អន្តរជាតិ
ឥណ្ឌូណេស៊ី​ប្រឈម​នឹង​ការ​តវ៉ា​ធំ​បំផុត​ក្នុង​ពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ
08, Oct 2019 , 1:39 pm        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
ដោយ: VOA
ហ្សា​ការ​តា ៖ កាលពី​ខែកញ្ញា មនុស្ស​រាប់ម៉ឺន​នាក់​បាន​តវ៉ា​នៅ​ទូទាំងប្រទេស ដែល​ក្នុងនោះ​មាន​ទាំង​រដ្ឋធានី​ហ្សា​ការ​តា​ផងដែរ​។ នៅក្នុង​ការតវ៉ា​ក្នុង​ទីក្រុង​ហ្សា​ការ​តា ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ប្រើ​កាណុង​ទឹក​ដើម្បី​បំបែក​ក្រុមនិស្សិត​តវ៉ា​នៅ​ខាងក្រៅ​អាគារ​រដ្ឋសភា​កាលពី​ថ្ងៃទី ២៤ ខែកញ្ញា​។​


 
​មនុស្ស​ភាគច្រើន​ខកចិត្ត​ចំពោះ​សំណើ​ច្បាប់​មួយ​ដែល​នឹង​ពង្រឹង​ការហាមឃាត់​ដែលមាន​ស្រាប់​ចំពោះ​ការ​រំលូតកូន ការ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅពី​ប្ដី​ប្រពន្ធ ការមើល​ងាយ​ព្រះ និង​ការប្រមាថ​ប្រធានាធិបតី ឬក៏​និមិត្តរូប​ផ្សេងទៀត​របស់​រដ្ឋាភិបាល​។​
 
​អ្នក​ខ្លះទៀត​មានការ​ខឹងសម្បារ​ចំពោះ​ការអនុម័ត​ច្បាប់​កាលពីពេល​ថ្មីៗ​នេះ ដែល​គំរាម​លុបចោល​ឯករាជ្យភាព និង​ដកហូត​អំណាច​សំខាន់ៗ​របស់​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ ដែលជា​គណៈកម្មការ​ដ៏​គួរ​ឲ្យ​គោរព​របស់​ប្រទេស​។​
 
​មួយវិញទៀត មនុស្ស​យ៉ាងហោចណាស់ ៣០ នាក់ ត្រូវបាន​សម្លាប់​កាលពី​ចុងខែ​កញ្ញា ក្នុងអំឡុងពេល​ផ្ទុះឡើង​នូវ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​តំបន់ Papua ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូណេស៊ី ដែល​នៅ​ទីនោះ​មានការ​បះបោរ​តូចតាច​កើតឡើង​អស់​រយៈពេល​ជា​យូរ​មកហើយ​។​
 
​ការវិវត្ត​ទាំងនេះ​បានរួម​គ្នា​ក្លាយ​ជាការ​ប្រឈម​ដ៏​ចម្បង​មួយ​ចំពោះ​លោក​ប្រធានាធិបតី Joko Widodo ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ការដឹកនាំ​អាណត្តិ​ទី​ពីរ​របស់លោក​រយៈពេល ៥ ឆ្នាំ​ទៀត ចាប់ពី​ថ្ងៃទី ២០ ខែតុលា​ខាងមុខនេះ​តទៅ បន្ទាប់ពី​បានឈ្នះ​ការបោះឆ្នោត​ដោយ​ស្រួល​បំផុត​កាលពី​ខែមេសា​។​
 
​អ្នកស្រី Devi Asmarani ដែលជា​ស្ថាបនិក និង​ជា​និពន្ធ​នៃ​ទស្សនាវដ្ដី The Magdalene នៅក្នុង​ទីក្រុង​ហ្សា​ការ​តា​ដែល​ផ្ដោតលើ​ស្ត្រី និយាយថា​៖ «​រឿងនេះ​គឺ​ធ្ងន់ធ្ងរ​ណាស់​»​។​
 
​លោក Widodo ចង់​សើរើ​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ជា​យូរ​មកហើយ ដែល​ក្រមព្រហ្មទណ្ឌ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​អតីត​ថ្នាក់ដឹកនាំ​អាណានិគម​ហូ​ឡង់​។ ការប្រឹងប្រែង​របស់លោក Widodo កាលពី​លើក​មុន​នៅក្នុង​ការសើរើ​ច្បាប់​នេះ មិនបាន​ទទួលជោគជ័យ​នោះទេ​។​
 
​អ្នកស្រី Asmarani និយាយថា​៖ «​គោលបំណង​ទាំងមូល​គឺ​ធ្វើ​ឲ្យ​ក្រមព្រហ្មទណ្ឌ​នេះ​មាន​លក្ខណៈ​បែប​ឥណ្ឌូណេស៊ី ដោយសារតែ​វា​ជា​កេរដំណែល​សល់​ពី​សម័យ​អាណានិគម​ហូ​ឡង់​។ ប៉ុន្តែ សំណើ​ច្បាប់​ថ្មី​នេះ​មានបំណង​ដាក់ទោស​ទណ្ឌ​គ្រប់​រឿង​ទាំងអស់​»​។​
 
​សារព័ត៌មាន​អន្តរជាតិ​ភាគច្រើន​បាន​ផ្ដោត​ការរាយការណ៍​លើ​ទិដ្ឋភាព​នៃ​សំណើ​ច្បាប់​នេះ ដែលជា​សំណើ​ច្បាប់​ដែល​ចាត់ទុក​ការរួម​ភេទ​ក្រៅពី​ប្ដី​ប្រពន្ធ​ជា​រឿង​ខុសច្បាប់ និង​លើ​វិធី​ដែល​ច្បាប់​នេះ​អាច​ប៉ះពាល់​ដល់​កន្លែង​ទិសដៅ​ទេសចរណ៍​អន្តរជាតិ​ប្រជាប្រិយ​នានា​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ដូចជា​កោះ​បាលី​ជាដើម​។​
 
​ប៉ុន្តែ សំណើ​ច្បាប់​ដែលមាន​ជាង ៦ រយ​មាត្រា​នេះ អាច​ប៉ះពាល់​ដល់​មួយផ្នែកធំ​នៃ​សង្គម​ឥណ្ឌូណេស៊ី​។​
 
​អង្គការសិទ្ធិមនុស្ស Human Rights Watch បាន​ហៅ​សំណើ​ក្រមព្រហ្មទណ្ឌ​នេះ​ថា​ជា «​គ្រោះមហន្តរាយ​មិន​ត្រឹមតែ​សម្រាប់​ស្ត្រី និង​អ្នក​កាន់សាសនា​ភាគតិច និង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី​ទាំងអស់​ផងដែរ​»​។​
 
​លោក Andreas Harsono អ្នកស្រាវជ្រាវ​ផ្ដោតលើ​ប្រទេស​ឥណ្ឌូណេស៊ី​នៃ​អង្គការសិទ្ធិមនុស្ស Human Rights Watch បាន​បញ្ជាក់ថា វា​ទំនងជា​ប៉ះពាល់​មិន​ស្មើភាព​គ្នា​ចំពោះ​ស្ត្រី និង​ដាក់​ទោសទណ្ឌ​ចំពោះ​ការរួម​ភេទ​របស់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ដែលជា​អ្វីដែល​ប្រទេស​ឥណ្ឌូណេស៊ី​មិនដែល​ធ្វើ​ពីមុនមក​នោះទេ​។​
 
​នៅក្រោម​សំណើ​ច្បាប់​នេះ ប្ដី​ប្រពន្ធ​ណា​ដែល​រួមភេទ​ក្រៅពី​ប្ដី ឬក៏​ប្រពន្ធ​របស់ខ្លួន អាច​ជាប់ពន្ធនាគា​ររ​ហូត​ដល់​មួយឆ្នាំ​។ ចំពោះ​គូសង្សារ​មិនទាន់​រៀបការ​ណា ដែល​រស់នៅ​ជាមួយគ្នា ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ៦ ខែ​។ ចំណែកឯ​ការ​រំលូតកូន​វិញ​គឺ​ត្រូវបាន​ចាត់ទុកថា​ខុសច្បាប់ នៅ​ស្ទើរតែ​គ្រប់​កាលៈទេសៈ​ទាំងអស់​។​
 
​កាលពី​ចុងខែ​កញ្ញា សមាជិកសភា​បាន​ពន្យារពេល​ពិភាក្សា​លើ​សំណើ​ច្បាប់​នេះ បន្ទាប់ពី​លោក Widodo ធ្វើតាម​ការដាក់​សម្ពាធ​របស់​សាធារណជន ដោយបាន​និយាយថា មតិយោបល់​បន្ថែមទៀត​គឺ​ត្រូវការ​ចំពោះ​សំណើ​ច្បាប់​នេះ​។ ប៉ុន្តែ អ្នកខ្លះ​ខ្លាច​ថា សំណើ​ច្បាប់​នេះ​អាច​ត្រូវបាន​អនុម័ត​នៅ​ការប្រជុំ​រដ្ឋសភា​បន្ទាប់​។​
 
​ការតវ៉ា​នៅតែ​បន្ត​ធ្វើឡើង ទោះបីជា​សំណើ​ច្បាប់​នេះ​ត្រូវបាន​រដ្ឋសភា​ផ្អាក​ការពិភាក្សា​បណ្ដោះអាសន្ន​ក៏ដោយ​។ កាលពី​ចុងខែ​កញ្ញា នៅក្នុង​ទីក្រុង​ហ្សា​ការ​តា អ្នក​តវ៉ា​រាប់រយ​នាក់ និង​មន្ត្រីប៉ូលិស​រាប់សិប​នាក់​បាន​រងរបួស នៅពេលដែល​អ្នក​តវ៉ា​ព្យាយាម​បំបែក​ចូល​អាគារ​រដ្ឋសភា​។ នេះ​បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​។​
 
​ការតវ៉ា​នេះ​គឺជា​ការតវ៉ា​ដ៏​ធំ​បំផុត​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​មិនដែល​ជួបប្រទះ​តាំងពី​ឆ្នាំ ១៩៩៨ មក​។ កាលពី​ឆ្នាំ ១៩៩៨ ការតវ៉ា​ទ្រង់ទ្រាយ​ធំ​បាន​បណ្ដាល​ឲ្យ​មានការ​លាលែង​ពី​តំណែង​របស់លោក Suharto មេដឹកនាំ​យោធា​ដែល​បាន​គ្រប់គ្រង​ប្រទេស​ឥណ្ឌូណេស៊ី​អស់​រយៈពេល ៣ ទសវត្សរ៍​។​
 
​នៅពេល​ឥឡូវនេះ អ្នក​តវ៉ា​ខ្លះ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ថា​កំពុង​ឈានទៅរក​ភាព​ផ្ដាច់ការ​ដូច​សម័យ​ដឹកនាំ «​បែប​របៀបរបប​ថ្មី​» របស់លោក Suharto​។​
 
​កាលពីពេល​ថ្មីៗ​នេះ ក្រុមអ្នកតវ៉ា​បាន​បង្កើន​ការទាមទារ​នូវ​ចំណុច​មួយចំនួន​បន្ថែម​ទៀត​ដូចជា​ការបញ្ចប់​នូវ​អ្វីដែល​ពួកគេ​ហៅថា «​យោធានិយម​» ក្នុង​តំបន់ Papua ការបញ្ឈប់​ភ្លើង​ឆេះ​ព្រៃ​ដែល​បណ្ដាលមកពី​មនុស្ស ដែល​ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​បង្ក​ឲ្យ​មាន​ផ្សែង​ពុល​ខ្មួលខ្មាញ់​ទៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ការដោះលែង​អ្នកទោសនយោបាយ និង​ការកែទម្រង់​ក្នុងប្រទេស​ដ៏​ទូលំទូលាយ​ជាង​មុន​ផ្សេងទៀត​។​
 
​តាំងពី​ពេលដែល​លោក Suharto ធ្លាក់​ពី​តំណែង​មក ប្រទេស​ឥណ្ឌូណេស៊ី​បានធ្វើការ​កែទម្រង់​ជាច្រើន​។ អ្នក​សង្កេត​ស្ថានការណ៍​និយាយថា កំណែទម្រង់​ទាំងនោះ​ឥឡូវនេះ​កំពុង​រក​ការគំរាមកំហែង​ពី​ការបែកបាក់​នយោបាយ និង​ពី​ឥទ្ធិពល ក៏ដូចជា​ការឆ្លើយតប​ទាក់ទិន​នឹង​ការយក​សាសនា​ឥស្លាម​មក​ធ្វើ​នយោបាយ​។​
 
​លោក Aaron Connelly អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ IISS នៅក្នុង​ប្រទេស​សិង្ហ​បុរី និយាយ​ដូច្នេះ​ថា​៖ «​ជាការ​ពិតណាស់ នយោបាយ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​បាន​ងាក​ទៅរក​ទិសដៅ​មិន​សេរី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​»​។​
 
​លោក​បន្ថែម​ដូច្នេះ​ថា​៖ «​ករណីនេះ​គឺ​មួយផ្នែក​បណ្ដាលមកពី​ការណ៍​ដែល​អ្នកនយោបាយ​ប្រឆាំង​ប្រើប្រាស់​ចលនា​ឥស្លាម​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បី​បង្ក​ឲ្យ​សាធារណជន​មាន​ភាព​ទោមនស្ស​ជាមួយនឹង​លោក Widodo​។ ប៉ុន្តែ វា​ក៏​បណ្ដាលមកពី​វិធានការ​របស់លោក Widodo ផ្ទាល់ និង​អ្នក​ដែល​លោក​បាន​ចាត់តាំង​ផងដែរ​នៅក្នុង​ការបង្ក្រាប​លើ​អ្នកប្រឆាំង​»​។​
 
​អ្នកខ្លះ​យល់ឃើញថា លោក Widodo មាន​សម្ព័ន្ធភាព​ជាមួយ​នឹង​ឥស្សរជន​នយោបាយ​នានា​នៃ​សម័យ​របស់លោក Suharto​។ ការព្យាយាម​របស់លោក Widodo នៅក្នុង​ការធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ក៏​ទទួលបាន​ការគាំទ្រ​ពី​ក្រុម​អ្នក​កាន់សាសនា​ឥស្លាម​អភិរក្សនិយម​មួយចំនួន​ផងដែរ​។​
 
​អ្នកស្រី Asmarani ដែលជា​ស្ថាបនិក និង​ជា​និពន្ធ​នៃ​ទស្សនាវដ្ដី The Magdalene បញ្ជាក់ថា កម្លាំង​ទាំងពីរ​នេះ ដែល​នោះ​គឺ​មូលដ្ឋាន​អំណាច​ចាក់ឫស​ចាក់​គល់​ជា​យូរ​មកហើយ និង​កម្លាំង​នៃ​សាសនា​ឥស្លាម​បែប​នយោបាយ​ដែល​កំពុងតែ​ងើបឡើង​បន្តិច​ម្ដងៗ គឺជា​អ្វីដែល​បង្ក​ជាការ​គំរាមកំហែង​ខ្លាំងក្លា​។​
 
​អ្នកស្រី​បញ្ជាក់ថា «​កម្លាំង​ទាំងពីរ​នេះ​នឹងមាន​ឥទ្ធិពល​កាន់តែខ្លាំង​នៅពេលដែល​រួមបញ្ចូល​គ្នា​» ទាក់ទិន​នឹង​កិច្ចប្រឹងប្រែង​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នាពេល​បច្ចុប្បន្ននេះ​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com