល​ឈានដល់​ការ​រឹតត្បិត​ផ្នែក​ពាណិជ្ជកម្ម​រវាង​គ្នា​ទៀតផង​៕

Tag:
 ជប៉ុន​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com