កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
F1៖ កីឡាករ​ជប៉ុន Yamamoto ក្លាយជា​សមាជិក​ក្រុម Toro Rosso ជំនួស Gasly
07, Oct 2019 , 8:39 pm        
រូបភាព
​កីឡាករ​សញ្ជាតិ​ជប៉ុន Naoki Yamamoto នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុងការ​ប្រកួតប្រណាំងរ​ថយ​ន្ត Formula 1 ក្នុងនាម​ជា​អ្នកបើកបរ​ឲ្យ​ក្រុម Toro Rosso នា​ទីលានប្រណាំង​ក្នុងស្រុក​កំណើត Japan grand prix ចុង​សប្តាហ៍​នេះ​។​



Yamamoto វ័យ​៣១​ឆ្នាំ ដែលជា​ម្ចាស់​ជើងឯក​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Super Formula និង Super GT ស៊េរី​របស់​ជប៉ុន នឹង​ទៅ​ជំនួស​កៅអី​រថយន្ត​របស់​កីឡាករ Pierre Gasly វិញ សម្រាប់​វគ្គ​សាកល្បង​ម៉ាស៊ីន​លើក​ទី​១ នៅ​ថ្ងៃ​១១ ខែតុលា​។​

​អ្នក​ប្រណាំង​សញ្ជាតិ​បារាំង Gasly ដែលមាន​វ័យ​២៣​ឆ្នាំ នឹង​ត្រឡប់​ចូលរួម​ដៃគូ​ជាមួយ​កីឡាករ Daniil Kvyat សម្រាប់​ការប្រណាំង​ដណ្តើម​ពិន្ទុ​នៅ​ទីលាន Suzuka ប្រទេស​ជប៉ុន​នេះ​។​
Yamamoto ទទួលបាន​ការទុកចិត្ត​ក្រុម Honda ដែលជា​ដៃគូ Toro Rosso និង​មាន​ម្ចាស់​ជា​ជនជាតិ​ជប៉ុន​ស្រាប់​។​



​កាល​នៅ​ប្រណាំង​ក្នុង​កម្មវិធី Super GT Yamamoto ក៏​ធ្លាប់បាន​ចាប់​ដៃគូ​ជាមួយ​ម្ចាស់​ជើងឯក F1 ឆ្នាំ​២០០៩ សញ្ជាតិ​អង់គ្លេស Jenson Button ដែរ​។ Button ធ្លាប់​អះអាង​កាលពី​ឆ្នាំមុន​ដែលថា Yamamoto មាន​ទេពកោសល្យ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​នៅ F1 នេះ​។​

«F1 ជា​ក្តី​សុបិន​របស់ខ្ញុំ​តាំងពី​ខ្ញុំ​នៅ​ក្មេង​ម្លេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់ Yamamoto ដែល​អះអាងថា​ខ្លួន​ចាប់អារម្មណ៍​កីឡា​នេះ​តាំងពី​រូបគេ​បាន​ទស្សនាការ​ប្រណាំង​នៅ Suzuka ២៧​ឆ្នាំមុន​។​

​ក្រុម Toro Rosso បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦​ក្នុង​តារាង​ផ្នែក​ម៉ាស៊ីន ក្រោយ​ឆ្លងកាត់​ការ​ប្រ​ណាំ​១៦​លើកចុងក្រោយ ខណៈ Mercedes ឈរ​កំពូល​តារាង​។ ដោយឡែក​ចំណាត់ថ្នាក់​កី​ឡករ​វិញ Pierre Gasly ស្ថិតនៅ​លេខ​រៀង​ទី​៦ មាន​៦៩​ពិន្ទុ ហើយ Daniil Kvyat ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១២ មាន​៣៣​ពិន្ទុ​។ Lewis Hamilton ដែល​បើក​ឲ្យ Mercedes នៅ​កំពូល​តារាង​មាន ៣២២​ពិន្ទុ​៕


Tag:
 Formula 1
  Naoki Yamamoto
© រក្សាសិទ្ធិដោយ thmeythmey.com