​ជម្រុះ World Cup៖ ហេតុអ្វី​អន្តរជាតិ​ចាប់អារម្មណ៍​ជាពិសេស​ជំនួប​អ៊ីរ៉ង់ និង​កម្ពុជា​?
FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
​ជម្រុះ World Cup៖ ហេតុអ្វី​អន្តរជាតិ​ចាប់អារម្មណ៍​ជាពិសេស​ជំនួប​អ៊ីរ៉ង់ និង​កម្ពុជា​?
08, Oct 2019 , 7:59 am        
រូបភាព
​អ៊ីរ៉ង់​នឹង​បើកទ្វារ​កីឡដ្ឋាន Azadi នា​ក្រុង​តេ​ហេ​រ៉ង់​ដើម្បី​ទទួលភ្ញៀវ​កម្ពុជា​ក្នុងការ​ប្រកួត​ជម្រុះ World Cup 2022 ជុំ​ទី​២ ពូ​ល C នៅ​ថ្ងៃទី​១០ ខែតុលា​។ នេះ ​នឹង​ក្លាយជា​ជំនួប​ប្រវត្តិសាស្ត្រ​សម្រាប់​អ៊ីរ៉ង់​និង​កម្ពុជា ដែល​រំពឹងថា​អាច​ទាក់ទាញ​អ្នកទស្សនា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​រួមទាំង​បណ្តាសារ​ព័ត៌មាន​ល្បីៗ​ផង ដ្បិត​ប្រទេស​ប្រេង​មួយ​នេះ​បានអនុញ្ញាត​ឲ្យ​ស្ត្រី​មាន​វត្តមាន​ក្នុងការ​ប្រកួត​បុរស​សាជាថ្មី ក្រោយ​ហាមប្រាម​ជិត​៤០​ឆ្នាំ​មក​។​



​ប្រហែលជា​គ្មានអ្វី​ប្រែប្រួល​ឡើយ បន្ទាប់ពី​អ្នកគាំទ្រ​ស្ត្រី​អ៊ីរ៉ង់​ត្រូវបាន​ផ្តល់​សិទ្ធិ​ឲ្យ​ទិញ​សំបុត្រ​សម្រាប់​ចូល​មើល​ការប្រកួត​វគ្គ​ជម្រុះ World Cup ចំនួន​៣៥០០​សន្លឹក​រួចហើយ តាំងពី​ប្រកាស​លក់​នៅ​ថ្ងៃទី​៣ ខែតុលា​ម្លេះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​ដោយ​បញ្ជាក់ទៀតថា​សំបុត្រ​សម្រាប់​ស្ត្រី​មាន​ចំនួន​សរុប​៤៦០០​សន្លឹក​សម្រាប់​ជំ​នួ​បរវាង​អ៊ីរ៉ង​ទល់​កម្ពុជា​នេះ​។​

​កន្លងមក សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់​បានកំណត់​ការហាម​ប្រាម​ស្ត្រី​ជនជាតិ​ខ្លួន​មិន​ឲ្យ​មាន​វត្តមាន​ក្នុង​កីឡដ្ឋាន​សម្រាប់​ការប្រកួត​ក្រុម​បុរស​តាំងពី​ឆ្នាំ​១៩៨១​មក ពោលគឺ​ក្រោយពេល​បដិវត្ត​អ៊ីស្លាម ឆ្នាំ​១៩៧៩​។​



​យ៉ាងណាក៏ដោយ​បម្រាម​នេះ​បាន​ធូរស្រាល​មកវិញ ចាប់តាំងពី​អ៊ីរ៉ង់​ទទួលរង​សម្ពាធ​ខ្លាំង​ពី​សំណាក់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បន្ទាប់ពី​អ្នកគាំទ្រ​ស្ត្រី​អ៊ីរ៉ង់​នាង Sahar Khodayari ដុត​សម្លាប់ខ្លួន​នៅមុខ​តុលាការ​ដើម្បី​ប្រឆាំងនឹង​ការហាម​ប្រាម​នេះ​។ ច្បាប់​នៅ​អ៊ីរ៉ង់​បានចែង​ថា រាល់​ស្ត្រី​ដែល​ចូល​កីឡដ្ឋាន​ក្នុងការ​ប្រកួត​បុរស​ដោ​យ​គ្មាន​ការអនុញ្ញាត​នឹងត្រូវ​ជាប់ពន្ធនាគា​ររ​យៈ​ពេល ៦​ខែ​។ នាង Khodayari បាន​ជាប់ទោស​ក្នុង​បទ​នេះ ក្រោយ​ព្យាយាម​ចូល​កីឡដ្ឋាន​ដោយ​បន្លំ​ខ្លួន​ស្លៀកពាក់​ជា​បុរស​។​

​ការ​រឹតត្បិត​ស្ត្រី​អ៊ីរ៉ង់​ត្រូវបាន​ដក​ចំពេល​ជំនួប​ទល់​កម្ពុជា​។ ដូច្នេះ​វា​នឹង​ផ្តល់​ផល​ល្អ​សម្រាប់​ក្រុម​កម្ពុជា​ដើម្បី​បង្ហាញ​ទៅកាន់​ពិ​ភព​លោក​បើ​ទោះ​អ៊ីរ៉ង់​ជា​ក្រុម​ខ្លាំង​បំផុត​នៅ​តំបន់​អាស៊ី​ក៏ដោយ​។​​ពិភពលោក នឹង​ស្គាល់​កម្ពុជា​ច្រើន​ជាមុន​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ល្បីៗ​ដែល​ទៅ​ផ្តិ​យក​ព័ត៌មាន​ជុំវិញ​បញ្ហា​ស្ត្រី​អ៊ីរ៉ង់​ក្នុង​វិស័យ​កីឡាបាល់ទាត់​នេះ​។​

​យោងតាម​វេ​ប​សាយ​កីឡា​អ៊ីរ៉ង់ ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​យុវជន និង​កីឡា​ប្រទេស​នេះ​ប្រកាសថា​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​បរទេស​ចំនួន​២១​ស្ថាប័ន​ផ្សេងគ្នា មកពី​២១​ប្រទេស បានដាក់​ពាក្យសុំ​យក​ព័ត៌មាន​ក្នុងការ​ប្រកួត​ជម្រុះ​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២​នៅ​កាតា រវាង​អ៊ីរ៉ង់ និង​កម្ពុជា​នៅ​កីឡដ្ឋាន Azadi ដែល​ផ្ទុក​អ្នកទស្សនា​រហូតដល់​៩០០០០​នាក់​នេះ​។​

​ការប្រកួត​នេះ​ទៀតសោត ក៏​ស្ថិតក្រោម​ការឃ្លាំមើល​ពី​សំណាក់​មន្ត្រី​របស់ FIFA ផងដែរ​ដើម្បី​ធានាថា​ស្ត្រី​អ៊ីរ៉ង់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​កីឡដ្ឋាន​ស្របតាម​បទបញ្ជា​របស់​ស្ថាប័ន​គ្រប់គ្រង​កីឡា​ពិភពលោក​នេះ​ឬក៏​អត់​។​

​ក្រៅពីនេះ ក្រុម​អ្នកគាំទ្រ​កម្ពុជា ក៏​រង់​ចាំមើល​ផងដែរ​សមត្ថភាព លោក Keisuke Honda លោក Felix Dalmas ក៏ដូចជា​ក្រុម​ជម្រើសជាតិ​ទាំងមូល​ក្នុងការ​ប្រកួត​តទល់​ជាមួយ​អ៊ីរ៉ង់ ដែលជា​ក្រុម​លេខ​១​ប្រចាំ​តំបន់​អាស៊ី​៕

Tag:
 World Cup
  ជម្រើសជាតិ​
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com