អន្តរជាតិ
អាមេរិក ក្បត់​ក្រុម​ឃើ​ដ​ស៊ី​រី​?
08, Oct 2019 , 10:17 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបជាមួយមេដឹកនាំយោធាសំខាន់ៗនៅសេតវិមាន។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបជាមួយមេដឹកនាំយោធាសំខាន់ៗនៅសេតវិមាន។ រូបភាព AFP
​ការប្រកាស​ដកទ័ព​អាមេរិក​ចេញពី​តំបន់​ភាគ​ខាងជើង​ស៊ី​រី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្វើ​ក្រុម​សកម្មជន​ឃើ​ដ​ខកចិត្ត​យ៉ាងខ្លាំង ហើយ​រង​ការរិះគន់​ខ្លាំង​ទៀតផង​។ ការដក​ទ័ព​នេះ ធ្វើឡើង​ស្របពេល​ដែ​តួ​ក​គី​ត្រៀម​បើក​ប្រតិបត្តិការ​លុកលុយ​តំបន់​ភាគ​ខាងជើង​ស៊ី​រី​ដើម្បី​បោសសម្អាត​ការ​គំរាម​សន្តិសុខ​របស់ខ្លួន​។ ច្បាស់​ណាស់​ថា ក្រុម​ឃើ​ដ​ស៊ី​រី​ដែល​មកពី​អម្បូរ​តែមួយ​នឹង​ក្រុម​ឃើ​ដ​តួ​ក​គី ជា​គោលដៅ​របស់​យោធា​ក្រុង​អង់កា​រ៉ា​។ តើ​លោក ត្រាំ កំពុង​ក្បត់​ក្រុម​ឃើ​ដ​?



​សេត​វិមាន​អាមេរិក នៅ​ថ្ងៃទី​៦ ខែតុលា បានប្រកាស​ដក​កងទ័ព​ពិសេស​អាមេរិក​ប្រមាណ​៥០​ទៅ​១០០​នាក់​ពី​តំបន់​ភាគ​ខាងជើង​ស៊ី​រី​ដែល​ជាប់​ព្រំដែន​ជាមួយ​តួ​ក​គី​។ ការដក​ទ័ព​នេះ ត្រូវបាន​មើលឃើញថា ជាការ​ផ្ដល់​ភ្លើង​បៃតង​ឲ្យ​ទីក្រុង​អង់កា​រ៉ា​បើក​យុទ្ធនាការ​យោធា​ក្នុង​ទឹកដី​ស៊ី​រី​ដែល​កំពុង​គ្រប់គ្រង​ដោយ​ក្រុម​សកម្មជន​ឃើ​ដ​។ ប្រធានាធិបតី​តួ​ក​គី រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ប្រកាស​ពី​គម្រោង​វាយ​ក្រុម​ឃើ​ដ​នេះ​ជា​យូរ​មកហើយ​។​

​កន្លងទៅ យោធា​អាមេរិក​នៅ​ភាគ​ខាងជើង​ស៊ី​រី​នេះ បាន​ដើរតួនាទី​ទ្រនាប់​ខណ្ឌ​ចែក​រវាង​ក្រុម​ឃើ​ដ​ស៊ី​រី និង​តួ​ក​គី​ដែល​ត្រៀម​តែ​ហាមាត់​សង្គ្រប់​សកម្មជន​មួយក្រុម​នេះ​។ យោធា​អាមេរិក បានផ្ដល់​ការហ្វឹកហាត់ និង​ធ្វើជា​ទីប្រឹក្សា​ឲ្យ​ក្រុម​ឃើ​ដ​អំឡុងពេល​យុទ្ធនាការ​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​។ បើ​គ្មាន​ក្រុម​ឃើ​ដ​ទេនោះ ប្រតិបត្តិការ​កម្ចាត់​ក្រុម​ជ្រុលនិយម​នេះ ក៏​ទំនង​មិនអាច​ទទួលបាន​ជោគជ័យ​ដែរ​។ ប៉ុន្តែ​ភាពខ្លាំង​របស់​ក្រុម​ឃើ​ដ ធ្វើ​ឲ្យ​តួ​ក​គី​មិន​សប្បាយចិត្ត និង​ចាត់ទុកជា​ការគំរាមកំហែង​សន្តិសុខ​។​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ រង​ការរិះគន់​យ៉ាងខ្លាំង​ទាក់ទង​ការសម្រេចចិត្ត​បែបនេះ សូម្បីតែ​សម្ព័ន្ធមិត្ត​ក្នុងស្រុក​របស់លោក ក៏​មិន​ពេញចិត្ត​ដែរ ហើយ​គិតថា លោក​កំពុង​ក្បត់​ក្រុម​ឃើ​ដដែល​ជួយ​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ យ៉ាងណាមិញ លោក ត្រាំ ដែល​រង​ពាក្យរិះគន់​ខ្លាំង បាន​និយាយ​ការពារ​ចំណាត់ការ​នេះ​។ លោក​ហៅ​ការ​ដកទ័ព​ចេញពី​ទឹកដី​ស៊ី​រី​ភាគ​ខាងជើង​នេះ ជាការ​បញ្ចប់​វត្តមាន​អាមេរិក​ក្នុង​សង្គ្រាម​ដែល​គ្មាន​កោះ​ត្រើយ​។

​ក្រោយ​រង​ការរិះគន់​ខ្លាំងៗ លោក ត្រាំ បាន​ព្រមាន​តួ​ក​គី មិន​ឲ្យ​ធ្វើ​អ្វី​លើសលស់​ឡើយ​ក្នុង​យុទ្ធនាការ​របស់ខ្លួន​នៅ​ស៊ី​រី​។ នៅលើ​បណ្ដាញ​សង្គម Twitter របស់ខ្លួន​នៅ​ថ្ងៃទី​៧ ខែតុលា លោក ត្រាំ បញ្ជាក់ថា លោក​បាន​ប្រាប់​តួ​ក​គី​រួចហើយ នោះ​គឺ​បើ​ហ៊ាន​ធ្វើ​អ្វី​ទៅ​ហួស​ពី​មនុស្សធម៌ សេដ្ឋកិច្ច​តួ​ក​គី នឹងត្រូវ​បំផ្លាញ​ទាំងស្រុង​។ ប៉ុន្តែ​មេដឹកនាំ​អាមេរិក​រូបនេះ មិនបាន​បញ្ជាក់​ពី​លក្ខខណ្ឌ​អ្វី​ឡើយ តែ​ទំនង​ចង់​ប្រាប់​តួ​ក​គី​កុំ​ឲ្យ​ប៉ះ​ក្រុម​ឃើ​ដ​។​

​ពាក់ព័ន្ធ​គម្រោង​ប្រតិបត្តិការ​របស់​តួ​ក​គី​វិញ លោក អ៊ែរ​ដូ​ហ្កា​ន់ នឹង​ទៅ​ជួប​លោក ត្រាំ ដោយផ្ទាល់​ដើម្បី​ជជែក​ពី​ការបង្កើត​តំបន់​សុវត្ថិភាព​មួយ​ក្នុង​ទឹកដី​ស៊ី​រី មុននឹង​ឈានដល់​ការបញ្ជូន​ភៀសខ្លួន​ស៊ី​រី​ត្រឡប់​ទៅវិញ​។ ប៉ុន្តែ​ក្រុម​ឃើ​ដ​អះអាងថា ក្រុង​អង់កា​រ៉ា​ចង់​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់​ដោយ​បញ្ជូន​ជនភៀសខ្លួន​ស៊ូ​នី​ចូល​ទឹកដី​ស៊ី​រី​។ ម្យ៉ាងទៀត ការបង្កើត​តំបន់​សុវត្ថិភាព​នោះ ទំនងជា​លេស​ដើម្បី​កម្ចាត់​ក្រុម​ឃើ​ដ​ស៊ី​រី​តែប៉ុណ្ណោះ​៕

Tag:
 អាមេរិក​
  តួ​ក​គី​
  ឃើ​ដ​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com