អន្តរជាតិ
ប៉ូលិសហុងកុង ព្រមានបាតុករប្រឆាំងការវាយប្រហារឃោរឃៅលើពលរដ្ឋស្លូតត្រង់ ប្រភពរូប៖ AFP
× ប៉ូលិសហុងកុង បានរិះគន់ក្រុមបាតុករដែលបើកការវាយប្រហារបែបហិង្សាបំផុតលើប្រជាជនស្លូតត្រង់។ ការព្រមាននេះ ធ្វើឡើងក្រោយពីកើតភាពវឹកវរ និងការប៉ះទង្គិចហិង្សាកាន់តែខ្លាំងក្លារវាងក្រុមអ្នកតវ៉ា និងប៉ូលិសក្នុងទីក្រុងនេះ។
«សកម្មភាពហិង្សាបែបនេះ គឺឆ្លងហួសឆ្ងាយពីព្រំដែនសីលធម៌នៃសង្គមស៊ីវីល័យ»។ កម្លាំងប៉ូលិសក្រុងហុងកុង សរសេរបែបនេះក្នុងបណ្តាញស្គម Twitter ខ្លួន នៅរសៀលថ្ងៃចន្ទ ទី ៧ តុលា ។ ការបង្ហោះនេះ ក៏មានអមជាមួយវីដេអូរយៈពេល១នាទី ដែលបង្ហាញពីទិដ្ឋាភាពក្រុមបាតុករវាយដំមនុស្សយ៉ាងហិង្សា ដោយប្រើសម្ភារដូចជា ឆត្រ និងដំបងដែកជាដើម។ ក្នុងវីដេអូនេះ ជនរងគ្រោះជាច្រើន ត្រូវបានមើលឃើញថា មានរបួសធ្ងន់ធ្ងរ បែកឈាមពេញខ្លួន។
ប៉ូលិស នឹងអនុវត្តច្បាប់យ៉ាងតឹងតែងបំផុតដើម្បីស្តារសណ្ដាប់ធ្នាប់សាធារណៈ និងនាំខ្លួនជនល្មើសច្បាប់ទាំងអស់ទៅកាត់ទោស។ កម្លាំងប៉ូលិសក្រុងហុងកុង បញ្ជាក់បែបនេះ ដោយបន្ថែមទៀតថា ពលរដ្ឋហុងកុង គួរសហការ និងរាយការណ៍រាល់ទង្វើខុសច្បាប់នានាដែលកើតមានឡើង។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP រដ្ឋាភិបាលហុងកុង នៅថ្ងៃដដែលនេះ បានព្រមានថា សុវត្ថិភាពសាធារណៈ ត្រូវបានបាត់បង់ ហើយសណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានរុញច្រាលឲ្យធ្លាក់ចូលក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុត ក្រោយពីផ្ទុះបាតុកម្មជាច្រើនខែ ដែលបង្កចលាចលក្នុងទីក្រុងនេះ។
បាតុករមួយចំនួន ត្រូវបានចាប់ខ្លួនក្នុងការប៉ះទង្គិច ដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីច្បាប់បន្ទាន់ថ្មី ដែលហាមឃាត់ក្រុមបាតុករពាក់ម៉ាស់បិទមុខ ត្រូវបានអនុវត្តកាលពីថ្ងៃសុក្រ ទី៤ តុលា មក។ ការប៉ះទង្គិចនេះដែរ បង្កឲ្យប្រតិបត្តិករផ្លូវដែកហុងកុង MTR Corp នៅថ្ងៃចន្ទ សម្រេចប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្នបណ្តាញរថភ្លើងជាច្រើនក្នុងទីក្រុង ដែលក្នុងនោះក៏មានស្ថានីយ៍ដ៏មមាញឹកដូចជា Admiralty និង Wan Chai ផងដែរ៕
Tag:
ហុងកុង
បាតុករ
ប្រជាជន
© រក្សាសិទ្ធិដោយ thmeythmey.com