រថយន្ត
អន្តរជាតិ
សង្គ្រាមលោកលើកទី​១៖ ដើមកំណើត​នៃ​រថក្រោះ​ចម្បាំង​
07, Oct 2019 , 8:19 pm        
រូបភាព
រថគ្រោះ Little Willies ផលិតដំបូងដោយចក្រភពអង់គ្លេស ក្នុងឆ្នាំ ១៩១៦
រថគ្រោះ Little Willies ផលិតដំបូងដោយចក្រភពអង់គ្លេស ក្នុងឆ្នាំ ១៩១៦
​រថក្រោះ​អាចជា​គ្រឿង​ធ្វើសង្គ្រាម និង​ការពារ​ប្រទេសជាតិ​មួយ​ដែល​ពិបាក​នឹងខ្វះ​បាន​។ ជាមួយនឹង​របាំង​ដែក​ដ៏​ក្រាស់ រួមទាំង​កាំភ្លើង​ដ៏​ធំ​នៅ​ចំ​ពី​ខាងមុខ យាន​ធ្វើសឹក​សង្គ្រាម​មួយ​នេះ​មាន​សារសំខាន់​ខ្លាំង​ក្នុងការ​ច្បាំង​លើដី​។ យានពិសេស​មួយ​នេះ​ទើបតែ​ចាប់កំណើត​ជា​រូបរាង​ឡើង​កាល​តែ​ជាង​១០០​ឆ្នាំមុន​ប៉ុណ្ណោះ ពោលគឺ​នៅ​ក្នុងសម័យ​សង្គ្រាមលោក​លើកទីមួយ ក្នុង​ចន្លោះ​ឆ្នាំ​១៩១៤ និង​ឆ្នាំ​១៩១៨​។



​ដោយ​ផ្នែក​លើ​ការស្រមើស្រមៃ វិចិត្រករ​វិទ្យាសាស្ត្រ​ជនជាតិ​អ៊ីតាលី​ល្បី​ម្នាក់ ដែល​លោក​មាន​ឈ្មោះថា Leonardo Da Vinci បាន​គូរ​ជា​រូបរាង​រថក្រោះ​ដំបូង​គេ​នៅក្នុង​អំឡុង​សតវត្សរ៍​ទី​១៥ ប៉ុន្តែ​រថក្រោះ​ដែល​អាច​ប្រើប្រាស់​បាន​ជាក់ស្តែង​មាន​ដើមកំណើត​នៅក្នុង​អំឡុង​សតវត្សរ៍​ទី​២០​ទៅវិញ​ទេ​។ នេះ​ជាការ​បកស្រាយ​ចេញពី​គេហទំព័រ History.com ។

​ប្រទេស​ដំបូង​ដែល​ចាប់ផ្តើម​ផលិត និង​ប្រើប្រាស់​រថក្រោះ​គឺ​ចក្រភព​អង់គ្លេស និង​ប្រទេស​បារាំង​ក្នុងការ​បើកផ្លូវ​ឲ្យ​ទ័ពជើងគោក​ធ្វើដំណើរ​ឆ្លង​ការ​ដែនដី​សង្គ្រាម​ដែល​ពោរពេញ​ទៅដោយ​បន្លារ​ដែក​មុតៗ​។ ប៉ុន្តែ​រថក្រោះ​ជំនាន់​ដំបូងៗ​ទាំងនោះ​មិនសូវ​ជា​ទាន់​មាន​ប្រសិទ្ធ​ភាពល្អ​ប៉ុន្មាន​នោះទេ​។

​នៅពេលដែល​សង្គ្រាម​ឡេ​ណ​ដ្ឋា​ន (​សង្គ្រាម​ដែលមាន​ការជីក​រណ្តៅ​ក្នុងការ​លាក់ខ្លួន និង​ការបាញ់​) បានធ្វើ​ឲ្យ​ភាគី​សង្គ្រាម​ទាំងពីរ​ពិបាក​នឹង​រួញ​កម្លាំង​របស់ខ្លួន​នីមួយៗ​ទៅមុខ លោក Winston Churchill ដែល​ក្នុងពេលនោះ​ជា​អ្នក​នាំមុខ​ខាង​ផ្នែក​ទ័ពជើងទឹក និង​ក្រោយ​មកជា​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស បាន​រិះរក​គំនិត​ក្នុងការ​បង្កើត​រថក្រោះរ​បស់​ខ្លួន​ផ្ទាល់​ក្នុង​ការបើក​ឆ្លងកាត់​រណ្តៅ​ទាហាន រហូត​ទៅដល់​ប្រវែង​ជាង​មួយ​ម៉ែត្រ និង​ជម្រៅ​ប្រមាណ​ពីរ​ម៉ែត្រ​។

​ក្នុង​ឆ្នាំ​១៩១៦ រថក្រោះ​ដំបូង​គេ​ដែលមាន​ឈ្មោះថា «Little Willies» ត្រូវបាន​គេ​យកមកប្រើ​ប្រាស់​។ ប៉ុន្តែ​រថក្រោះ Mark 1 ដែលជា​ជំនាន់​បន្ទាប់​របស់ Little Willies ទៅវិញ​ទេ​ដែល​ត្រូវបាន​ចក្រភព​អង់គ្លេស​យកទៅ​ប្រើប្រាស់​នៅក្នុង​សង្គ្រាម​ផ្ទាល់ ក្នុង​ឆ្នាំ​១៩១៦​ដដែល​។ នៅក្នុង​ឆ្នាំ​១៩១៨ ប្រទេស​បារាំង​បាន​ផលិត​រថក្រោះ Renault FT ដែលមាន​លក្ខណៈ​ល្អប្រសើរ​ជាង Mark 1 របស់​ចក្រភព​អង់គ្លេស​។

​នៅ​ចន្លោះ​សង្គ្រាមលោកលើកទី​១ និង​ទី​២ រថក្រោះ​បានទទួល​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​នៅក្រោម​ប្រទេស​មហាអំណាច​ដូចជា អង់គ្លេស បារាំង និង​អាល្លឺម៉ង់​។ រថក្រោះ​ជំនាន់​ក្រោយ​នានា​ចាប់កំណើត​ឡើង​ជាមួយនឹង​ទម្ងន់​ធ្ងន់​ជាង​មុន កម្រាស់​ក្រាស់​ជាង​មុន កម្លាំង​ខ្លាំង​ជាង​មុន និង​ល្បឿន​លឿន​ជាមុន​។ នៅក្នុង​សង្គ្រាមលោកលើកទី​២ ជាមួយនឹង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​មេកានិច អាល្លឺម៉ង់​បាន​បង្កើត​រថក្រោះ​មាន​ឈ្មោះថា Panzer ដែល​ក្រុម​រថក្រោះ​នេះ​នឹង​បាន​កែប្រែ​មុខមាត់​នៃ​ការធ្វើ​សង្គ្រាម​យ៉ាងច្រើន​៕


© រក្សាសិទ្ធិដោយ thmeythmey.com